អ៊ឺរ៉ូ២០១៦៖ បារាំង​ម្ចាស់​ផ្ទះ​ពិបាក​យក​ជ័យជំនះ ក្នុង​ការ​ប្រកួត​បើក​ឆាក

ក្រុមជម្រើសជាតិបារាំង បានឆ្លងកាត់ពាក់កណ្ដាលម៉ោងដំបូង ដោយគ្មានបានធ្វើអ្វីទាំងអស់ និង​ត្រូវ​រងចាំ​រហូត​ដល់​នាទី​ទី៥៨ ទើបកីឡាករ អូលីវីយ៉េ ហ្សីរូ (Olivier Giroud) រកគ្រាប់បាល់បានមួយ តែត្រូវក្រុម​រ៉ូមានី​យក​ស្មើ​វិញ នៅ​ប៉ុន្មាន​នាទី​ក្រោយ។ ការ​ប្រកួតដ៏ស្មុគ្រស្មាញ ត្រូវបន្តរហូតដល់ជិតបញ្ចប់ម៉ោង ទើបកីឡាករ​ខ្សែ​បម្រើ ឌីមីទ្រី ប៉ៃយ៉េត (Dimitri Payet) ទាត់​បាល់​ពី​ចំងាយ រកគ្រាប់បាល់ឲ្យបារាំង បានមួយគ្រាប់ទៀត។
អ៊ឺរ៉ូ២០១៦៖ បារាំង​ម្ចាស់​ផ្ទះ​ពិបាក​យក​ជ័យជំនះ ក្នុង​ការ​ប្រកួត​បើក​ឆាក
ឌីមីទ្រី ប៉ៃយ៉េត ក្លាយជាវីរៈបុរស នៅក្នុងការប្រកួតបើកឆាក ដោយជួយបារាំងឲ្យងើបចេញ ពីការបាក់មុខ។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១០ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 11, 2016
  • ប្រធានបទ: អ៊ឺរ៉ូ២០១៦
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការផ្ទុះអំណរ នៅនាទីចុងក្រោយ របស់ប្រទេសបារាំង ដែលជាម្ចាស់ផ្ទះ រៀបចំការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​អ៊ឺរ៉ុប សម្រាប់ឆ្នាំ ២០១៦។ បារាំង ត្រូវជួបប្រកួតបើកឆាក ជាមួយក្រុមជម្រើសជាតិ រ៉ូមានី ដែលមានអ្នកចាំទី និង​ខ្សែ​ការពារដ៏រឹងមាំ។ ភាពរឹងមាំ របស់ក្រុមរ៉ូមានីនេះ បានបង្ហាញច្បាស់ នៅក្នុងពាក់កណ្ដាលម៉ោងដំបូង។ ក្រុម​បារាំង​ដែលសម្បូរ​ដោយ​តារា​បាល់ទាត់​អន្តរជាតិ មានឱកាសបណ្ដើរបាល់ ទៅមុខទីរបស់រ៉ូមានី បានតិចតួច​បំផុត ខណៈ​ខាង​រ៉ូមានី បាននាំបាល់មកលលេង នៅមុខទីបារាំងញយដង និងថែមទាំងបង្ក​ការភ័យបុក​ពោះ​ដល់​បារាំង នៅ​នាទី​ដំបូង​នោះ​ផង។

បារាំងត្រូវរងចាំរហូដល់ពាក់កណ្ដាលម៉ោងទី២ នៅនាទីទី៥៨ ដោយទទួលបាល់ពីកីឡាករខ្សែបម្រើ ឌីមីទ្រី ប៉ៃយ៉េត (Dimitri Payet) កីឡាករខ្សែប្រយុទ្ធ អូលីវីយ៉េ ហ្សីរូ (Olivier Giroud) បានប្រើក្បាលរបស់ខ្លួន បុក​បាល់​បញ្ចូលទីរបស់រ៉ូមានី រកពិន្ទុឲ្យបារាំងបានមួយគ្រាប់មុន។ ប៉ុន្តែនៅ៧នាទីក្រោយ គឺនៅនាទីទី៦៥ រ៉ូមានី បាន​​យក​ស្មើក្រុមបារាំងវិញ ដោយទាត់បាល់ពិន័យចំងាយ១១ម៉ែត្រ បន្ទាប់ពីកីឡាករ ប៉ាទ្រីស អេវ្រា (Patrice Evra) បានធ្វើកំហុស ដោយយកជើងទាក់កីឡាកររ៉ូមានី ឲ្យដួលនៅក្នុងតំបន់គ្រោះថ្នាក់។

ជាមួយនឹងពិន្ទុ ១ស្មើរនេះ បារាំងបានត្រឡប់មករកភាពតានតឹងសារជាថ្មី។ តែទីបំផុត នៅនាទីទី៨៩ ដែល​ជិត​ចប់​ការប្រកួតទៅហើយ ទើបកីឡាករខ្សែបម្រើ ឌីមីទ្រី ប៉ៃយ៉េត ដែលល្បីឈ្មោះខាងទាត់បាល់ ត្រង់ និង​ខ្លាំង​នោះ បាន​ទាត់បាល់​ពីចំងាយជាង២០ម៉ែត្រ ចូលទីរ៉ូមានី រកពិន្ទុឲ្យបារាំងនាំមុខរ៉ូមានី សារជាថ្មី និងបានផ្ដល់ក្ដី​សប្បាយ​រីករាយ ដល់​ប្រទេសបារាំងទាំងមូល ឲ្យលោតស្ទុះឡើងហ៊ោរកញ្ជ្រៀវ យ៉ាងអ៊ឺងកង។

សូមបញ្ជាក់ដែរថា ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុប (និងប្រទេសដែលអនុញ្ញាតឲ្យចូលរួម) ចំនួន២៤ មាន៦ក្រុម មួយ​ក្រុមមានបួនប្រទេស បានជួបជុំគ្នាក្នុងប្រទេសបារាំង ចាប់ពីថ្ងៃទី១០ ខែមិថុនានេះ រហូតដល់ថ្ងៃទី១០ ខែកក្កដា​ខាង​មុខ ដើម្បីប្រកួតបាល់ទាត់បួនឆ្នាំម្ដង ក្នុងការដណ្ដើមពានរង្វាន់ ជាជើងឯក​អ៊ឺរ៉ុប។ ដើម្បីទទួលបាន​កាល​វិភាព ពី​ការ​ប្រកួត​ទាំងអស់នេះ សូមចុចចូលអាចន៖ អ៊ឺរ៉ូ២០១៦៖ «កាលវិភាគ​លំអិត​ទាំង​ស្រុង នៃ​ការ​ប្រកួត»។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...