MH370៖ ការរុករក​នឹង​បញ្ចប់​ជា​ថ្មី នៅ​ចុង​ខែ​ឧសភា​នេះ

ដំណើរស្វែងរកយន្ដហោះ ប៊ូអីង (Boeing 777) ដែលមានជើងហោះហើរ លេខ «MH370» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) នឹងត្រូវបិទបញ្ចប់ជាថ្មី នៅត្រឹមថ្ងៃទី២៩ ខែឧសភាខាងមុខ។
MH370៖ ការរុករក​នឹង​បញ្ចប់​ជា​ថ្មី នៅ​ចុង​ខែ​ឧសភា​នេះ
គំនូសបង្ហាញពីយុទ្ធនាការស្រាវជ្រាវ រុករកយន្ដហោះបាត់ខ្លួន ដែលធ្វើឡើងដោយក្រុមហ៊ុន «Ocean Infinity»។ (រូបថតក្រុមហ៊ុន)

បើតាមទំនងមើលទៅ... អាថ៌កំបាំងនៃការបាត់ខ្លួន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ របស់យន្ដហោះ ប៊ូអីង (Boeing 777) ដែលមានជើងហោះហើរ លេខ «MH370» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) អាចនឹងបន្តកើតមាន វែងឆ្ងាយទៅមុខទៀត។ ហើយក្ដីសង្ឃឹម នៃក្រុមគ្រួសារជនរងគ្រោះ ទាំង២៣៩នាក់ នឹងត្រូវរួញតូច ជាថ្មីទៀត។

ក្ដីសង្ឃឹមរួញតូច ព្រោះរដ្ឋមន្ត្រីគមនាគមថ្មី នៃប្រទេសម៉ាឡេស៊ី ទើបនឹងប្រកាសក្នុងថ្ងៃពុធនេះ ថា ការរុករុកជាថ្មី ធ្វើឡើងដោយក្រុមហ៊ុន «Ocean Infinity» នឹងត្រូវបិទបញ្ចប់ នៅចុងខែឧសភាខាងមុខ។

លោករដ្ឋមន្ត្រី «Anthony Loke» ដែលទើបចូលកាន់តំណែង កាលពីថ្ងៃទី៩ ខែឧសភា បានអះអាងទៅកាន់ក្រុមអ្នកយកព័ត៌មានថា បើតាមការព្រមព្រៀង ជាមួយក្រុមហ៊ុនខាងលើ ការរុករកយន្ដហោះបាត់ខ្លួន ជាលើកទីពីរនេះ ត្រូវបិទបញ្ចប់ តាំងពីចុងខែមេសាមកម្លេះ តែក្រុមហ៊ុន នៅតែបន្តធ្វើ មកក្នុងខែឧសភានេះទៀត។ លោកថា៖ «ការបន្តរុករក នឹងត្រូវធ្វើរហូត ដល់ថ្ងៃទី២៩ ខែឧសភា ដែលជាថ្ងៃចុងក្រោយ»។

» រាល់អត្ថបទ ដែលទាក់ទងនឹងការបាត់ខ្លួន របស់យន្ដហោះ «MH370»៖ ចុចលើទីនេះ

យន្ដហោះប៊ូអ៊ីង ដែល​​ភ្ជាប់​ជើង​ហោះហើរ ពី​រដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះ​ទៅ​កាន់រដ្ឋធានី ប៉េកាំង ប្រទេសចិន កាល​​ពី​ព្រឹក​ព្រហាមថ្ងៃទី៨ ខែមិនា​ ឆ្នាំ២០១៤ បានបាត់​ខ្លួនយ៉ាង​អាថ៌កំបាំង ជាមួយនឹងនឹងអ្នក​ដំណើរ និងបុគ្គលិកបម្រើការ ២៣៩​នាក់។ ការរុករក​លើកទីមួយ ដែលធ្វើឡើង ដោយអាជ្ញាធរច្រើនប្រទេស និងដែលដឹកនាំ ដោយប្រទេសអូស្ត្រាលី បានប្រកាសបញ្ចប់ តាំងពីចុងខែមករា ឆ្នាំទៅម៉ិញ។ ការរុករកលើកទីមួយ ដែលធ្វើឡើង ទៅលើផ្ទៃមហាសមុទ្រ​ឥណ្ឌា​ខាងត្បូង ប្រមាណជា ១២០ ០០០គីឡូម៉ែត្រការ៉េ មិនទទួលបានលទ្ធផលអ្វីឡើយ។

ដោយមានការទាមទារ និងការដាក់សំពាធ ពីសំណាក់ក្រុមគ្រួសារជនរងគ្រោះ រដ្ឋាភិបាលមុន របស់ប្រទេសម៉ាឡេស៊ី បានសម្រេចធ្វើការរុករក ជាលើកទីពីរ ដោយប្រគល់កិច្ចការនេះ ទៅឲ្យក្រុមហ៊ុនឯកជនមួយ ឈ្មោះ «Ocean Infinity» ដែលមានជំនាញ ខាងការស្រាវជ្រាវ​នៅបាតសមុទ្រ។ ក្រុមហ៊ុននេះ នឹងមិន​ទទួលបាន​ប្រាក់បំណាច់ទេ ប្រសិនជាតួយន្ដហោះ ឬប្រអប់ខ្មៅរបស់យន្ដហោះ មិនត្រូវបានរកឃើញ ជាមុនទេនោះ។ 

ការរុករកជាថ្មី ត្រូវបានធ្វើឡើង នៅលើផ្ទៃមហាសមុទ្រ ប្រមាណជា ២៥ ០០០គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងជើង នៃតំបន់រុករកលើកទីមួយ ដែលដឹកនាំធ្វើ ដោយប្រទេសអូស្ត្រាលី។ នាវាស្រាវជ្រាវ «Seabed Constructor» របស់ក្រុមហ៊ុន «Ocean Infinity» មានបំពាក់ដោយ មនុស្សយន្ដជ្រមុជទឹក ចំនួន៨គ្រឿង ដែលត្រូវបានដាក់អូស តាមពីក្រោយស្លាបឆ្វេងស្ដាំ នៃនាវា។ មនុស្សយន្ដទាំងនេះ មានសមត្ថភាពបាញ់ប្រព័ន្ធ រលកសម្លេង «Sonar» - មានបំពាក់ដោយកាម៉េរ៉ា​ចាប់រូបភាព និងអាចជ្រមុជចូលសមុទ្រ រហូតដល់ជម្រៅ ៦០០០ម៉ែត្រ។

រហូតមកដល់ថ្ងៃនេះ បំណែកចំនួនជាង២០ ត្រូវបានរកឃើញ អណ្ដែតទៅកាន់តំបន់ឆ្នេរមួយចំនួន នៃបណ្ដាប្រទេស ក្នុងទ្វីបអាហ្វ្រិកខាងកើត (មហាសមុទ្រឥណ្ឌាខាងលិច)។ បំណែកទាំងនោះភាគច្រើន ត្រូវបានវាយតម្លៃថា ពិតជាផ្នែកបាក់បែក របស់យន្ដហោះបាត់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...