បាយ៉ឺន ភ័យ​បុក​ពោះ​រហូត​ចុង​​ប្រកួត ខណៈ បាសា បញ្ចប់​ការងារ​ធម្មតា

ក្រុម ជូវេនទូស (Juventus) របស់អ៊ីតាលី ពិតជាខកចិត្តខ្លាំងណាស់ បន្ទាប់ពីបាននាំមុខក្រុម បាយ៉ឺន (Bayern Munich ក្នុងពិន្ទុ២-០ មុន តែត្រូវបានក្រុមអាល្លឺម៉ង់ វាយសម្រុកយកស្មើរវិញ រហូត​ធ្វើការ​បន្ត​ម៉ោង​ប្រកួត និង​នៅ​ទីបំផុត ក្រុម បាយ៉ឺន បានយកឈ្នះក្រុម ជូវេនទូស វិញ ក្នុងពិន្ទុ ៤-២។ រីឯក្រុម បាសា ឬ បាសឺឡូន (Barcelone) របស់​អេស្ប៉ាញ​វិញ បានបញ្ចប់ការងាររបស់ខ្លួន ដោយបន្តយកឈ្នះ លើក្រុម អាសឺណល់ (Arsenal) ក្នុង​ពិន្ទុ ៣-១ ហើយ​បាន​ដឹកដៃក្រុម បាយ៉ឺន ឡើងទៅវគ្គ១ភាគ៤ នៃការប្រកួតដណ្ដើម​ជើងឯក​អ៊ឺរ៉ុប «Champions League» ប្រចាំ​រដូវ​កាល​២០១៥-២០១៦។
បាយ៉ឺន ភ័យ​បុក​ពោះ​រហូត​ចុង​​ប្រកួត ខណៈ បាសា បញ្ចប់​ការងារ​ធម្មតា
កីឡករល្បីៗ ចំណានៗ របស់ក្រុម បាសឺឡូន និងក្រុម បាយ៉ឺន។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៦ មីនា ២០១៦
  • កែប្រែចុងក្រោយ: March 17, 2016
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាបាល់ទាត់ ជាកីឡាលេងជាក្រុម ដែលបានផ្ដល់យុត្តិធម៌ តិចឬច្រើន ទៅឲ្យក្រុមដែលចូលរួមប្រកួត។ តែ​កីឡាមួយនេះ ក៏អាចសម្លាប់ក្រុមមួយ មិនឲ្យងើបមុខរួច ឬធ្វើឲ្យក្រុមនោះខកចិត្ត ស្ទើរស្រក់ទឹកភ្នែក​មិន​ចេញ ក៏មានដែរ។ ហើយនេះជាករណី របស់ក្រុម ជូវេនទូស (Juventus) របស់ប្រទេសអ៊ីតាលី ដែលបាន​មក​ប្រកួត ជាមួយក្រុម បាយ៉ឺន ក្នុងកីឡាដ្ឋានដ៏ធំ របស់ក្រុមបាល់ទាត់ របស់ប្រទេសអាល្លឺម៉ង់មួយនេះ។ ការ​ខកចិត្ត ដោយ​សារក្រុម ជូវេនទូស បានរកបានគ្រាប់បាល់ ដល់ទៅពីរគ្រាប់ នាំមុខក្រុម បាយ៉ឺន រួចហើយ នៅក្នុង​ពាក់​កណ្ដាល​ម៉ោង​ដំបូង។

តែនៅពាក់កណ្ដាលម៉ោងទីពីរ ក្រុម បាយ៉ឺន បានខិតខំស្វែងរកគ្រាប់បាល់ ត្រឡប់មកវិញ រហូតបានពិន្ទុស្មើរ និងតម្រូវ​ឲ្យការប្រកួត ត្រូវបន្ថែមម៉ោង១៥នាទី+១៥នាទី។ គឺនៅក្នុងការបន្ថែមម៉ោងទីពីរនេះហើយ ដែលក្រុម បាយ៉ឺន បានឆ្លៀតឱកាស លើចំណុចខ្សោយ ដែលអាចបណ្ដាលពីការរត់អស់កម្លាំង របស់ក្រុម ជូវេនទូស ផង ទាត់បញ្ចូលទីបានដល់ទៅពីរគ្រាប់។

» ការសង្ខេបការប្រកួត រវាងក្រុម បាយ៉ឺន និងក្រុម ជូវេនទូស ឡើងវិញ៖

រីឯការប្រកួតមួយទៀត ក្នុងម៉ោងតែមួយ នៅក្នុងកីឡាដ្ឋាន របស់ងក្រុម បាសឺឡូន (Barcelone របស់ប្រទេស​អេស្ប៉ាញ) វិញ ក្រុមមួយនេះ ដែលបានយកឈ្នះក្រុម អាសឺណល (Arsenal) រួចហើយ ពេលទៅប្រកួត​នៅ​ក្នុង​ប្រទេសអង់គ្លេស កាលពីពីរសប្ដាហ៍មុន បានបញ្ចប់ការងាររបស់ខ្លួន នាយប់ទី១៦ ខែមីនានេះ យ៉ាង​ងាយ​ស្រួល ដោយបន្តយកឈ្នះក្រុម អាសឺណល បន្ថែមទៀត ក្នុងពិន្ទុ៣-១។

ប៉ុន្តែមួយគ្រាប់ របស់ក្រុម អាសឺណល ក៏បានបង្ហាញពីការខិតខំប្រកួត ដោយមិនសំចៃជើង ពីសំណាក់​កីឡាករ​របស់​ខ្លួននោះដែរ។ លើសពីនេះទៅទៀត ក្រុម អាសឺណល មានឱកាសរកគ្រាប់បាល់​បានច្រើន តែគួរ​ឲ្យ​ស្ដាយ ដែលគេត្រូវនិយាយពីទេពកោសល្យ ដើម្បីធ្វើការទាត់បញ្ចូលទី របស់កីឡាករខ្សែប្រយុទ្ធ របស់​ក្រុម​អង់គ្លេស​មួយ​នេះ ដែលខុសពីកីឡាករដ៏ចំណានៗ របស់ក្រុម បាសឺឡូន។ កីឡាករខ្សែប្រយុទ្ធទាំងបី របស់​ក្រុម​អេស្ប៉ាញ បានចែកគ្នារកគ្រាប់បាល់ បានម្នាក់មួយគ្រាប់៖ ណីម៉ា (Neymar) នៅនាទីទី១៨, ស្វារេស (Suarez) នៅនាទីទី ៦៥ និងម៉េស៊ី (Messi) នៅនាទីទី៨៨។

» ការសង្ខេបការប្រកួត រវាងក្រុម បាសឺឡូន និងក្រុម អាសឺណល ឡើងវិញ៖

ក្រុមបាល់ទាត់ ដែលបានឡើង ទៅជួបគ្នាប្រកួត នៅក្នុងវគ្គ១ភាគ៤ នៃការប្រកួតដណ្ដើមជើងឯងអ៊ឺរ៉ុប «Champions League» ប្រចាំរដូវកាល២០១៥-២០១៦នេះ រួមមាន៨ក្រុមដូចតទៅ៖ «Wolfsburg (អាល្លឺម៉ង់)» «Real Madrid (អេស្ប៉ាញ)» «Benfica (ព័រទុយហ្គាល)» «Manchester City (អង់គ្លេស)» «Atletico Madrid (អេស្ប៉ាញ» «PSG (បារាំង)» «Barcelone (អេស្ប៉ាញ)» និង«Bayern Munich (អាល្លឺម៉ង់)»។ តែថា តើ​ក្រុម​ណា​នឹង​ទៅជួប ជាមួយក្រុមណានោះ គេត្រូវរង់ចាំការចាប់ឆ្នោត នៅថ្ងៃសុក្រ ខាងមុខនេះ វេលា​ម៉ោង​១២ថ្ងៃ​ត្រង់ (ម៉ោងក្នុងស្រុក) ក្នុងទីក្រុង ណីយ៉ុង (Nyon) ប្រទេសស្វីស។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹង​ជម្រាប​ជូន ប្រិយមិត្តអ្នកអានទាំងអស់ ពីដំណឹងនេះ នៅវេលានោះភ្លាមៗ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...