ណីម៉ា វិល​មក​វិញ​យ៉ាង​ភ្ញាក់ផ្អើល ដោយ​ទាត់​បញ្ចូល​ទី​បាន​១គ្រាប់

ចូលទាត់ ក្នុងពាក់កណ្ដាលម៉ោងទី២ នៃការប្រកួតមិត្តភាព រវាងក្រុមជម្រើសជាតិប្រេស៊ីល និងក្រូអាស៊ី នៅល្ងាចថ្ងៃអាទិត្យនេះ កំពូលខ្សែប្រយុទ្ធរបស់ក្រុម ប៉ារីស (Paris Saint-germain) កីឡាករ ណីម៉ា (Neymar) បានទាត់បញ្ចូលទីបានមួយគ្រាប់ ធ្វើឲ្យក្រុមប្រេស៊ីលឈ្នះដាច់ (២-០) ទល់នឹងក្រុមក្រូអាស៊ី។
ណីម៉ា វិល​មក​វិញ​យ៉ាង​ភ្ញាក់ផ្អើល ដោយ​ទាត់​បញ្ចូល​ទី​បាន​១គ្រាប់
កីឡាករ ណីម៉ា នៅក្នុងការប្រកួតជាមិត្តភាពមួយ ដែលមានគោលដៅ ដើម្បីសប្បុរសធម៌ កាលពីខែធ្នូ ឆ្នាំ២០១៧។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញថ្ងៃទី ៤ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 04, 2018
  • ប្រធានបទ: បាល់ទាត់ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការវិលត្រឡប់ ចូលទីលានប្រកួតវិញ ដែលបង្កភាពភ្ញាក់ផ្អើលមិនតិចទេ ជាពិសេសភ្ញាក់ផ្អើល សម្រាប់គ្រូដឹកនាំ​ក្រុមប្រេស៊ីល​នោះ​តែម្ដង។ បន្ទាប់ពីអវត្តមាន ពីពិភពបាល់ទាត់ អស់រយៈពេលជាង៣ខែកន្លងមក កីឡាករ ណីម៉ា (Neymar) បានវិលត្រឡប់មកចូលទាត់ ក្នុងការប្រកួតមិត្តភាព រវាងក្រុមជម្រើសជាតិ ប្រេស៊ីល និងក្រូអាស៊ី កាលពីល្ងាចថ្ងៃអាទិត្យនេះ និងថែមទាំងរកគ្រាប់បាល់ បានមួយគ្រាប់ទៀត។

ក្នុងការប្រកួតត្រៀម ដើម្បីឡើងទៅ បាល់ទាត់ពិភពលោក ឆ្នាំ២០១៨មួយនេះ គ្រូដឹកនាំ​របស់​ក្រុមជម្រើសជាតិប្រេស៊ីល ពិតជាត្រូវសាកល្បង ពីថ្វីជើងរបស់​កំពូល​កីឡាករ ខ្សែប្រយុទ្ធរបស់ខ្លួន ហើយក៏មិនចង់ឲ្យកីឡាករ រងរបួសទៅវិញ ដោយសារការសាកល្បង​នេះដែរ។ ដោយហេតុនេះ​ហើយ ទើបកីឡាករ ណីម៉ា ត្រូវបានអនុញ្ញាត​ឲ្យចូលទាត់ ចាប់ពីពាក់កណ្ដាលម៉ោង​ទី២ទៅ​។

ប៉ុន្តែអ្វី ដែលនឹកស្មាន​មិនដល់ សម្រាប់លោក ទីតេ (Tite) គ្រូដឹកនាំក្រុម ប្រេស៊ីល នោះ គឺកីឡាករ ណីម៉ា នៅតែមានថ្វីជើង ដ៏ប៉ិនប្រសព្វ ក្នុងការគ្រប់គ្រង បណ្ដើរ និងបញ្ជូនបាល់ ហាក់ដូចជាកីឡាករ មិនធ្លាប់មានរបួសអ្វីដូច្នេះ។ បន្ថែមពីលើនេះ កីឡាករបានទាត់​បញ្ចូលទី នៅនាទីទី ៥៦ ដោយប្រើសន្ធឹក​ជើងស្ដាំ​របស់ខ្លួន (ជើងដែលរបួស) យ៉ាងខ្លាំងនោះផង។

» សង្ខេបការប្រកួតនេះឡើងវិញ៖

លោក ទីតេ បានថ្លែង​ក្នុងសន្និសីទ​កាសែត នៅក្រោយការប្រកួតថា៖ «កីឡាករ ណីម៉ា បានវិលត្រឡប់មកវិញ ខ្លាំងជាងអ្វី ដែលខ្ញុំសង្ឃឹម​ទៅទៀត។ ខ្ញុំគិតដំបូងឡើយ ថាមិនដល់​ថ្នាក់នេះទេ។ ព្រោះកីឡាករ​រងរបួស ត្រូវឆ្លងកាត់​ដំណាក់កាល​ជាច្រើន ហើយវាអាច​មានរឿងល្អ និងរឿងអាក្រក់ នៅពេល​ដែលកីឡាកររូបនោះ ត្រឡប់​ចូលប្រកួតវិញ។ តែសម្រាប់ ណីម៉ា មិន​អញ្ចឹងទេ។»

គ្រូដឹកនាំ​ក្រុមជម្រើសជាតិ ប្រេស៊ីល បានបន្តថា៖ «នៅក្នុងការប្រកួតខាងមុខៗ កីឡាករ ណីម៉ា នឹងឈាន​ទៅដល់កម្រិត នៃកំពូលថ្វីជើង​របស់ខ្លួន ជាមិនខាន។ ជាកីឡាករ​មួយរូប ដែលខុសពីគេ តែយើង​មិនត្រូវឲ្យគ្នា រែកការទទួលខុសត្រូវ​តែម្នាក់ឯង ក្នុងការនាំមុន នៅលើទីលាន​ប្រកួត​​នោះទេ។ បើយើងធ្វើដូច្នេះ វាហាក់ដូច ជាគ្មានមនុស្សធម៌​សោះ។ នេះ បើទោះជា ណីម៉ា ជាកីឡាករដ៏សំខាន់ នៅក្នុងក្រុមក៏ដោយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...