Champions League៖ ការ៉ែត ប៊ែល ដណ្ដើមជើងឯក​ជា​ប្រវត្តិសាស្ត្រ​ឲ្យ​ក្រុម រៀល

ក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) បានប្រកួតឈ្នះ (៣-១) លើក្រុម លីវើភូល (Liverpool - អង់គ្លេស) ដើម្បីកាន់ពាន «Champions League» ជាជើងឯកអ៊ឺរ៉ុបលើកទី១៣ និងបីរដូវកាលជាប់ៗគ្នា ដែលជាលើកដំបូង ​នៅក្នុងប្រវត្តិបាល់ទាត់អ៊ឺរ៉ុប។
Champions League៖ ការ៉ែត ប៊ែល ដណ្ដើមជើងឯក​ជា​ប្រវត្តិសាស្ត្រ​ឲ្យ​ក្រុម រៀល
ក្រុម រៀលម៉ាឌ្រីត លើកពាន «Champions League» ជាលើកទី១៣ និងបីរដូវកាលជាប់ៗគ្នា បន្ទាប់ពីបានប្រកួតឈ្នះក្រុម លីវើភូល ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងកីឡដ្ឋានរដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន។ (រូបថតលើទ្វីសធើរ)
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២៦ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 27, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រាប់បាល់ទាំងបីគ្រាប់ របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) រកបានដំបូងដោយកីឡាករ ការីម បេនហ្សេម៉ា (Karim Benzema) នៅនាទីទី ៥១ និងពីរគ្រាប់ទៀត រកបានដោយកីឡាករ ការ៉េត ប៊ែល (Gareth Bale) នៅនាទីទី ៦៤ និងនាទីទី ៨៣។ រីឯគ្រាប់បាល់មួយគ្រាប់ របស់ក្រុម លីវើភូល (Liverpool - អង់គ្លេស) វិញ រកបានដោយកីឡាករ សាឌីយ៉ូ ម៉ាណេ (Sadio Mané) នៅនាទីទី៥៥ ពោលគឺប៉ុន្មាននាទី ក្រោយគ្រាប់បាល់ដំបូង របស់ក្រុម រៀល។

» កីឡាករ រ៉ូណាល់ដូ លើកពានមកបង្ហាញ បើទោះជាខ្លួនរកមិនបានគ្រាប់បាល់ ក្នុងការប្រកួតលើកនេះក៏ដោយ៖

ខាងក្រោមនេះ ជាចំណុចពិសេស​ទាំងបី ដែលធ្វើឲ្យក្រុម លីវើភូល បានប្រកួតចាញ់ក្រុម រៀល នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ដណ្ដើមជើងឯកអ៊ឺរ៉ុប ក្របខណ្ឌ «Champions League» សម្រាប់រដូវកាល ឆ្នាំ២០១៧-២០១៨ យប់ថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងរដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន៖

១) បន្ទាប់ពីបានគ្របសាច់បាល់ ទៅលើក្រុម រៀលម៉ាឌ្រីត អស់រយៈពេលជាច្រើននាទីមក នៅនាទីទី២៥ កំពូលខ្សែប្រយុទ្ធ របស់ក្រុម ហង្សក្រហម កីឡាករ មហាមេដ សាឡាហ៍ (Mohamad Salah) បានរងរបួសនៅត្រង់ស្មារ បន្ទាប់ពីត្រូវបាន «ចាប់បោក» ឲ្យដួលនៅលើដី ដោយខ្សែការពារ របស់ក្រុម រៀល កីឡាករ ស៊ែរជោ រ៉ាម៉ូស (Sergio Ramos) នៅនាទីទី២៥។ អាជ្ញាកណ្ដាល មិនបានផ្លុំកញ្ចែរពិន័យកីឡាករ រ៉ាម៉ូស នោះទេ។

កីឡាករខ្សែប្រយុទ្ធជាតិអេហ្សីពរូបនេះ បានព្យាយាមងើប មកបន្តការប្រកួតវិញដែរ តែរបួសស្មារដ៏ធ្ងន់ធ្ងរ មិនអនុញ្ញាតឲ្យកីឡាករ នៅលើទីលានប្រកួតទៀតបាន។ កីឡាករ សាឡាហ៍ ត្រូវបានជំនួសដោយកីឡាករ អាដាម ឡាឡាណា (Adam Lallana) នៅនាទីទី ៣១។

២) កំហុសធ្ងន់ធ្ងរ​ដល់ទៅពីរដង របស់កីឡាករចាំទី កីឡាករ ឡូរីស ការីយ៉ូស (Loris Karius) របស់ក្រុម លីវើភូល ដែលធ្វើឲ្យក្រុម រៀល រកគ្រាប់បាល់ ទី១ (ដោយកីឡាករ ប៊ែនហ្សេម៉ា) និងគ្រាប់បាល់ទី ៣ (ដោយកីឡាករ ការ៉េត ប៊ែល) បានយ៉ាងងាយ។ ខណៈគ្រាប់បាល់ទីពីរ ជាគ្រាប់បាល់ដ៏អស្ចារ្យ របស់កីឡាករ ការ៉េត ប៊ែល ដែលទាត់ត្រឡប់ក្រោយ និងដែលធ្វើឲ្យកីឡាករចាំទីណាក៏ដោយ ពិបាកលោតទៅចាប់។

៣) ការចូលប្រកួត របស់កីឡាករ ការ៉េត ប៊ែល នៅនាទីទី ៦១ ជំនួសកីឡាករ អ៊ីស្កូ (Isco) បានធ្វើឲ្យសាច់បាល់ របស់ក្រុម រៀល ផ្លាស់ប្ដូរ និងគ្របយ៉ាងខ្លាំងពីលើក្រុម លីវើភូល ដែលហាក់ចុះថយកម្លាំង តាំងពីការចាកចេញ របស់កីឡាករ សាឡាហ៍។ បន្ទាប់ពីចូលមកទាត់បានបីនាទី គឺកីឡាករ ការ៉េត ប៊ែល នេះហើយ ដែលរកគ្រាប់បាល់ទីពីរ ឲ្យក្រុម រៀល នៅនាទីទី៦៤​ ដោយការទាត់ត្រឡប់ក្រោយ និងមួយគ្រាប់ទៀត នៅនាទីទី៨៣ ដោយទាត់បញ្ចូលទី ពីចំងាយ។

ជ័យជំនះរបស់ក្រុម រៀល ក្នុងរដូវកាលនេះ ធ្វើឲ្យក្រុមបាល់ទាត់ របស់ប្រទេសអេស្ប៉ាញមួយនេះ ឈ្នះជាជើងឯកអ៊ឺរ៉ុបលើកទី១៣ នៅក្នុងប្រវត្តិរបស់ក្រុម និងឈ្នះជាជើងឯក បីរដូវកាលជាប់គ្នា ដែលជាលើកដំបូង នៅក្នុងប្រវត្តិបាល់ទាត់អ៊ឺរ៉ុប៕

» សង្ខេបការប្រកួតជាវីដេអូ រវាងការប្រកួតរវាងក្រុម រៀល និងក្រុម លីវើភូល៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...