បើក​រថយន្ដ​ដឹក​ទំនិញ​បុក​ចូល​ផ្សា​រាត្រី នៅ​ប៊ែរឡាំង ស្លាប់​១២នាក់

មនុស្សយ៉ាងតិច ១២នាក់ បានស្លាប់ និងច្រើនជាង៤០នាក់ទៀត បានរងរបួស នៅក្នុងហេតុការណ៍ បើក​រថយន្ដ​ដឹក​ទំនិញ​មួយគ្រឿង បំបុក​ចូល​ទៅក្នុង​ហ្វូងមនុស្ស នៃផ្សារាត្រី​សម្រាប់​បុណ្យណូអែល​មួយកន្លែង នៅ​កណ្ដាល​រដ្ឋធានី​ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ នេះ បើតាមសេចក្ដីប្រកាស ចុងក្រោយ របស់នគរបាលរដ្ឋធានី ដែលទើប​នឹង​​អះអាង​​ឲ្យដឹង នៅ​មុននេះបន្តិច។
បើក​រថយន្ដ​ដឹក​ទំនិញ​បុក​ចូល​ផ្សា​រាត្រី នៅ​ប៊ែរឡាំង ស្លាប់​១២នាក់
ទិដ្ឋភាពនៅក្រោយពេលកើតហេតុ បង្ហាញពីរថយន្ដដឹកទំនិញ ត្រូវបានបើកបុកចូលក្នុងហ្វូងមនុស្ស នៃផ្សារាត្រី​នៅប៊ែរឡាំង។ (រូបថតលើទ្វីសធើរ)
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី១៩ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 20, 2016
  • ប្រធានបទ: ភេរវកម្មប៊ែរឡាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកនាំពាក្យរបស់នគរបាលរដ្ឋធានី ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា អ្នកបើកបររថយន្ដដឹកទំនិញ ត្រូវ​បាន​ចាប់ខ្លួនភ្លាមៗ នៅបន្ទាប់ពីរថយន្ដ​ដឹកទំនិញមួយគ្រឿងនេះ បានបើកបំបុកចូលក្នុងហ្វូងមនុស្ស នៃផ្សា​រាត្រី​មួយ​​កន្លែង សម្រាប់​បុណ្យណូអែល បង្កឲ្យមានមនុស្សស្លាប់ និងរបួសច្រើននាក់ ក្នុងយប់ថ្ងៃចន្ទទី១៩ ចូល​មក​ថ្ងៃ​អង្គារ​ទី២០ ខែធ្នូ ឆ្នាំ២០១៦។ នគរបាល​បាន​បន្ថែម​ថា មនុស្សម្នាក់ទៀត ត្រូវបានរកឃើញស្លាប់ នៅ​ក្បែរ​បុរស​ម្នាក់​មុន (ដែលត្រូវបានចាប់ខ្លួន) នៅក្នុង​រថយន្ដ​នោះ​ជា​មួយ​គ្នា។

យ៉ាងណាក៏ដោយ នគរបាលរដ្ឋធានីបានបញ្ជាក់នៅមុននេះ ថាការស៊ើបអង្កេតកំពុងប្រព្រឹត្តិទៅ ដើម្បី​ព្យាយាម​ស្វែង​យល់​ឲ្យច្បាស់ ថាតើបុរស​ដែលត្រូវ​បានឃាត់ខ្លួន ពិតជាអ្នកកាន់ចង្កូតរថយន្ដដឹកទំនិញ ដែលពាក់​ស្លាក​លេខ មកពីប្រទេសប៉ូឡូញ នោះមែន ឬយ៉ាងណា។ ប៉ុន្តែនៅពេល​ក្រោយមក ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់ បាន​បញ្ជាក់​ថា បុរសនោះ ទំនងពិតជាអ្នក​កាន់ចង្កូតរថយន្ដ។

បណ្ដាញផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ថា បុរសអ្នកកាន់ចង្កូត គឺជាជនអន្តោប្រវេសន៍មកពីប្រទេសស៊ីរី ដែលបានចូលមកក្នុងប្រទេសអាល្លឺម៉ង់ កាលពីខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ។ ព័ត៌មាននេះ នៅមិនទាន់ត្រូវបាន​អះអាង​ជាផ្លូវការ ដោយនគរបាលអាល្លឺម៉ង់នៅឡើយ។ នគរបាលបានសង្ស័យ​ដំបូងឡើយថា ថាទង្វើនេះ អាច​គ្រាន់​ជា​ឧប្បទេវ​ហេតុ មុននឹងដាក់ការសង្ស័យកាន់តែខ្លាំងឡើង ថាជាអំពើភេរវកម្ម។

ប្រភពជាច្រើន បាននិយាយថា រថយន្ដដឹកទំនិញខាងលើ ត្រូវដឹកដែកពី​ប្រទេសប៉ូឡូញ ចូលមកក្នុង​ប្រទេស​អាល្លឺម៉ង់ ប៉ុន្តែថាក្រុមហ៊ុន​នៅក្នុង​ប្រទេស​ប៉ូឡូញ បានបាត់ការទាក់ទង ជាមួយរថយន្ដរបស់ខ្លួននេះ តាំងពី​ល្ងាច​ថ្ងៃ​ចន្ទម្សិលម៉ិញ។

កន្លែងកើត​ហេតុនោះទៀតសោធ ជាទីលាន «Breitscheidplatz» ស្ថិតនៅភាគខាងលិច នៃរដ្ឋធានី និងនៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពីព្រះវិហារកាតូលិក «អនុស្សាវរីយ៍» ដែលរងការកំទេច សឹងតែទាំងអស់ទៅហើយ ក្នុងសង្គ្រាម​លោក​លើក​ទីពីរ។ អ្នកសង្កេតការណ៍ជាច្រើននាក់ បានអះអាងថា នៅទីនោះដែលសម្បូរ ទៅដោយ​មនុស្ស​ដើរ​កំសាន្ដ មិន​អាច​ផ្ដល់លទ្ធភាព ឲ្យរថយន្ដបើកចូលមក ដោយងាយៗនោះទេ កុំថាឡើយ ដល់ទៅរថយន្ដ​ដឹក​ទំនិញ​ធុន​ធ្ងន់​ដូច្នេះ។

ប្រទេសអាល្លឺម៉ង់កាន់ទុក្ខ...

អាជ្ញាធរបានស្នើសុំ ទៅបណ្ដាជន​អ្នករស់នៅក្នុងរដ្ឋធានី ឲ្យសំងំនៅក្នុងគេហដ្ឋាន​រៀងៗខ្លួន ប៉ុន្តែបានបញ្ជាក់ នៅពេលបន្តិចក្រោយមក ថាគ្មានអ្វី​ដែល​ធ្វើឲ្យ​ជឿថា នឹងអាចមាន​បញ្ហាផ្សេង បង្កអសន្តិសុខ ដល់ប្រជាជន​អាល្លឺម៉ង់​នោះ​ទេ។

អគ្គទេសាភិបាលអាល្លឺម៉ង់ អ្នកស្រី អង់ជឺឡា ម៊ែរគែល (Angela Merkel) ត្រូវបានជូនដំណឹង ពីហេតុការណ៍​នេះ ដោយក្រសួងមហាផ្ទៃ និង​ដោយ​អភិបាល​រដ្ឋធានី​ប៊ែរឡាំង។ លោក «Steffen Seibert» អ្នកនាំ​ពាក្យ​នៃ​ខុទ្ទកាល័យ​អ្នកស្រី ម៊ែរគែល បានលើកឡើង នៅលើទំព័រទ្វីសធើរ (Twitter) វាយតម្លៃ​ពី​ហេតុការណ៍​នេះ ថា​មាន​លក្ខណៈ​«រន្ធត់» មុននឹងថ្លែងបន្តថា៖ «យើងកំពុងកាន់ទុក្ខ ហើយយើងសង្ឃឹមថា អ្នករងរបួស​ជាច្រើន​នាក់ នឹង​អាច​ទទួល​បាន​ជំនួយ និង​ការយក​ចិត្តទុកដាក់»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...