ផ្ទុះ​អាវុធ​ពីរ​កន្លែង​ផ្ទួនៗ កណ្ដាល​​ក្រុង​​អូស្ដាំង រដ្ឋ​តិចសាស

យ៉ាងហោចមនុស្សម្នាក់ស្លាប់ និងបួននាក់ផ្សេងទៀតរងរបួស ដោយសារគ្រាប់កាំភ្លើង កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលម៉ិញ នៅ​កណ្ដាល​ក្រុង អូស្តាំង នៃរដ្ឋតិចសាស ភាគខាងត្បូងសហរដ្ឋ​អាមេរិក។ ជន​ខ្មាន់​កាំភ្លើង ដែលបង្ក​ការ​បាញ់​ប្រហារ​លើកទីមួយ បាន​រត់​គេច​ខ្លួន​ភ្លាមៗ នៅក្រោយពេលកើតហេតុ។ អាជ្ញាធរបានអំពាវនាវ ឲ្យមានការធ្វើសាក្សី ដើម្បីឈានទៅវែកមុខ រកចាប់​ខ្លួន​ជននេះ។ តែនៅព្រឹត្តិការណ៍​ផ្ទុះអាវុធ​មួយ​ទៀត ជន​ខ្មាន់​កាំភ្លើង​លើក​នេះ ត្រូវ​បាន​ពលរដ្ឋ​បង្ក្រាប ហើយ​បញ្ជូន​ខ្លួន​ឲ្យ​ទៅ​នគរបាល។
ផ្ទុះ​អាវុធ​ពីរ​កន្លែង​ផ្ទួនៗ កណ្ដាល​​ក្រុង​​អូស្ដាំង រដ្ឋ​តិចសាស
ទិដ្ឋភាពហ៊ុំព័ទ្ធ របស់កងកម្លាំងនគរបាល ទៅលើសង្កាត់ទាំងមូល បន្ទាប់ពីមានការបាញ់បោះរួច។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣១ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: August 01, 2016
  • ប្រធានបទ: បាញ់បោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការផ្ទុះអាវុធ បានចាប់ផ្ដើមនៅវេលាម៉ោង ២និង១៥នាទីទៀបភ្លឺ ម៉ោងក្នុងស្រុក នៃរដ្ឋតិចសាស (ត្រូវនឹងព្រឹក​ម៉ោង ៨ និង១៥នាទី ម៉ោងនៅបារាំង ឬរសៀល​ម៉ោង ១៣និង១៥នាទី ម៉ោងនៅកម្ពុជា) នៅក្នុងសង្កាត់មួយ ដែល​សម្បូរទៅដោយរង្គសាលស៊ីផឹក កណ្ដាលក្រុងអូស្តាំង (Austin) នៃរដ្ឋតិចសាស ភាគខាង​ត្បូង​សហរដ្ឋ​អាមេរិក។ ក្នុងពេលភ្លាមៗ នគរបាលក្រុង​បានប្រកាស​តាមទំព័រ​ទ្វីសធើរ (Twitter) របស់ខ្លួន ហាមពលរដ្ឋ​មិន​ឲ្យ​មកជិត​កន្លែង​កើតហេតុ ខណៈ«ជនខ្មាន់កាំភ្លើង កំពុងធ្វើសកម្មភាព និងកំពុងបង្ក ឲ្យមានជន​រងគ្រោះ​ច្រើន​នាក់»។

ស្ត្រីវ័យជាង២០ឆ្នាំម្នាក់ បានស្លាប់នៅនឹងកន្លែង តាំងពីពេលផ្ទុះអាវុធដំបូង។ ស្ត្រីបីនាក់ទៀតបានរងរបួស និង​ត្រូវ​បានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ផ្ទុយទៅវិញ ជនរងគ្រោះទី៥ ជាបុរស ដែលរងរបួសដែរនោះ បានបដិសេធ មិនទទួលយកការជួយសង្គ្រោះអ្វីទេ។ នេះបើតាមការអះអាង របស់ក្រុមអ្នកជួយសង្គ្រោះ ដែលបានទៅដល់​ទី​កើត​ហេតុ នៅពេល​ក្រោយបន្តិចមក។

នៅ៧នាទី ក្រោយការផ្ទុះអាវុធលើកទីមួយ ការផ្ទុះអាវុធលើកទីពីរ នៅក្នុងចំណតរថយន្ដមួយ បានកើតឡើង​ជាថ្មី។ ការផ្ទុះអាវុធលើកនេះ បង្កឡើង​ដោយ​ជនខ្មាន់​កាំភ្លើង​ម្នាក់​​ផ្សេងទៀត។

នៅក្នុងសន្និសីទកាសែត ដែលធ្វើឡើងតាមបណ្ដាញសង្គម នាយនគរបាលក្រុង បានថ្លែងឲ្យដឹងថា អាជ្ញាធរ​នៅ​មិនទាន់កំណត់អត្តសញ្ញាណ របស់ជនប្រដាប់អាវុធទីមួយ បាននៅឡើយ តែបានអះអាងថា ជននេះ​ទំនង​មាន​អាយុជាង២០ឆ្នាំ និងបានរត់គេចខ្លួន នៅក្រោយពេលកើតហតុ។ នគរបាលបានស្រង់សម្ដីសាក្សី មក​អះអាង​ថា ជនខ្មាន់កាំភ្លើងទីមួយនេះ បានឈរជំទែង ហើយបានបាញ់ស្រោច ទៅលើអ្នកដំណើរទាំងឡាយ នៅតាម​ដងផ្លូវ។

ចំពោះការផ្ទុះអាវុធជាលើកទីពីរ សាក្សីបានអះអាងប្រាប់នគរបាលថា ជនខ្មាន់កាំភ្លើងម្នាក់ទៀតនោះ បាន​ឈរ​ជំទែង ដកកាំភ្លើងបាញ់ដូចគ្នា តែត្រូវបានមនុស្សនៅជុំវិញ បង្ក្រាបទាន់ពេល និងបញ្ជូនទៅឲ្យនគរបាល។ ជន​នេះ​បាន​រងរបួស ហើយកំពុងព្យាបាលខ្លួន នៅឯមន្ទីរពេទ្យ។ នគរបាលកំពុងធ្វើការស៊ើបង្កេត ដើម្បីឲ្យដឹងថា តើ​ជន​ខ្មាន់់​កាំភ្លើង​ទាំងពីរ មានជាប់ទាក់ទងគ្នា ហើយស្គាល់ពីទិសដៅដូចគ្នា ឬយ៉ាងណា។

នគរបាលសហរដ្ឋអាមេរិក ត្រូវបានដាក់ស្ថិតក្នុងសភាពត្រៀមជើងការ បន្ទាប់ពីជនប្រដាប់អាវុធស្បែកខ្មៅម្នាក់ បានបាញ់សម្លាប់ភ្នាក់ងារនគរបាលប្រាំនាក់ ដែលកំពុងបំពេញភារកិច្ច ការពារក្រុមបាតុករ ដែលធ្វើបាតុកម្ម​កាល​ពីថ្ងៃ​ទី៧ ខែកក្កដាកន្លងមក។ បាតុកម្មនាពេលនោះ ត្រូវបានរៀបចំធ្វើឡើង ដើម្បីសម្ដែងការ​ប្រឆាំង​នឹង​ភាព​ឃោរឃៅ របស់កម្លាំងនគរបាល ដែលបានប្រើតួនាទីរបស់ខ្លួន បាញ់សម្លាប់ជនអាមេរិកស្បែកខ្មៅ​ជាបន្ត​បន្ទាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...