ហ៊ុន សែន ដក​តំណែង​មន្ត្រី​រដ្ឋ ដើម្បី​យក​ចិត្ត​ឯកជន?

ពិបាកស្វែងយល់ណាស់។ រថយន្ដគិលានសង្គ្រោះ របស់វិទ្យុឯកជនមួយ ដែលត្រូវបានស្ថាប័ន​ជំនាញ​របស់​រដ្ឋ​ឃាត់ និង​​រឹប​អូស ខណៈ​ពេល​រថយន្ដ​នោះ កំពុងធ្វើអាជីវកម្មដឹកទំនិញ ទៅដាក់ឲ្យអតិថិជននោះ បែរជាត្រូវ​បាន​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បញ្ជា​ឲ្យប្រគល់ ត្រឡប់ទៅម្ចាស់ដើមវិញ។ មិនត្រឹមតែប៉ុណ្ណឹង លោក ហ៊ុន សែន ថែម​ទាំង​បញ្ជា​ឲ្យ​​ដក​​ប្រធាន​​មន្ទីរ​រដ្ឋ​មួយរូប ឲ្យខ្ទាតចេញពីតំណែងទៀតផង។
ហ៊ុន សែន ដក​តំណែង​មន្ត្រី​រដ្ឋ ដើម្បី​យក​ចិត្ត​ឯកជន?
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 13, 2016
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពិតហើយ សកម្មភាពមនុស្សធម៌ មិនមែនជាសកម្មភាពផ្ដាច់មុខ របស់នរណាម្នាក់ឡើយ។ ប៉ុន្តែការជួយ​សង្គ្រោះ​ផ្នែក​សុខភាព វាគួរតែជាតួនាទីរបស់មន្ត្រីជំនាញ និងអាចនិយាយបានថា ជាការទទួលខុសត្រូវ របស់​រដ្ឋ និង​​រដ្ឋាភិបាល។ តែសម្រាប់លោក ហ៊ុន សែន ទំនងជាមិនគិតដូច្នេះទេ។

រថយន្ដសង្គ្រោះមួយគ្រឿង របស់ស្ថានីយ៍វិទ្យុ ABC ស្ថិតក្រោមការគ្រប់គ្រង របស់លោកអាចារ្យ «A» ដែល​ត្រូវ​បាន​មន្ត្រីមន្ទីរសុខាភិបាលរាជធានី រឹបអូស ក្រោមមូលហេតុមួយចំនួននោះ ត្រូវបានលោក ហ៊ុន សែន បញ្ជា​នៅ​​ព្រឹក​ថ្ងៃទី១៣ ខែសីហានេះ ឲ្យសងទៅម្ចាស់ដើមវិញ។ បញ្ជាលោក ហ៊ុន សែន មិនបញ្ចប់ត្រឹមហ្នឹងទេ តែ​នាយក​រដ្ឋមន្ត្រី​កម្ពុជាបានបញ្ជា ឲ្យដកលោក សុខ សុគន្ធ ឲ្យចេញពីតំណែង ជាប្រធានមន្ទីរ​សុខាភិបាល​រាជធានី​​ភ្នំពេញ​​នោះ​​ទៀត។ នេះ បើតាមការសេចក្ដី​រាយការណ៍ របស់បណ្ដាញព័ត៌មានក្នុងស្រុក ជា​ពិសេស​សារព័ត៌មាន ដែលស្និតនឹងគណបក្សកាន់អំណាច។

សេចក្ដីរាយការណ៍នោះ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី បានទូរស័ព្ទដោយផ្ទាល់ ទៅកាន់ស្ថានីយវិទ្យុ ABC ហើយបានបញ្ជាក់ថា លោកនឹងដកប្រធាន​មន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ លោក សុខ សុគន្ធ ចេញ​ពី​តំណែង។ សេចក្ដីរាយការណ៍នោះ មិនបានអះអាងឲ្យដឹងថា តើការដកតំណែងនេះ មានមូលហេតុពីអ្វីទេ ដោយ​គ្រាន់​តែបញ្ជាក់ថា ជាការដកដេញ បន្ទាប់ពីប្រធានមន្ទីរសុខាភិបាលរូបនេះ រងនូវការរិះគន់ពីកម្សោយ ក្នុង​ការ​ផ្តល់​សេវា ជូនប្រជាពលរដ្ឋ និងក្រោយពេល​ដែលរូបលោក សុខ សុគន្ធ បានបញ្ជាឲ្យមន្រ្តីរបស់ខ្លួន រឹបអូស​យក​រថយន្តសង្រ្គោះ របស់វិទ្យុ ABC។

បន្ថែមពីលើនេះ លោក ហ៊ុន សែន បានសម្រេចប្រគល់រថយន្ដសង្គ្រោះ ចំនួនពីរគ្រឿងថែមទៀត ទៅឲ្យ​ស្ថានីយ៍​វិទ្យុឯកជន​ខាងលើ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ ជាបន្តទៅទៀត។

ជាការរំលឹកឡើងវិញ រឿងរ៉ាវបានកើតឡើង នៅថ្ងៃទី១១ ខែសីហា ម្សិលម្ងៃ វេលាម៉ោងប្រមាណជា ១០​និង​៣០នាទីព្រឹក។ រថយន្តគិលានសង្គ្រោះបន្ទាន់មួយគ្រឿង របស់ស្ថានីយ៍វិទ្យុ ABC «FM107.50» ត្រូវបាន​ក្រុម​ការងារលេខាធិការដ្ឋាន នៃគណៈកម្មការលុបបំបាត់​ឱសថក្លែងក្លាយ និងសេវាសុខាភិបាល​ឯកជន​ខុស​ច្បាប់ ចាប់ឃាត់និ​ងរឹបអូស ខណៈពេលដែលរថយន្ដនេះ ត្រូវបានគេរាយការណ៍មកថា កំពុងចរាចរណ៍ដឹក​ផលិត​ផល​ទឹក​ត្របែក ទៅចែកចាយឲ្យអាជីវករលក់បន្ត នៅចំណុចស្ពានអាកាស៥មករា (ស្តុបតិចណូ)។

លេខាធិការរដ្ឋាន នៃគណៈកម្មការលុបបំបាត់​ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជន​ខុស​ច្បាប់​ បាន​ពន្យល់​ករណីឃាត់រថយន្ត​គិលានសង្គ្រោះបន្ទាន់នេះ ថាបានធ្វើឡើង ដោយមូលហេតុ៖ (១) មិនបាន​ចុះបញ្ជី​រថយន្ត​គិលានសង្គ្រោះ និងសុំការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាល ដែលផ្ទុយពីសារាចរណែនាំ បទដ្ឋាន​ច្បាប់​សុខាភិបាល។ (២) រថយន្តពុំមានស្លាកលេខសម្គាល់ ខុសពីច្បាប់ចរាចរណ៍។ (៣) ពុំមានក្រុម​គ្រូពេទ្យ​ជំនាញបច្ចេកទេសសុខាភិបាល សម្រាប់សង្គ្រោះបន្ទាន់ និង ក្នុងរថយន្ត ពុំមានបំពាក់សម្ភារឧបករណ៍ បរិក្ខារ​ពេទ្យ និងឱសថសម្រាប់ធ្វើអន្តរាគមន៍ សង្គ្រោះបន្ទាន់ដល់អ្នកជំងឺ។ (៤) ប្រើប្រាស់ រថយន្ត​គិលាន​សង្គ្រោះ​បន្ទាន់​ដោយមាន បំពាក់ស៊ីរ៉ែន សម្រាប់ដឹកផលិតផលសុខភាព ដើម្បីលក់​ចែកចាយ​បន្ត​ដល់អតិថិជន។ (៥) ផ្សព្វ​ផ្សាយ​​ផលិតផលសុខភាព ដោយពុំបានចុះបញ្ជីការ ជាមួយក្រសួងសុខាភិបាល។

សម្រាប់វិទ្យុ «ABC» វិញ បានចាត់ទុកការឃាត់រថយន្ដ របស់ខ្លួនមួយនេះ ថាបណ្ដាលមកពីខ្លួនបានប៉ះពាល់ ទៅ​ដល់«ផលប្រយោជន៍» របស់ក្រុមរថយន្ដសង្គ្រោះផ្សេងទៀត ដែលវិទ្យុអះអាងថា បានជម្រិតយកប្រាក់ ពី​ជន​រងគ្រោះ ឬគ្រួសារសព ថាមានប្រមាណពី៣០០ ទៅ៤០០ដុល្លា ក្នុងពេលដឹកជញ្ជូនម្ដងៗ។

សំណេរមួយ នៅលើទំព័រហ្វេសប៊ុករបស់វិទ្យុនេះ បានឲ្យវាយបកទៅលេខាធិការដ្ឋានវិញថា៖ «មកបំពេញ​បែប​បទឲ្យត្រឹមត្រូវ (...) ហើយចាប់ដៃគ្នាធ្វើការ ដើម្បីបម្រើប្រជាជន តែនេះលោកចាប់យកទៅ ទាំងមិនមាន​ជូន​ដំណឹង​ផង? សូម្បីលិខិតព្រមានជូនដំណឹងមួយ ក៏គ្មាន។ ហ្នឹងគេហៅថាធ្វើបាប (ឬ)អត់ទេ? យើង​ប៉ះឆ្នាំង​បាយ​អ្នកខ្លះ មែន(ឬ)ទេ ដែលដឹកសាកសពមិនយកលុយ? ព្រោះ (វិទ្យុ) ABC ចេញមុខដឹកសាកសព​មិនយកលុយ ដែល​ធ្វើឲ្យអ្នកខ្លះបាត់៣០០ ទៅ៤០០ដុល្លារ? ដឹកស្ត្រីមានផ្ទៃពោះ ដែលត្រូវការរថយន្តពេទ្យបន្ទាន់ មិនមាន​ពេទ្យ​ទៅ​នោះ? គ្រាន់តែដឹកសម្ភារៈទំនិញរបស់ខ្លួនខ្លះ បើខុសក៏ប្រាប់គ្នាមក មិនមែនមនុស្ស​មិនស្គាល់គ្នា ឯណា​ទាន។»។

ការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋ បានរងការរិះគន់យ៉ាងខ្លាំងក្លា នៅក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែ​វា​មិន​មែនផ្ដោតសំខាន់ ទៅលើតែសេវាសុខភាព ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ តែប៉ុណ្ណោះទេ។ ផ្ទុយ​ទៅ​វិញ ការរិះគន់បានកើតមានជាទូទៅ ក្នុងព្រះរាជាណាចក្រទាំងមូល៖ គឺជាសេវាសុខភាព ដែលចង់មិនចង់ ត្រូវ​បាន​អ្នក​រិះគន់​ចង្អុលដោយចំៗ ថាស្ថិតក្រោមការទទួលខុសត្រូវរបស់រដ្ឋ និងរដ្ឋាភិបាលលោក ហ៊ុន សែន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...