ផ្ទុះ​បារី​អេឡិចត្រូនិក រយះមុខ​បាក់​អស់​ធ្មេញ​ជាច្រើន

បុរសពីរនាក់បានរងរបួសមុខជាដំណំ និងបានបាក់ធ្មេញអស់ជាច្រើន បន្ទាប់ពីបារីអេឡិចត្រូនិក ដែលបុរសកំពុងជក់ បានផ្ទុះឡើង។ គេនៅមិនទាន់ដឹង ពីមូលហេតុ ដែលបណ្ដាលឲ្យបារីអេឡិចត្រូនិក ផ្ទុះឡើងនៅឡើយ។
ផ្ទុះ​បារី​អេឡិចត្រូនិក រយះមុខ​បាក់​អស់​ធ្មេញ​ជាច្រើន
យុវជនទាំងពីរ ដែលឆេះមុខ បាក់ធ្មេញ បន្ទាប់ពីបារីអេឡិចត្រូនិក ដែលយុវជនកំពុងជក់ បានផ្ទុះឡើង។ (រូបថតនគរបាល)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី៣០ មករា ២០១៦
  • កែប្រែចុងក្រោយ: May 26, 2018
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្ចាស់ហាងបារីអេឡិចត្រូនិក ដែលមានទីតាំង នៅក្នុងក្រុង កូឡូញ (ប្រទេសអាល្លឺម៉ង់) បានថ្លែងប្រាប់សារព័ត៌មានអាល្លឺម៉ង់ «Bild» ថា បារីអេឡិចត្រូនិក ដែលហាងលោកបានលក់ ទៅឲ្យបុរសម្នាក់ បានផ្ទុះឡើង នៅពេលដែលបុរសរូបនោះ បានបឺតជក់យកផ្សែងសិប្បនិមិត្ត ចេញពីបារីអេឡិចត្រូនិកនោះ។ ម្ចាស់ហាងដដែល បានពន្យល់ថា អតិថិជនរបស់លោក ដែលមានអាយុ២០ឆ្នាំ ទើបនឹងប្ដូរថ្មពិល សម្រាប់បារីអេឡិចត្រូនិក។

រឿងរ៉ាវ បានកើតឡើង កាលពីចុងខែមករា ឆ្នាំ២០១៦ មុន និងបានបណ្ដាលឲ្យជនរងគ្រោះ បាក់ធ្មេញអស់៨ និងរយះមុខយ៉ាងដំណំ មុននឹងត្រូវបានបញ្ជូនជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យ។

ក្នុងពេលភ្លាមៗ មូលហេតុដែលបណ្ដាលឲ្យបារីអេឡិចត្រូនិកផ្ទុះឡើង នៅមិនទាន់ឲ្យដឹងនៅឡើយ។ ការស៊ើបអង្កេតមួយ ត្រូវបានអាជ្ញាធរបើកធ្វើ ដើម្បីស្វែងយល់ការពិត។ ប្រភពមួយ ដែលស្រង់សំដីដោយសារព័ត៌មាន «Kölnische Rundschau» បានឲ្យដឹងថា ទឹកថ្នាំដែលយកមកដាក់ ក្នុងបារីអេឡិចត្រូនិក ដើម្បីក្លាយទៅជាផ្សែង ត្រូវបានជនរងគ្រោះទិញ នៅតាមបណ្ដាញអ៊ិនធើណែត។ ប្រភពបន្តថា ទឹកថ្នាំនោះ អាចជាទឹកថ្នាំក្លែងក្លាយ។ 

នេះ ជាករណីទីពីរ ដែលកើតឡើង នៅក្នុងខែមករាតែមួយ។ កាលពីសប្ដាហ៍មុន ហេតុការណ៍ស្រដៀងគ្នានេះ បានកើតឡើង នៅក្នុងប្រទេសកាណាដា។ យុវជនអាយុ១៦ឆ្នាំម្នាក់ បានបាក់ធ្មេញចំនួន២ និងឆេះរលាកមុខ ថ្ពាល់ និងអណ្ដាត បន្ទាប់ពីបារីអេឡិចត្រូនិក ដែលយុវជនកំពុងជក់ បានផ្ទុះឡើង។ នេះ បើតាមការផ្សាយ របស់បណ្ដាញទូរទស្សន៍ «CBCnews» ដោយស្រង់សំដីរបស់ឪពុកជនរងគ្រោះ មកបញ្ជាក់។

ករណីផ្ទុះឆេះបារីអេឡិចត្រូនិកមួយទៀត ក៏បានកើតឡើងដែរ ចំពោះយុវតី «Laura Baty» អាយុ១៨ឆ្នាំ ជាតិអង់គ្លេស កាលពីអំឡុងខែមីនា ឆ្នាំ២០១៤។ បារីអេឡិចត្រូនិក ដែលបានផ្ទុះឆេះឡើងនោះ កំពុងស្ថិតក្នុងការសាកថ្ម ដោយភ្ជាប់ខ្សែសាក ពីបារី ទៅនឹងឆ្នាំងសាក របស់កំព្យូទ័រ «iPad»។ តែជាសំណាងល្អ យុវតីមិនបានរងរបួសមុខ ឬមាត់ទេ តែបានរងការរលាក នៅត្រង់ដៃ និងឆេះសំពត់រ៉ូប ដែលនាងស្លៀកជាប់នឹងខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...