កំទេច​មហា​រូប​ចម្លាក់ ម៉ៅ សេទុង ចោល ព្រោះ​ខុស​បច្ចេក​ទេស?

រូបភាព នៃរូបចម្លាក់ដ៏ធសម្បើម របស់លោកប្រធាន ម៉ៅ សេទុង ដែលមានកំពស់ដល់ទៅ ៣៧ម៉ែត្រ និង​ស្ថិត​ក្នុង​វាល​មួយ នៃខេត្តហៃណាម (ភាគកណ្ដាលនៃប្រទេសចិន) ត្រូវបានវាយកំទេចចោលទាំង​ស្រុង​ហើយ។ នេះ​បើ​តាម​ការ​អះអាង របស់​សារព័ត៌មាន «People's Net» ដែលស្និតនឹងគណបក្សកុម្មុយនីស ដោយបានលើក​យក​ហេតុផល​ថា រូប​ចម្លាក់​នេះ គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ប្រចាំតំបន់។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២០ មករា ២០១៦
  • កែប្រែចុងក្រោយ: January 22, 2016
  • ប្រធានបទ: រូបចម្លាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបចម្លាក់ដ៏ធំសម្បើម របស់អតីតប្រធានរដ្ឋចិន លោក ម៉ៅ សេទុង (Mao Tsé-toung) ត្រូវបាន​វាយ​កំទេច​ចោល ព្រោះរូបចម្លាក់នេះ «មិនបានចុះក្នុងបញ្ជី ហើយក៏មិនមានការអនុញ្ញាត​ឲ្យសាងសង់ ពីសំណាក់​អភិបាល​តំបន់​​នោះដែរ»។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មាន ស្និតនឹង​គណបក្ស​កុម្មុយនីស​ឈ្មោះ «People's Net»។

រូបសំណាក របស់ស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន ដែលធ្វើឡើង ក្នុងសភាពអង្គុយនៅលើកៅអី ដាក់​ដៃទាំងពីរកាន់ក្ដោបចូលគ្នា ត្រូវបានវាយកំទេចចោល កាលពីខែធ្នូកន្លងទៅ បន្ទាប់ពីរូបសំណាកនេះ បាន​ឆ្លងកាត់ការដ្ឋានសាងសង់ ចំនួនប្រមាណជា៩ខែកន្លងមកហើយ។ រូបថតចុងក្រោយ ពីរូបចម្លាក់ដ៏ធំនេះ ដែល​ត្រូវបានបង្ហោះ កាលពីប៉ុន្មានសប្ដាហ៍មុន នៅក្នុងបណ្ដាញសង្គមចិន «Baidu» បានបង្ហាញឲ្យឃើញ ថា​ក្បាល​រូបចម្លាក់ត្រូវបានគ្រប ដោយអ្វីម្យ៉ាងពណ៌ខ្មៅ ហើយជើងរូបចម្លាក់ទាំងពីរ បានបាត់ទៅហើយ។

ចំណាយប្រាក់ច្រើន និងសង់ខុសកន្លែង

បើតាមសារព័ត៌មាន «New York Times» របស់អាមេរិក ដែលស្រង់សម្ដីរបស់អ្នកស្រុក «Tongxu» បាន​ឲ្យ​ដឹង​ថា ក្រុមកម្មករខាងវាយកំទេចរូបចម្លាក់ បានប្រើរយៈពេល ប្រមាណជា២ថ្ងៃប៉ុណ្ណោះ ក្នុង​ការកំទេច​រូប​នោះអស់មួយចំហៀង។ កម្មករម្នាក់ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ប្រាប់​សារព័ត៌មាន​អង់គ្លេស «Guardian» ថា៖ «ខ្ញុំឮថា រូបចម្លាក់ត្រូវបានកំទេច ព្រោះរូបនេះ សង់នៅលើដីអ្នកស្រុកម្នាក់»។

គេហទំព័រក្នុងស្រុក «HMR.cn» បានរាយការណ៍ថា ដើម្បីសង់រូបចម្លាក់នេះ គេត្រូវចំណាយប្រាក់ ៣លាន​យ័ន្ដ (ប្រមាណជា ៤២០ពាន់អ៊ឺរ៉ូ ឬ៤៥៥ពាន់ដុល្លារ) ដែលត្រូវបានផ្ដល់ហិរញ្ញទាន ដោយក្រុមម្ចាស់ក្រុមហ៊ុន​ច្រើន​នាក់ នៃតំបន់។

បើទោះជាមានមនុស្សជាច្រើន បានសាទរគម្រោងសាងសង់នេះក៏ដោយ តែមតិសាធារណជនចិនមួយចំនួន បានធ្វើការរិះគន់ ទៅលើរូបចម្លាក់ ថាបានសាងសង់មិនត្រូវកន្លែង ដោយហេតុថា គ្រោះទុរភិក្សកាល​ពី​ទសវត្សន៍​ឆ្នាំ៥០ បានសម្លាប់ប្រជាជនចិន នៅក្នុងតំបន់នេះ អស់រាប់លាននាក់។ បណ្ដាជនចិនមួយ​ចំនួន​ទៀត​បានគិតថា ៣លានយ័ន្ដ គួរតែត្រូវយកមកចំណាយ ទៅលើអ្វីផ្សេង ដែលមានប្រយោជន៍ជាងនេះ។

រំលឹកប្រវត្តិសាស្ត្រ...

ស្ថាបនិកនៃរបបកុម្មុយនីសចិន លោក ម៉ៅ សេទុង បានធ្វើមរណភាពនៅឆ្នាំ១៩៧៦។ បើទោះជាប្រជាជន​ចិន​មួយភាគធំ បានគោរពស្រឡាញ់ ចាត់ទុកជាវីរបុរសរបស់ជាតិ និងរបស់ពួកគេក៏ដោយ តែស្រមោល​ដ៏​អាក្រក់ ដែលកើតចេញពីនយោបាយ ដឹកនាំដោយអតីតមេដឹកនាំរូបនេះ បានបន្សល់ទុកនូវរូបភាព​ដ៏​អាក្រក់ និងបានធ្វើឲ្យប្រជាជនចិនរាប់លាននាក់ ស្លាប់បាត់បង់ជីវិត។ ប្រវត្តិសាស្ត្រ ដែលជំរុញគណបក្សកុម្មុយនីស​ចិន ឲ្យទទួលស្គាល់​ក្នុងទសវត្សន៍ឆ្នាំ៨០ ពីកំហុសឆ្គងនៃការដឹកនាំ នៅក្នុងអតីតកាលរបស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...