ឌុយតែតេ ប្រាប់​អ្នកជំនាញ អ.ស.ប ម្នាក់ ឲ្យ​«ទៅ​ចុះ​នរក»

ប្រធានាធិបតីហ្វីលីពីន បានប្រតិកម្មខ្លាំងៗដូច្នេះ បន្ទាប់ពីអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ លោក «Diego Garcia-Sayan» បានរិះគន់លោក នៅក្នុងរបាយការណ៍មួយ ជុំវិញការដកប្រធានតុលាការកំពូល ចេញពីតំណែង​កាលពីពេលថ្មីៗ។
ឌុយតែតេ ប្រាប់​អ្នកជំនាញ អ.ស.ប ម្នាក់ ឲ្យ​«ទៅ​ចុះ​នរក»
លោក រ៉ូឌ្រីចូ ឌុយតែតេ ប្រធានាធិបតីហ្វីលីពីន។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី ០៣ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 04, 2018
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សំដីមិនសំចៃមាត់ របស់ប្រធានាធិបតីហ្វីលីពីន បានបង្កការភ្ញាក់ផ្អើលជាថ្មីទៀត នៅជុំវិញពិភពលោក។ លើកនេះ អ្នករងគ្រោះ គឺជាអ្នករាយការណ៍ពិសេសមួយរូប របស់អង្គការសហប្រជាជាតិ លោក «Diego Garcia-Sayan‍‍‌‍» បន្ទាប់ពីមន្ត្រីជំនាញរូបនេះ ធ្វើការរិះគន់លោកប្រធានាធិបតី នៅក្នុងរបាយការណ៍មួយ ថាបានស្ថិត​នៅពីក្រោយ​ការដកអ្នកស្រី «Maria Lourdes Sereno» ប្រធានតុលាការកំពូលចេញពីតំណែង កាលពីខែឧសភាកន្លងទៅ។

លោក «Diego Garcia-Sayan‍‍‌‍» ដែលត្រូវធ្វើអង្កេត ទៅលើឯករាជ្យភាព របស់ចៅក្រម និងមេធាវី នៅក្នុងប្រទេសហ្វីលីពីន បានចោទលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន ថាបានប្រើឥទ្ធិពល និងបាតដៃរបស់ខ្លួន ដើម្បីកំចាត់អ្នកស្រី «Maria Lourdes Sereno»។ អ្នកជំនាញ អ.ស.ប រូបនេះ បានហៅទង្វើនេះ ថាជា«ការវាយប្រហារ យ៉ាងឃោឃៅ» ប្រឆាំងនឹងអំណាចតុលាការ។

នៅចំពោះការចោទប្រកាន់ខាងលើ លោក ឌុយតែតេ បានវាយបកមកវិញដូច្នេះ៖ «ប្រាប់គាត់វិញ ថាកុំមកចេះ ខ្វល់ខ្វាយពីរឿង របស់ប្រទេសខ្ញុំ។ គាត់អាចទៅចុះនរក ឲ្យបាត់ពីមុខពីមាត់។»

ការថ្លែងរបស់លោកប្រធានាធិបតី ធ្វើឡើងទៅកាន់ក្រុមអ្នកយកព័ត៌មាន ក្នុងរដ្ឋធានីម៉ានីល កាលពីថ្ងៃអាទិត្យម្សិលម៉ិញ។ លោកបានបញ្ជាក់បន្ថែមថា លោកមិនមានជាប់ទាក់ទង នឹងការដកតំណែង​ប្រធានតុលាការកំពូល​នោះទេ។ 

កាលពីខែឧសភា អ្នកស្រី ់់«Maria Lourdes Sereno» ត្រូវបានដកចេញពីតំណែង ជាប្រធានតុលាការកំពូល របស់ប្រទេសហ្វីលីពីន ដោយការបោះឆ្នោតមួយ របស់បណ្ដាចៅក្រមទាំងឡាយ នៃស្ថាប័ននេះ។ តាំងពីច្រើនខែកន្លងមក អ្នកស្រីបានចេញមុខ បើកសំនុំរឿង ដើម្បីតាមដាន និងស៊ើបអង្កេត ចំពោះយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលជាយុទ្ធនាការបង្កើតឡើង ដោយលោក ឌុយតែតេ បន្ទាប់ពីលោកបានជាប់ឆ្នោត ជាប្រធានាធិបតី។

អ្នកស្រីធ្លាប់​បានសម្ដែងក្ដីបារម្ភ នៅចំពោះការចោទប្រកាន់ ជាសាធារណៈ ពីសំណាក់លោក ឌុយតែតេ ទៅលើចៅក្រម៧នាក់ ថាបានជាប់ពាក់ព័ន្ធ នឹងការជួញដូរគ្រឿងញៀន។ នៅពេលនោះ លោក ឌុយតែតេ បានវាយបកមកវិញ ដោយគម្រាមថា លោកនឹងដាក់ឲ្យប្រើប្រាស់ច្បាប់អាជ្ញាសិក នៅលើផ្ទៃប្រទេស។

ជារឿយៗ អ្នកស្រី «Maria Lourdes Sereno» ត្រូវបានក្រុមអ្នកស្និតនឹងប្រធានាធិបតី ចាត់ទុកជា «ផ្ទាំងស៊ីប» ហើយអ្នកស្រី ក៏ត្រូវប្រឈម នឹងនីតិវិធីចោទប្រកាន់មួយចំនួនទៀត ធ្វើឡើងដោយរដ្ឋសភាហ្វីលីពីន ដែលមានតំណាងរាស្ត្រភាគច្រើន ចេញពីគណបក្សកាន់អំណាច។ អ្នកស្រី ត្រូវបានក្រុមអ្នកតំណាងរាស្ត្រទាំងនោះ ចោទថា​បានគេច​ការបង់ពន្ធ ចំនួន ២លានប៉េរូ (ត្រូវជា ៤ម៉ឺនដុល្លារ) និងបានបន្លំសាលក្រម របស់តុលាការកំពូល។

កាលពីខែមេសា លោក ឌុយតែតេ ខ្លួនលោកផ្ទាល់ បានបញ្ជា​ទៅកាន់ក្រុមតំណាងរាស្ត្រ ឲ្យបង្កើនល្បឿន នៃនីតិវិធីខាងលើ ដើម្បីចោទប្រកាន់ប្រឆាំងអ្នកស្រី។ ក្រុមគណបក្សប្រឆាំងវិញ បានហៅទង្វើរបស់លោកប្រធានាធិបតី ថាមានបំណង​ចង់ផាត់​សត្រូវ​នយោបាយ​របស់​ខ្លួន​ ចេញ​ឲ្យ​អស់ ដើម្បីអនុញ្ញាតឲ្យខ្លួន អាចនៅកាន់អំណាច តាមបែបផ្ដាច់ការ នៅលើកោះហ្វីលីពីន។

អ្នករាយការណ៍ពិសេស អ.ស.ប លោក «Diego Garcia-Sayan‍‍‌‍» បានថ្លែងកាលពីថ្ងៃសុក្រ​មុនថា ការគម្រាមជាសាធារណៈទាំង​ឡាយ ទៅលើអ្នកស្រី «Maria Lourdes Sereno» ជាការគម្រាមដោយប្រយោល សម្រាប់ចៅក្រមដទៃទៀត។ លោកថា៖ «ការប្រើប្រាស់ភាសា​របៀបនេះ ជាការផ្ញើរ​សារ​មួយ​ដ៏ច្បាស់លាស់ ទៅកាន់បណ្ដាចៅក្រមទាំងអស់ នៃប្រទេសហ្វីលីពីនយ៉ាងដូច្នេះ "នៅក្នុងយុទ្ធនាការ ដែលស្ថិតក្រោម​លេសថា ជាសង្គ្រាមប្រឆាំងគ្រឿងញៀននេះ ពួកអ្នកឯង​មានជម្រើស​តែមួយទេ គឺអ្នកឯងនៅជាមួយខ្ញុំ ឬអ្នកឯងប្រឆាំងនឹងខ្ញុំ"»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...