រ៉ូហ្ស៊េត ស្នើ​ ឈាង វុន ឲ្យ​ឈប់​«គម្រាម​កំហែង»​នាង

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ដែលបានជាប់ឆ្នោត ជាមេឃុំសង្កាត់អូចារ ក្រុងបាត់ដំបង បានប្រកាសនៅថ្ងៃនេះ សុំឲ្យបណ្ដាអ្នកមានអំណាច បញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការគម្រាមកំហែង ទៅលើហាងលក់នុំបញ្ចុករបស់នាង ដើម្បីអ្វីមួយដែលកញ្ញាអះអាងថា សុំទុកហាងលក់ដូរមួយនេះ គ្រាន់នឹងចិញ្ចឹម«ម្ដាយចាស់»។
រ៉ូហ្ស៊េត ស្នើ​ ឈាង វុន ឲ្យ​ឈប់​«គម្រាម​កំហែង»​នាង
ពីឆ្វេងទៅស្ដាំ៖ លោក វីល្លៀម ហេត ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា - កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់អូរចាថ្មី និងលោក ឈាង វុន តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 14, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្គ្រាមវោហាស័ព្ទ រវាងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែលបានជាប់ឆ្នោត ធ្វើជាចៅសង្កាត់មកពីគណបក្សសង្គ្រោះជាតិ និងក្រុមមន្ត្រីមក​ពីគណបក្ស​កាន់​អំណាច ជាពិសេសលោក ឈាង វុន តំណាងរាស្ត្រ​មកពីគណបក្សប្រជាជនកម្ពុជា នៅបន្តឆេះងំនៅឡើយ។ កាលពីប៉ុន្មានថ្ងៃមុន ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានផ្ញើរលិខិត ទៅកាន់គណៈកម្មាធិការ​សិទ្ធិមនុស្ស​ នៃអង្គការ​សហប្រជាជាតិ (អ.ស.ប) ដែល​មាន​មូលដ្ឋាន​ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដោយបញ្ជាក់នៅក្នុងលិខិត ហៅទង្វើជាបន្តបន្ទាប់នោះ ថាជាការ«ធ្វើ​ទុក្ខបុកម្នេញ និង​យាយី​ផ្នែក​នយោបាយ​» ទៅ​លើ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត។

នៅថ្ងៃនេះ ចៅសង្កាត់ក្រមុំ ដែលត្រូវបានច្បាប់ថ្មី ស្ដីពីគណបក្សនយោបាយ ដកយកតំណែងរបស់នាង ក្រោយការរំលាយគណបក្សសង្គ្រោះជាតិនោះ បានប្រកាសបន្ថែមថា ស្នើសុំឲ្យក្រុមមន្ត្រី ដែលមានអំណាចទាំងឡាយ បញ្ឈប់ការគម្រាមកំហែង មកលើកញ្ញា និងទៅលើហាងលក់នំបញ្ចុកថ្មីថ្មោងរបស់កញ្ញា។

រ៉ូហ្ស៊េត បានថ្លែងនៅមុននេះបន្តិច ឆ្លើយតបទៅនឹងសំនួរ របស់វិទ្យុអាស៊ីសេរីថា៖ «ខ្ញុំសូមទទូច ទៅអ្នកមានអំណាច អ្នកធំៗ សុំកុំមករំខាន ឬមកធ្វើទុក្ខបុកម្នេញ ដល់ហាងនាងខ្ញុំ ព្រោះខ្ញុំជាពលរដ្ឋសាមញ្ញធម្មតាហើយ។ នាងខ្ញុំបង្កើតមុខរបរនេះ គ្រាន់តែចង់ចិញ្ចឹមជីវិត ចិញ្ចឹមម្ដាយប៉ុណ្ណឹងឯង។ សុំតែប៉ុណ្ណឹង បានហើយ មិនប្ដឹងផ្ដល់អីទេ ពីព្រោះខ្ញុំយល់ ពីសង្គមនាពេលបច្ចុប្បន្ន។»។

កញ្ញា បន្តថា៖ «សូមឲ្យអ្នកនយោបាយ ឬអ្នកមានអំណាច កុំប្រើវោហាស័ព្ទ កុំប្រើអ្វីដែលគាត់មាន មកគម្រាមមកសំឡុត មកបំភិតបំភ័យ។ អញ្ចឹងធ្វើឲ្យ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ដែលរស់នៅក្នុងសង្គម មានការភ័យខ្លាច។»។

សង្គ្រាមវោហាស័ព្ទ បានផ្ទុះឡើងជាបន្តបន្ទាប់ រវាងលោក ឈាង វុន តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត រាប់ចាប់ពីយុវតីរូបស្រស់ រាងតូចច្រឡឹងរូបនេះ បានចូលកាន់តំណែង ជាចៅសង្កាត់អូចារ នៃក្រុងបាត់ដំបង ហើយប្រជាប្រិយភាពរបស់កញ្ញា ហាក់ផ្ទុះឡើងខ្លាំង។

តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺកាលពីពាក់​កណ្ដាល​ខែកន្លងទៅ លោក ឈាង វុន បានភ្ជាប់ហាងលក់ដូរ របស់កញ្ញា រ៉ូហ្ស៊េត ទៅនឹង«ឧទ្ទាម»។ តំណាងរាស្ត្រ​មណ្ឌលបាត់ដំបងរូបនេះ បានអះអាងថា លោកបានមើលឃើញមនុស្សមួយចំនួន ដែលគាំទ្រចលនាសង្គ្រោះជាតិ និងដែលលោកហៅថា ជា«ឧទ្ទាមជន»នោះ ចេញចូលញឹកញាប់ នៅក្នុងហាងរបស់កញ្ញា។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាមទាក់ទងលោក ឈាង វុន ពីប្រទេសបារាំង តែទូរស័ព្ទលោក ពុំមានការឆ្លើយតបទេ។

កាលពីចុងខែកន្លងទៅ ហាងលក់នំបញ្ចុករបស់កញ្ញា រ៉ូហ្សេត បានដាក់បម្រាមមួយ នៅខាងមុខហាងរបស់ខ្លួនថា «ហាងរ៉ូហ្ស៊េត រីករាយស្វាគមន៍ភ្ញៀវទាំងអស់ លើកលែងតែឧទ្ទាមជន»។ បម្រាមនេះ មិនបានធ្វើឲ្យលោក ឈាង វុន សប្បាយចិត្តទេ និងបានហៅការសរសេរនោះ ថាជាទង្វើ«ព្រហើន» និងជាទង្វើ«យកសំដីថ្នាក់ដឹកនាំ CPP មកព្រលាត់លេងសើចឌឺដង»។

យ៉ាងណា បម្រាមខាងលើត្រូវបានកញ្ញាចៅសង្កាត់ជាប់ឆ្នោត ដកចេញពីមុខហាងរបស់ខ្លួនហើយ បន្ទាប់ពីជំនួបរវាងរូបកញ្ញា និងអភិបាលក្រុងបាត់ដំបង កាលពីថ្ងៃទី៦ ខែកុម្ភនេះមក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...