ឃាតក​បាញ់​ទូត​រ៉ូស្ស៊ី ធ្លាប់​ជា​អង្គរក្ស​របស់​ប្រធានាធិបតី​ទួរគី

យុវជន ដែលជាឃាតក បាញ់សម្លាប់ឯកអគ្គរដ្ឋទូតរ៉ូស្ស៊ី នៅរដ្ឋធានី​អង់ការ៉ា កាល​ពីដើមសប្ដាហ៍មុន ធ្លាប់​ត្រូវ​បាន​បញ្ជូន ឲ្យ​ទទួល​ភារកិច្ច​ជាកង​ការពារ របស់ប្រធានាធិបតីទួរគី លោក «Recep Tayyip Erdogan» នៅ​ក្រោយ​​ការ​ធ្វើ​រដ្ឋប្រហារ​​មិន​បាន​សម្រេច​មួយ កាលពីខែកក្កដា។
ឃាតក​បាញ់​ទូត​រ៉ូស្ស៊ី ធ្លាប់​ជា​អង្គរក្ស​របស់​ប្រធានាធិបតី​ទួរគី
យុវជន «Recep Tayyip Erdogan» ដែលជាឃាតក បាញ់សម្លាប់ឯកអគ្គរដ្ឋទូតរ៉ូស្ស៊ី នៅរដ្ឋធានីអង់ការ៉ា កាល​ពី​ដើម​សប្ដាហ៍​មុន។ (រូបផ្តិតពីវីដេអូ)
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី២៤ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 26, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

ក្នុងតួនាទីជាសមាជិកមួយរូប នៃកងកម្លាំងប្រឆាំងភេរវកម្ម របស់ប្រទេសទួរគី យុវជនឈ្មោះ «Mevlüt Mert Altintas» ដែលបានបាញ់​សម្លាប់​ឯកអគ្គរដ្ឋទូតរ៉ូស្ស៊ី កាលពីថ្ងៃចន្ទសប្ដាហ៍មុន ធ្លាប់ត្រូវ​បាន​បញ្ជូន ឲ្យ​មក​ទទួល​ភារកិច្ច ជាអ្នកការពារប្រធានាធិបតីទួរគី លោក «Recep Tayyip Erdogan» ចំនួន​៨ដង។ នេះ​​បើ​​តាម​របាយ​ការណ៍​មួយ របស់សារព័ត៌មាន «Hürriyet» សរសេរដោយអ្នកសារព័ត៌មាន ឈ្មោះ «Abdulkadir Selvi។

ម្ចាស់អត្ថបទ លោក «Abdulkadir Selvi» ដែលជាអ្នកសារព័ត៌មាន មាននិន្នាការ​លំអៀង ទៅ​រដ្ឋាភិបាល​ទួរគី​សព្វថ្ងៃ បានសរសេរអះអាងថា៖ «យុវជន​រូប​នេះ ជាសមាជិកម្នាក់ នៃកងកម្លាំង​ថែរក្សា​សន្តិសុខ ជូន​ប្រធានា​ធិបតី ដែលស្ថិតនៅជួរទីពីរ បន្ទាប់ពីអង្គរក្សផ្ទាល់ របស់លោក»។

នៅក្រោយសកម្មភាព បាញ់សម្លាប់ឯកអគ្គរដ្ឋទូតរ៉ូស្ស៊ី លោក អង់ឌ្រៃ កាឡូវ (Andreï Karlov) រួច ភ្នាក់ងារ​នគរបាល វ័យ២២ឆ្នាំរូបនេះ បានស្រែក​ខ្លាំងៗ​ថា «Allah Akbar (ព្រះអាឡាហ៍ធំធេងណាស់)» និងថា ខ្លួន​ចង់​សង​សឹក​ឲ្យ​ប្រទេស​ស៊ីរី និងក្រុងអាឡិប មុននឹងត្រូវ​កងកម្លាំង​ប្រឆាំង​ភេរវកម្ម ដែល​ខ្លួនឯងធ្លាប់​​មាន​តួនាទី​​ដែរ​នោះ បាញ់​សម្លាប់​ភ្លាមៗ នៅនឹងកន្លែង។

ការស្រែកប្រកាសរបស់យុវជន មានលក្ខណៈផ្ទុយពីការលើកឡើង របស់រដ្ឋាភិបាលក្រុងអង់ការ៉ា ដែល​ចាត់​ទុក​រឿង​វ៉ាវ​ឃាតកម្ម​នេះ ថាបានកើតឡើង ក្រោម​ខ្សែញ៉ាក់ របស់បណ្ដាញក្រុមប្រឆាំងទួរគី ដឹកនាំ​ដោយ​លោក «Fethullah Gülen» ដែលសព្វថ្ងៃ កំពុងរស់នៅភៀសខ្លួន នៅសហរដ្ឋអាមេរិក។ ប៉ុន្តែលោក «Gülen» បាន​បដិសេធ ពីការចោទប្រកាន់នេះ និងបានលើក ពីភាពសោកសៅ​របស់លោក នៅ​ចំពោះ​ដំណឹង «ឃាតកម្ម» ទៅ​លើ​ឯក​អគ្គរដ្ឋទូត​រ៉ូស្ស៊ី។

យ៉ាងណា ក៏នៅពេលនេះ ការស៊ើបអង្កេតកំពុងធ្វើទៅ ពីសំណាក់ភ្នាក់ងារជំនាញ ចំនួន១៨នាក់ របស់​ប្រទេស​រ៉ូស្ស៊ី។ ប្រទេសទួរគីខ្លួនឯង ក៏បានយល់ព្រម ចូលរួមធ្វើការងារនេះ ជាមួយក្រុម​អ្នកស៊ើបអង្កេតរ៉ូស្ស៊ី​ទាំង​នោះ​ដែរ។ កាលពីថ្ងៃពុធកន្លងទៅ អាជ្ញាធរទួរគី បានឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ ដែល​ភាគ​ច្រើន​សុទ្ធ​សឹង ជា​សមាជិក​គ្រួសារ របស់យុវជន «Mevlüt Mert Altintas»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់