ហេតុអ្វី ដូណាល់ ត្រាំ លប់ចោល​ជំនួប​ជាមួយ គីម ជុង-អ៊ុន?

តាមរយៈលិខិតមួយ ដែលមានអក្សរប្រមាណជា ២០បន្ទាត់ ផ្ញើរទៅកាន់មេដឹកនាំកូរ៉េខាងជើង ប្រធានាធិបតីអាមេរិក បានប្រកាស​លប់ចោល​ជំនួប​កំពូល រវាងមេដឹកនាំទាំងពីរ ដែលគ្រោងធ្វើនៅថ្ងៃ១២ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ ក្នុងប្រទេសសិង្ហបូរី។ តើមានមូលហេតុអ្វី? សារព័ត៌មានធំៗ នៅលើពិភពលោក បានវែកញែកយ៉ាងច្រើន ពីបញ្ហានេះ ជាពិសេសពីបញ្ហា «មុខមាត់» ដែលនៅជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។
ហេតុអ្វី ដូណាល់ ត្រាំ លប់ចោល​ជំនួប​ជាមួយ គីម ជុង-អ៊ុន?
ពីឆ្វេងទៅស្ដាំ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាំមេរិក និងលោក គីម ជុង-អ៊ុន អគ្គមគុទេសន៍នៃរបបកុម្មុយនីស្ដិ៍ កូរ៉េខាងជើង។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៥ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 26, 2018
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាំងពីប៉ុន្មានសប្ដាហ៍មុន រហូតមកដល់ថ្ងៃព្រហស្បត្តិ ទី២៤ ខែឧសភានេះ ពិភពលោកទាំងមូល បានរំពឹងរង់ចាំមើល ជំនួបកំពូល​ជាប្រវត្តិសាស្ត្រ​មួយ រវាងមេដឹកនាំ​នៃ​ប្រទេសទាំងពីរ គឺលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​សហរដ្ឋអាមេរិក និងលោក គីម ជុង-អ៊ុន (Kim Jong-un) អគ្គមគុទេសន៍នៃ​របប​កុម្មុយនីស្ដិ៍ កូរ៉េខាងជើង ដែលនឹង​គ្រោងធ្វើ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ ក្នុងប្រទេសសិង្ហបូរី។

តែទីបំផុតទៅ លោក ដូណាល់ ត្រាំ បានសម្រេច​លប់ជំនួបនេះ​ចោល ជាឯកតោភាគី តាមរយៈលិខិតមួយ​របស់លោក ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ផ្ញើរទៅកាន់​លោក គីម ជុង-អ៊ុន។ ប្រធានាធិបតីអាំមេរិក បានលើក​ពីមូលហេតុដ៏ខ្លី រុញ​ការទទួលខុសត្រូវ នៃការលប់ចោល​នេះ ទៅលើ «កំហឹងដ៏ធំធេង និងអរិភាព ដែល​បានបង្ហាញ នៅក្នុងសេចក្តី​ថ្លែងការណ៍ថ្មីៗបំផុត» របស់លោក គីម ជុង-អ៊ុន ប្រឆាំង​សហរដ្ឋអាមេរិក។

ការលើកឡើង​របស់លោក ត្រាំ ខាងលើ មិនខុសទេ ដោយហេតុថា នៅមុនការប្រកាស​លប់ចោល​ជំនួបនេះមួយថ្ងៃ អ្នកទទួលខុសត្រូវ​របស់​របបក្រុង ព្យុងយ៉ាង បានហៅ​អនុប្រធានាធិបតី​អាមេរិក លោក ម៉ៃឃ៍ ផេន (Mike Pence) ថាជា​«អ្នកនយោបាយ​ល្ងីល្ងើ»។ នេះ បើតាមអត្ថបទមួយ របស់សារព័ត៌មានអាមេរិក ឈ្មោះ «Los Angeles Times»។

សារព័ត៌មាន «Los Angeles Times» បានពន្យល់ថា មេដឹកនាំប្រទេសកូរ៉េខាងជើង បានប្រតិកម្មដូច្នេះ ដើម្បីតប​​ទៅនឹងការលើកឡើង របស់លោក ម៉ៃឃ៍ ផេន ដែលអះអាងថា ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ អាចនឹងមានវាសនា ដូចប្រទេសលីប៊ី ដែលដឹកនាំ​ដោយអតីត​ប្រធានាធិបតី មូអាម៉ា កាដាហ្វី (Muammar Kadhafi) ប្រសិនណាជា​លោក គីម ជុង-អ៊ុន មិនចុះកិច្ចព្រមព្រៀង ជាមួយក្រុង វ៉ាស៊ីនតោន ជុំវិញបញ្ហា​រំសាយអាវុធ​នុយក្លេអ៊ែរ​ទេនោះ។

ចំពោះ​បណ្ដាញ​ទូរទស្សន៍អង់គ្លេស «BBC» បានរំលឹកថា បន្ទាប់ពីការខិតចូលជិតគ្នា និងភាពធូរស្រាល​ខាងការទូត រវាងភាគីទាំងពីរ ដែលមានរយៈពេល តាំង​ពីច្រើនសប្ដាហ៍​មក នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ការប្រឈមមុខគ្នា​ដ៏ខ្លាំងក្លាមួយ បានកើតមានឡើងមកវិញ រហូតមកដល់ថ្ងៃអង្គារមុន ដែលលោក ដូណាល់ ត្រាំ បានទម្លាយ​ឲ្យដឹង ពីលទ្ធភាព​នៃការលើកថ្ងៃ​ជំនួប​កំពូល ខណៈប្រធានាធិបតី​អាមេរិកខ្លួនឯង បានទទួលជួប​លោក មូន ជេ-អ៊ីន (Moon Jae-in) ប្រធានាធិបតី​កូរ៉េខាងត្បូង នៅឯសេតវិមាន។

សម្រាប់​សារព័ត៌មាន «Washington Post» វិញ បានលើកឡើង​យ៉ាងពិសេស ពីបញ្ហា«មុខមាត់» ដើម្បីពន្យល់​ពីការលប់ចោល​ជំនួបនេះ នៅក្នុងអត្ថបទ​ដ៏លំអិត​របស់ខ្លួន។ សារព័ត៌មាន​អាមេរិក​មួយនេះ បានសរសេរថា៖ «លោក ត្រាំ ត្រូវបានរំខាន ដោយសុន្ទរកថា​របស់ក្រុងព្យុងយ៉ាង ក្នុង​ប៉ុន្មានថ្ងៃ ថ្មីៗនេះ»។

សារព័ត៌មាន «Washington Post» បានស្រង់សំដី របស់ទីប្រឹក្សា​ប្រធានាធិបតីអាមេរិក ទទួលបន្ទុក​ផ្នែកសន្តិសុខជាតិ លោក «John Bolton» មកចុះផ្សាយ​ថា៖ «ភាសាគម្រាមកំហែង (ពីសំណាក់របបក្រុងព្យុងយ៉ាង) ជាសញ្ញា​ដ៏អាក្រក់មួយ ហើយប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងប្រាប់​ទីប្រឹក្សារបស់ខ្លួន ពីការបារម្ភ​របស់លោក ដែលយល់ថា លោក គីម ជុង-អ៊ុន កំពុងរៀបចំ​ឈុតឆាក ដើម្បីបង្កលេស ក្នុងការដកខ្លួនចេញ ពីជំនួបកំពូល ហើយវា​អាច​ជាអ្វី ដែលធ្វើឲ្យប្រជាជាតិអាមេរិក រងការឈឺចាប់។ ដូច្នេះ លោក ត្រាំ បានសម្រេចចិត្ត​ដើរមួយ​ជំហានមុន។»។

សារព័ត៌មានខាងលើ បានសរសេរបន្តថា «លោក ត្រាំ មានការភ័យខ្លាចខ្លាំងណាស់ ពីភាពអាម៉ាស» ដែលជា​សំដីរបស់អ្នកកាសែតដ៏ល្បីមួយរូប គឺលោក «Tony Schwartz» ដែលស្គាល់លោក ដូណាល់ ត្រាំ និងដែលធ្លាប់និពន្ធរួមគ្នា កាលពីទសវត្សន៍ឆ្នាំ៨០ នូវសៀវភៅមួយ មានចំណងជើងថា «សិល្បៈនៃការចរចា»។ 

រីឯលោក «Gerald Seib» នាយកការិយាល័យ របស់សារព័ត៌មាន «Wall Street Journal»​ ប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោន បានអះអាងថា បរាជ័យនៃជំនួប ជាប្រវត្តិសាស្ត្រនេះ បណ្ដាល​មកពីប្រទេសទាំងពីរ មិនយល់​ឲ្យបានស៊ីជម្រៅ ពីអ្វីដែល​​ភាគីម្ខាងៗ​​លើកឡើង។ នៅពេល​ដែល​ជំនួបឈាន​ជិតមកដល់ ភាគីម្ខាងៗ ចេះតែនិយាយ​ការពារជំហរ ឬទស្សនៈ​របស់​ផងខ្លួន ជុំវិញ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ។ លោកសន្និដ្ឋានថា៖ «ភាពតានតឹង បានកើតឡើងទ្វេឡើង មួយរំពេច រហូតដល់ថ្នាក់ បែកធ្លាយដូច្នេះ»។

«សហរដ្ឋអាមេរិក ទាមទារឲ្យ​មានការរំសាយ​ចេញ​ទាំងអស់ ពិតប្រាកដ និងមិនអាចត្រឡប់​ក្រោយបាន នូវអាវុធនុយក្លេអ៊ែរ របស់​ប្រទេស​កូរ៉េខាងជើង ដើម្បីជាថ្នូរ ទៅនឹងលើក​ចេញវិញ នូវទណ្ឌកម្មអន្តរជាតិ។ តែប្រទេស​កូរ៉េកុម្មុយនីស្ដិ៍វិញ បានទាមទារ ឲ្យមាន​ការខិតជិតគ្នា បន្តិចម្ដងៗ។» នេះ បើតាមការចុះផ្សាយ របស់សារព័ត៌មាន​កូរ៉េខាត្បូង ឈ្មោះ «The Korea Herald»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...