ឯក​​អគ្គរដ្ឋ​ទូត​រ៉ូស្ស៊ី​នៅ​ទួរគី ត្រូវ​នគរបាល​ម្នាក់​បាញ់​សម្លាប់

ក្រសួងការបរទេសរ៉ូស្ស៊ី បានបញ្ជាក់ជាផ្លូវការ នៅថ្ងៃចន្ទថា ឯកអគ្គរដ្ឋទូតរបស់ខ្លួន លោក អង់ឌ្រៃ កាឡូវ (Andreï Karlov) ប្រចាំនៅប្រទេសទួរគី ត្រូវបានបាញ់សម្លាប់ ដោយគ្រាប់កាំភ្លើង របស់ភ្នាក់ងារ​នគរបាល​ជាតិ​ទួរគីម្នាក់ កណ្ដាល​រដ្ឋធានី​អង់ការ៉ា។
ឯក​​អគ្គរដ្ឋ​ទូត​រ៉ូស្ស៊ី​នៅ​ទួរគី ត្រូវ​នគរបាល​ម្នាក់​បាញ់​សម្លាប់
ឯកអគ្គរដ្ឋទូតរ៉ូស្ស៊ី ដេកស្ដូកស្ដឹង ក្រោយពីរងការបាញ់ប្រហារ ខណៈខ្មាន់កាំភ្លើង បន្តឈរស្រែក ពីការសងសឹក​របស់​ខ្លួន ដើម្បី​ប្រទេសស៊ីរី និងក្រុងអាឡិប។ (រូបថតលើទ្វីសធើរ)
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី១៩ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 20, 2016
  • ប្រធានបទ: បាញ់ប្រហារ
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

ឯកអគ្គរដ្ឋទូតរ៉ូស្ស៊ី ប្រចាំនៅប្រទេសទួរគី ត្រូវបានបាញ់សម្លាប់ កាលពីរសៀលថ្ងៃចន្ទនេះ ដោយ​ភ្នាក់ងារ​នគរបាល​ជាតិទួរគីម្នាក់ កណ្ដាល​រដ្ឋធានីអង់ការ៉ា នៅខណៈពេល ដែល​មន្ត្រី​ការទូត​រ៉ូស្ស៊ីរូបនេះ កំពុងថ្លែង​សុន្ទរក​ថា ក្នុងពិធីតាំងពិពណ៌សិល្បៈមួយ។ ខ្មាន់កាំភ្លើងបានស្រែក នៅបន្ទាប់ពី​ធ្វើ​សកម្មភាព​នោះ​ថា ខ្លួន​ចង់​សង​សឹក ឲ្យមហាវិនាសកម្មទាំងឡាយ ដែលកើតនៅក្នុងប្រទេសស៊ីរី និងនៅក្រុងអាឡិប ដែលកំពុង​ត្រូវ​បាន​របប​ដឹកនាំ របស់ប្រទេស​ស៊ីរី​សព្វថ្ងៃ ដោយមាន​ការ​​គាំទ្រ​​​ពី​ប្រទេស​រ៉ូស្ស៊ី វាយដណ្ដើម​កាន់កាប់​មក​វិញ ជិត​បាន​ជា​ស្ថាពរ​ហើយ​នោះ។

លោកឯកអគ្គរដ្ឋទូត អង់ឌ្រៃ ការឡូវ (Andreï Karlov) ត្រូវបានបាញ់​សម្លាប់​ភ្លាមៗ ដោយគ្រាប់កាំភ្លើង​ជា​ច្រើន​គ្រាប់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាន​បញ្ជាក់​ឲ្យ​ដឹងថា មនុស្សបីនាក់ទៀត នៅក្នុងពិធីតាំងពិពណ៌នោះ ក៏​បាន​រង​របួស​ដែរ។

នៅក្នុងវីដេអូ ដែលបង្ហាញពីហេតុការណ៍នេះ ហើយដែលត្រូវបានយកមកបង្ហោះ នៅតាមបណ្ដាញសង្គមនោះ បានឲ្យឃើញ ពីជនខ្មាន់កាំភ្លើង​បាន​ស្រែក​ឡើង ជាភាសាអារ៉ាប់រដាក់រដុប និងបន្ទាប់ស្រែកជាភាសាទួរគី ដោយ​នៅ​ពី​មុខ​នោះ មានរាងកាយរបស់លោកឯកអគ្គរដ្ឋទូត កំពុង​ដេកដួល​ស្ដូក​ស្ដឹង នៅនឹង​កន្លែង។ បុរស​ម្នាក់​នោះ ដែលស្លៀកពាក់អាវធំ ចងក្រវ៉ាត់កយ៉ាងស្អាតបាត បានស្រែកថា «Allah Akbar» ជាភាសាអារ៉ាប់ ដែល​មាន​ន័យថា «ព្រះអាឡាហ៍ ធំជាងអ្វីទាំងអស់»។ ហើយបន្ទាប់មក ជនដដែលបានស្រែក ជាភាសាទួរគី ចំនួន​ពីរ​ដង​ថា៖ «កុំភ្លេចប្រទេសស៊ីរី! កុំភ្លេចក្រុងអាឡិប! នរណា​ក៏​ដោយ ដែលរួមចំណែក ក្នុងអំពើ​សហាវ​យង់​ឃ្នង​នេះ នឹង​ទទួល​​លទ្ធផល​ចុងក្រោយ​ ម្ដងមួយៗ។»។

» វីដេអូបង្ហាញពីហេតុការណ៍ (អាចប៉ះពាល់អារម្មណ៍)៖

អភិបាលរដ្ឋធានី អង់ការ៉ា​ បានបញ្ជាក់ថា ខ្មាន់កាំភ្លើងខាងលើ ជាភ្នាក់ងារនគរបាលជាតិទួរគី។ រីឯទីភ្នាក់ងារ​ព័ត៌មាន «Yeni Safak» ស្និតនឹង​រដ្ឋាភិបាល​ទួរគី បានរាយការណ៍ឲ្យដឹងថា ជនសង្ស័យខាងលើ​ជា​សមាជិក​មួយ​រូប នៃកងកម្លាំងប្រឆាំងឧក្រិដ្ឋកម្ម។ ការចូលទៅឆែកឆេរ នៅក្នុង​លំនៅដ្ឋាន​របស់​ជននេះ ក៏ត្រូវបាន​ធ្វើ​ភ្លាមៗ​ដែរ ខណៈការ​ស៊ើបអង្កេត កំពុងប្រព្រឹត្តិទៅ ទៅលើចំណុចសង្ស័យ ដែលអាជ្ញាធរគិតថា ជននេះមាន​ជាប់​ទាក់​ទង នឹងបណ្ដាញ​​ក្រុមប្រឆាំងនៅទួរគី។

ទីភ្នាក់ងារព័ត៌មាន «Anadolu» ដែលស្និតនឹងរដ្ឋាភិបាលទួរគីមួយទៀត បានប្រកាសថា ជនខ្មាន់កាំភ្លើង ដែល​បានដឹកនាំការបាញ់ប្រហារ ទៅលើលោក អង់ឌ្រៃ ការឡូវ ត្រូវបានបង្ក្រាប នៅក្នុងប្រតិបត្តិការ​​ភ្លាមៗនោះ។ ប៉ុន្តែ​ទីភ្នាក់ងារនេះ មិនបានបញ្ជាក់ឲ្យច្បាស់ថា តើជនខាងលើបានស្លាប់ ឬក៏គ្រាន់​តែរង​របួស​នោះ​ឡើយ។ រូបថត​មួយសន្លឹក ដែលត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្គម បានឲ្យឃើញថា ជននោះបានត្រូវគ្រាប់កាំភ្លើង ដេក​ស្ដូកស្ដឹង នៅ​លើ​កម្រាល​ឥដ្ឋ ដែលមើលទៅ ដូចជាគ្មានជីវិត។

ពីរដ្ឋធានីម៉ូស្គូ ប្រទេសរ៉ូស្ស៊ី អ្នកនាំពាក្យក្រសួងការបរទេស អ្នកស្រី «Maria Zakharova» បានបរិហាទង្វើនេះ ថាជាអំពើភេរវកម្ម មុននឹងបញ្ជាក់ថា លោក​ឯកអគ្គរដ្ឋទូតបានស្លាប់ ដោយសារមុខរបួស មានសភាព​ធ្ងន់ធ្ងរ​ពេក។ អ្នកស្រីអ្នកនាំពាក្យ បានថ្លែងឲ្យដឹងថា លោក អង់ឌ្រៃ ការឡូវ កើត​នៅឆ្នាំ១៩៥៤ ត្រូវបានតែងតាំង ឲ្យ​ក្លាយ​ជា​ឯកអគ្គរដ្ឋ​ទូតរ៉ូស្ស៊ី ប្រចាំនៅប្រទេសទួរគី ក្នុងខែកក្កដា ឆ្នាំ២០១៣។ អ្នកស្រីបានបន្តថា៖ «គ្រប់​ឃាតករ​ទាំង​អស់ នឹងត្រូវ​រងការពិន័យ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់