ទណ្ឌកម្ម​លើ ហ៊ីង ប៊ុនហៀង ដូច​បញ្ជាក់​ថា​អង្គរក្ស ហ៊ុន សែន ពិត​ជា​បាន​គប់​គ្រាប់​បែក​នៅ​មុខ​រដ្ឋសភាចាស់

ការដាក់មនុស្សជំនិត របស់លោក ហ៊ុន សែន រូបនេះ ចូលទៅក្នុងបញ្ជីខ្មៅ នៃការបង្កកទ្រព្យ និងហាមឃាត់ មិនឲ្យជាន់ដីអាមេរិកនោះ ដូចជាបានបញ្ជាក់ជាផ្លូវការ ថាលោក ហ៊ីង ប៊ុនហៀង និងក្រុមអង្គរក្សរបស់លោក ហ៊ុន សែន ពិតជាជនដៃដល់ នៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក នៅមុខអាគាររដ្ឋសភាចាស់ ខែមីនា ឆ្នាំ១៩៩៧ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសច្រើននាក់។
ទណ្ឌកម្ម​លើ ហ៊ីង ប៊ុនហៀង ដូច​បញ្ជាក់​ថា​អង្គរក្ស ហ៊ុន សែន ពិត​ជា​បាន​គប់​គ្រាប់​បែក​នៅ​មុខ​រដ្ឋសភាចាស់
លោក សម រង្ស៊ី ដែលជាជនរងគ្រោះម្នាក់ នៅក្នុងការគប់គ្រាប់បែកដៃ នៅមុខរដ្ឋសភាចាស់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ (រូបថត ឯកសារ)
Loading...
  • ដោយ: ការិយាល័យ មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 15, 2018
  • ប្រធានបទ: របាយការណ៍លំអិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងដែលរសើប មិនស្ថិតនៅត្រឹមតែទណ្ឌកម្ម ដាក់ប្រឆាំងលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ តែគេត្រូវសម្លឹងមើល ពីមូលហេតុដ៏សំខាន់មួយ ដែលឈាន​ទៅដាក់​មេបញ្ជាការ​យោធា​ខ្មែរ ចូលក្នុងបញ្ជីខ្មៅ​របស់សហរដ្ឋអាមេរិក៖ នោះគឺលោក ហ៊ីង ប៊ុនហៀង និងក្រុមអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានសហរដ្ឋអាមេរិករកឃើញថា គឺជាជនដៃដល់ នៃការគប់គ្រាប់បែក ប្រឆាំងក្រុមបាតុករអហិង្សា នៅខាងមុខវិមានរដ្ឋសភាចាស់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលបណ្ដាល​ឲ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់ (ក្នុងនោះ មានពលរដ្ឋអាមេរិកាំងម្នាក់)។

«អំពើភេរវកម្មថ្នាក់រដ្ឋ»

ទង្វើនេះ ធ្លាប់ត្រូវបានលោក សម រង្ស៊ី ជនរងគ្រោះម្នាក់ នៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកនោះ ចាត់ទុក ជា«អំពើភេរវកម្មថ្នាក់រដ្ឋ» ហើយមេក្លោងអ្នកបញ្ជាពីក្រោយ មិនមាននរណាផ្សេង ក្រៅពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីរាប់ទសវត្សន៍​ នៅកម្ពុជានោះឡើយ។

ការចោទប្រកាន់ របស់មេដឹកនាំប្រឆាំង ដែលកាលពីមុន បានរងការវាយបកវិញ ថាជាការចោទប្រកាន់ខ្យល់នោះ បាននិងកំពុងបង្ហាញ ពី«ពន្លឺនៃការពិត»​បន្តិចម្ដងៗ។ នេះ បើគេវិលត្រឡប់ ទៅតាមដានសាច់រឿងឡើងវិញ ជាមួយនឹងការអះអាង របស់សាក្សីជាច្រើននាក់ រួមនឹងសំដីរបស់លោក ហ៊ីង ប៊ុនហៀង ខ្លួនឯងផង ដែលបានឆ្លើយដោះខ្លួន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ថាលោកធ្វើតាមតែបញ្ជា របស់លោក ហ៊ុន សែន ប៉ុណ្ណោះ។

ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានឲ្យដឹង នៅលើបណ្ដាញសង្គមទ្វីសធើរ កាលពីមុននេះបន្តិចថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់ ដែលរដ្ឋបាលអាមេរិក បានផ្តល់យុត្តិធម៌ ដល់ដាក់ទណ្ឌកម្ម នៅសប្តាហ៍នេះ ទៅលើឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាមួយនឹងការ​ចង្អុលបង្ហាញ ពីការជាប់ពាក់ព័ន្ធរបស់គាត់ នៅក្នុងការវាយប្រហារ គ្រាប់បែកសម្លាប់មនុស្ស ក្នុងឆ្នាំ ១៩៩៧ នៅរាជធានីភ្នំពេញ រួមជាមួយអំពើហិង្សា ជាបន្តបន្ទាប់»។

មេដឹកនាំប្រឆាំង បានបន្តថា៖ «ការទទួលស្គាល់ជាផ្លូវការ នូវការទទួលខុសត្រូវ របស់លោក ហ៊ីង ប៊ុនហៀង នៅក្នុងឧក្រិដ្ឋកម្មដ៏សាហាវនេះ ទំនងជាមានផលប៉ះពាល់​យ៉ាងជ្រាលជ្រៅ ដោយចាប់ផ្តើម ពីការបញ្ជាក់ នូវតួនាទីដ៏ច្បាស់លាស់ របស់លោក ហ៊ុន សែន ដែលជាមនុស្សតែម្នាក់គត់ ក្នុងការបញ្ជា។ នៅពេលការដាក់ទណ្ឌកម្ម ត្រូវបានប្រកាស ដាក់ទៅលើរូបគាត់រួច លោក ហ៊ីង ប៊ុនហៀង បានព្យាយាមកាត់បន្ថយ ការទទួលខុសត្រូវ របស់គាត់ថា "ខ្ញុំមិនដែលធ្វើអ្វី តាមចិត្តខ្ញុំទេ ខ្ញុំគ្រាន់តែធ្វើ តាមការបញ្ជាប៉ុណ្ណោះ"។ គាត់ចាប់ផ្តើមចង្អុល ទៅលោក ហ៊ុន សែន។»។

ការបញ្ជាក់ របស់អនុរដ្ឋលេខាធិការអាមេរិក...

ការដាក់ទណ្ឌកម្ម ប្រឆាំងលោក ហ៊ីង ប៊ុនហៀង ត្រូវបានប្រកាសឲ្យដឹង ដោយសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងរតនាគារជាតិអាមេរិក ដែលចេញផ្សាយ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។ សេចក្ដីប្រកាសនោះ បានសង្កត់ធ្ងន់ថា មេបញ្ជាការផ្កាយ៤រូបនេះ រួមនឹងកងអង្គរក្ស​របស់លោក ហ៊ុន សែន បានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការ​បង្រ្កាប​ លើ​​ក្រុម​​អ្នក​តវ៉ា និង​សកម្មជន​​បក្ស​ប្រឆាំង ដូចជា​ការ​​បោក​គ្រាប់​​បែក​​ លើ​អ្នក​តវ៉ា​អហិង្សា កាល​ពី​ឆ្នាំ​១៩៩៧ ដែល​​ធ្វើ​​ឲ្យ​​ស្លាប់​ និង​របួស​​មនុស្ស​ជា​ច្រើន​នាក់ រួមទាំង​​របួស​​ពលរដ្ឋ​​អាមេរិក​​​មួយ​រូប​​។

សេចក្ដីប្រកាសព័ត៌មានដដែល ថែមទាំងស្រង់សំដីរបស់អ្នកស្រី «Sigal Mandelker» អនុរដ្ឋលេខាធិការ នៃក្រសួងរតនាគារជាតិអាមេរិក មកបញ្ជាក់ថែមទៀត ជុំវិញករណីនេះផង។ សូមចូលទៅអាន សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរតនាគារ​ជាតិអាមេរិក នៅត្រង់នេះ

» អត្ថបទដែលទាក់ទង៖ ហ៊ីង ប៊ុនហៀង ត្រូវ​អាមេរិក​ដាក់​ចូល​បញ្ជីខ្មៅ​ ដែល​​ត្រូវ​​បង្កក​​ទ្រព្យ​មុន​​គេ

ការបង្ករបួសស្នាម ទៅលើពលរដ្ឋអាមេរិក នៅពេលនោះ បានតម្រូវឲ្យអាជ្ញាធរអាមេរិក ចាំបាច់ត្រូវបញ្ជូន​ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ ហៅកាត់ថា «FBI» មកកាន់កម្ពុជា។ ក្រុមភ្នាក់ងារទាំងនោះ មិនបានស្នាក់នៅ ក្នុងប្រទេសកម្ពុជាយូរថ្ងៃទេ ដោយស្ថានទូតអាមេរិកបានប្រាប់ពួកគេ ឲ្យចាកចេញពីកម្ពុជា ជាបន្ទាន់វិញ ក្រោមហេតុផលសុវត្ថិភាព។ ប៉ុន្តែមិនបានស្នាកនៅកម្ពុជាយូរថ្ងៃ មិនមានសេចក្ដីថា ការស៊ើបអង្កេត មិនអាចធ្វើបាននោះឡើយ។

«ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ»

របាយការណ៍ «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ - ពីរទសវត្សរ៍នៃនិទណ្ឌភាព ក្នុងប្រទេសកម្ពុជារបស់ ហ៊ុន សែន» របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights Watch»​ ដែលចេញផ្សាយ នៅចុងឆ្នាំ២០១២ ធ្លាប់បានអះអាងថា អង្គការសហ​​ប្រជាជាតិ និង​ការិយាល័យ «FBI» នៃសហរដ្ឋអាមេរិក បានចោទអំពីការ​ជាប់​ពាក់ព័ន្ធ របស់អង្គភាព​កងអង្គរក្ស​ របស់លោក ហ៊ុន សែន ក្នុងការវាយប្រហារនេះ និងបានរកឃើញថា លោក ហ៊ីង ប៊ុនហៀង ជាអ្នក​ដឹកនាំ​ប្រតិបត្តិការនេះ។ ប៉ុន្តែ អង្គការសហប្រជាជាតិ និងការិយាល័យ «FBI» មិនបានអះអាងជាផ្លូវការ ពីការចោទប្រកាន់នេះទេ។

គួរកត់សម្គាល់ថា ចំណងជើងរបស់របាយការណ៍ ដែលមានសេចក្ដីថា «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ» នេះ គឺជាការដកស្រង់សំដី ​របស់លោក ហ៊ីង ប៊ុនហៀង ផ្ទាល់ ​ដែលបានឆ្លើយតប ទៅ​នឹង​សំណួរមួយរបស់អ្នកកាសែត ដែលសួរជុំវិញ​ការចោទ​ប្រកាន់លោក នៅក្នុងព្រឹត្តិការណ៍ គប់​គ្រាប់បែកនោះឯង។

» អត្ថបទដែលទាក់ទង៖ មនុស្ស​ជាង​៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុង​​២០​ឆ្នាំ និង​និទណ្ឌភាព

បន្ថែមពីលើនេះ សាក្សីរស់ដ៏សំខាន់មួយរូប ដែលបានស្ថិតនៅក្នុងហេតុការណ៍នោះ និងដែលត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ រហូតមកដល់ថ្ងៃនេះ បានអះអាងច្បាស់ៗ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដីបារាំងថា អង្គរក្សលោក ហ៊ុន សែន គឺជាជនដៃដល់ ហើយពួកគេថែមទាំងរត់ ទៅលាក់ខ្លួន នៅក្នុងគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី ឯវិមានឯករាជ្យនោះទៀតផង។ សាក្សីរស់នោះ គឺលោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ។

«ខ្ញុំ​ស្ដាប់​តាម​បញ្ជា របស់លោក ហ៊ុន សែន»

លោក ហេង ពៅ បានថ្លែងប្រាប់ ក្នុងកិច្ចសម្ភាសនោះថា លោកបានទៅដល់​ មុខវិមានរដ្ឋសភាចាស់ នៅ​​ប៉ុន្មាន​​នាទី​​មុន​គ្រាប់បែកផ្ទុះបន្តិច ហើយលោកបានឃើញ មនុស្សបួននាក់ បានរត់តម្រង់គេហដ្ឋាន របស់​នាយក​រដ្ឋមន្ត្រី។ លោកបានថ្លែងឡើងថា៖ 

«ខ្ញុំបានតាមដានពួកគេ ហើយខ្ញុំបានស្គាល់ថា ពីរនាក់ពីក្នុងចំណោមនោះ ជាអង្គរក្សរបស់លោក ហ៊ុន សែន។ ក្រោយមក ខ្ញុំបាននិយាយ ពីការមើលឃើញរបស់ខ្ញុំ ប្រាប់ឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ដែលជា​មេ​បញ្ជាការ​កង​កម្លាំង​នេះ។ លោក​បានប្រាប់ខ្ញុំ ឲ្យនៅស្ងៀម និងកុំនិយាយប្រាប់នរណាទាំងអស់។ តែខ្ញុំបានផ្ទុះ​កំហឹង​ឡើង និង​បន្ទាប់​មក បាននិយាយរឿងនេះជាបន្ត ប្រាប់ទៅលោក ហុក ឡងឌី (Editor's Note: ហុង ឡងឌី ជាអតីតអគ្គស្នងការនគរបាលជាតិ)។ លោក ហុក ឡងឌី ក៏មាន​ប្រតិកម្ម​​ដូច​លោក ហ៊ុយ ពិសិដ្ឋ ដែរ។ នៅឆ្នាំ២០០៣ ជនម្នាក់ពីក្នុងចំណោមមនុស្ស ដែលខ្ញុំបានកំណត់​អត្តសញ្ញាណ នៅ​នឹង​កន្លែង​នោះ បានសារភាពប្រាប់ខ្ញុំថា ខ្លួនគេពិតជាអ្នកបោកគ្រាប់បែក។ ជននោះ បាន​និយាយ​ប្រាប់ខ្ញុំថា "ខ្ញុំ​ស្ដាប់​តាម​បញ្ជា របស់លោក ហ៊ុន សែន"។ ខ្ញុំមានខ្សែអាត់សម្លេង ពីការសារភាព​របស់​ជននេះ។»

» អត្ថបទដែលទាក់ទង៖ សម្ភាសសាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន

សាក្សីមួយរូបទៀត ដែលជាជនជាតិន័រវេស ធ្លាប់រស់នៅក្នុងប្រទេសកម្ពុជា ក៏បានអះអាងដែរថា យោធាគឺជាអ្នករៀបចំ ឲ្យមានហេតុការណ៍នេះឡើង។ សាក្សីរូបនោះ ដែលដាក់ឈ្មោះ «Faraya Mishakit» នៅលើបណ្ដាញសង្គមទ្វីសធើរ បានរៀបរាប់ថា នៅពេលកើតហេតុ លោកកំពុងស្ថិតអាគារស្នាក់នៅមួយ ក្បែរវិមានរដ្ឋសភាចាស់។ «Faraya Mishakit» បានអះអាងថា៖ «ខ្ញុំបានឃើញទាហានរដ្ឋាភិបាល បានមកឈរជើង នៅខាងលើដំបូលផ្ទះ ដែលស្ថិតនៅទល់មុខផ្ទះខ្ញុំ។ ខ្ញុំចោទសួរខ្លួនឯងថា ហេតុអ្វីបានជាទាហានរដ្ឋាភិបាល ស្ថិតនៅទីនោះ នៅពេលផ្ទុះហេតុការណ៍នេះឡើង? [ព្រោះ] ការវាយប្រហារនេះ រៀបចំឡើង ដោយកងទ័ព។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...