ខៀវ កាញារីទ្ធ សុំ​យួន​កុម្មុយនីស​​ឲ្យ​បង្រៀន​មន្ត្រី​ខ្មែរ ខាង​ព័ត៌មាន

វាជារឿងចម្លែកមួយ ដែលប្រទេសប្រជាធិបតេយ្យ ដែលមានរបបសារព័ត៌មាន (ជិត)សេរី ដូចប្រទេសកម្ពុជា បែរ​ជា​ទៅ​សុំ​ឲ្យ​ប្រទេស​វៀតណាម​កុម្មុយនីស ដែលមានរបបសារព័ត៌មានបែបឯកបក្ស មកបង្រៀនខ្លួន ពី​វិស័យ​ព័ត៌មាន។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង ប្រទេស​វៀតណាម​ទទួល​ចំណាត់​ថ្នាក់ ខាងវិស័យសារព័ត៌មាននេះ «មហាអន់»​ជាង​ប្រទេស​កម្ពុជា​ទៅ​ទៀត។
ខៀវ កាញារីទ្ធ សុំ​យួន​កុម្មុយនីស​​ឲ្យ​បង្រៀន​មន្ត្រី​ខ្មែរ ខាង​ព័ត៌មាន
កណ្ដាល​ខាងមុខ ពីឆ្វេងទៅស្ដាំ៖ លោក ត្រឿង មិញទន់ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និងសារគមនាគមន៍វៀតណាម និង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានកម្ពុជា។ (រូបថត AKP)
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 23, 2016
  • ប្រធានបទ: វិស័យព័ត៌មាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាង​ចំណាត់ថ្នាក់ឆ្នាំ២០១៦ នៃសេរីភាព​ខាងវិស័យ​សារព័ត៌មាន ដែលទើបនឹងចេញផ្សាយ ដោយអង្គការ​អ្នក​យកព័ត៌មានគ្មានព្រំដែន (Reporters Without Borders - RSF) បានចាត់ប្រទេសកម្ពុជា ទៅក្នុង​ចំណាត់​ថ្នាក់​លេខ ១២៨ ខណៈប្រទេសវៀតណាម ទៅក្នុងចំណាត់ថ្នាក់លេខ ១៧៥ ពីក្នុងចំណោម​១៨០​ប្រទេស ក្នុង​ពិភពលោក។

ប៉ុន្តែចំណាត់ថ្នាក់នេះ មិនប្រាកដ​មាន​ន័យ​ទាំង​ស្រុង​ថា វិស័យសារព័ត៌មាន​នៅក្នុងប្រទេសកម្ពុជា មាន​ភាព​ប្រសើរ​ជាងប្រទេស​វៀតណាម​នោះទេ។ ភស្ដុតាង? ព្រោះរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសកម្ពុជា ទើប​ស្នើ​សុំ​ប្រទេសវៀតណាម ឲ្យបង្រៀនពីវិស័យនេះ ដល់មន្ត្រីក្រសួងព័ត៌មានខ្មែរ នៅក្នុងជំនួបមួយ ជាមួយ​សមភាគី​វៀតណាម កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។

ទៅរៀនពីយួន ព្រោះចំណាយតិច!

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានកម្ពុជា បានស្នើសុំដូច្នេះ ទៅលោក ត្រឿង មិញទន់ (Truong Minh Tuan) រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និងសារគមនាគមន៍វៀតណាម ក្នុងមូលហេតុ ដើម្បីត្រៀម​ផ្សព្វផ្សាយ​ព័ត៌មាន ឲ្យមានវិសាលភាព នៅក្នុងការបោះឆ្នោត ជ្រើសរើសឃុំប្រឹក្សាឃុំសង្កាត់ នៅ ឆ្នាំ២០១៧ និង​ការ​បោះ​ឆ្នោត​​ជ្រើសរើស​ថ្នាក់ជាតិ នៅឆ្នៃ២០១៨ខាងមុខនេះ។ បើទោះជាប្រទេសវៀតណាម មិនដែលធ្វើការ​បោះ​ឆ្នោត​ម្ដងសោះ នោះក៏ដោយ ក៏រដ្ឋមន្ត្រីកម្ពុជា មើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយ នៅប្រទេស​វៀតណាម​មាន​«ការ​រីកចំរើន​» គួរកត់សំគាល់ ហើយជាពិសេសទៅទៀតនោះ ដោយហេតុថា ការទៅរៀន​នៅ​ប្រទេស​វៀតណាម ចំណាយ​ប្រាក់​តិច ជាងបណ្តាប្រទេសផ្សេងៗ។

លោក កាញារីទ្ធ បានថ្លែងបន្តថា ប្រទេស​វៀត​ណាម​ នៅ​ជិត​ប្រទេស​កម្ពុជា ​ដូច​នេះ​មាន​ការ​ងាយស្រួល ក្នុង​ការ​បញ្ជូនមន្ត្រី ទៅសិក្សាជំនាញ​បន្ថែមទៀត។ លោក​ថា ​ការបញ្ជូន​ទៅសិក្សា​ជំនាញ​នេះ គឺ​ដើម្បី​ឲ្យ​មន្ត្រី​ជំនាន់​ថ្មី អាចបម្រើ​ការ​​ជំនួ​ស​​មន្ត្រីខ្មែរចាស់ៗ ​ដែល​ចូល​និវត្តន៍។

គ្មានសេរីភាព គ្មានការប្រកួតប្រជែង... គ្មានភាពជឿនលឿន!

ផ្ទុយពីការលើកឡើង​របស់រដ្ឋមន្ត្រីខ្មែរ ប្រទេសវៀតណាម នៅមានរបៀប​របបធ្វើព័ត៌មាន មិនជឿនលឿន និង​តែង​ស្នើសុំ (ឬជួល) គ្រូ (ឬអ្នកជំនាញ) ពីប្រទេសបារាំង ឲ្យទៅជួយបង្ហាត់បង្ហាញ។ រាល់ការផ្សាយបន្តផ្ទាល់ នៅ​ក្នុង​ប្រទេសវៀតណាម ត្រូវបានហាមឃាត់ ឬបើមិនដូច្នេះទេ ក៏ការផ្សាយនោះ ចាំបាច់ត្រូវស្ថិតក្រោម​ការ​យល់​​ព្រម និង​ឃ្លាំ​មើល​យ៉ាងដិតដល់ ពី​តំណាង​ម្នាក់ របស់រដ្ឋាភិបាលវៀតណាម។ នេះបើតាម​សេចក្ដី​ប្រកាស​នានា របស់​​ស្ថានទូត​​បារាំង ប្រចាំ​​​នៅ​​ប្រទេស​​វៀតណាម។

ប្រសិនជានិយាយពីសេរីភាព នៃវិស័យព័ត៌មាននោះ ត្រូវបានរបាយការណ៍ របស់អង្គការអ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ដែលសរសេរភ្ជាប់ មក​ជា​មួយ​នឹង​​ចំណាត់​ថ្នាក់​​ខាងលើ វាយតម្លៃថា សឹងតែគ្មានសេរីភាព ខាង​សារព័ត៌មាន​នេះ សោះតែម្ដង។ ​វិស័យ​ព័ត៌មាន​​របស់​ប្រទេស​​កុម្មុយនីស​មួយនេះ ត្រូវ​ស្ថិតនៅក្រោម​ការ​ត្រួត​ពិនិត្យ ​យ៉ាងតឹងតែង ពីសំណាក់​បក្សកុម្មុយនីស។ មានតែព័ត៌មាន​បែក​ធ្លាយ តាមបណ្ដាញអ៊ិនធើណែត តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដែលអាចចាត់ទុក ជាប្រភពព័ត៌មានឯករាជ្យ និង​អាច​ទទួល​យកបាន។ ប៉ុន្តែម្ចាស់​ប្រភព​ទាំង​នោះ តែង​រង​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ឬចាប់ដាក់ពន្ធនាគារ ជារឿយៗ​ពី​សំណាក់​អាជ្ញាធរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...