កាំជ្រួច​កំទេច​យន្ដហោះ MH17 «បាញ់​ចេញ​ដោយ​កងពល​តូច​រ៉ូស្ស៊ី»

ក្រុម​អ្នក​ស៊ើបអង្កេត​អន្តរជាតិ បានអះអាងថា កាំជ្រួចដែលបានកំទេចយន្ដហោះ ប៊ូអីញ (Boeing 777) របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ លេខ «MH 17» គឺជាកាំជ្រួច ដែលបាញ់ចេញដោយកងពលតូចរ៉ូស្ស៊ី ដែលតែងជួយគាំទ្រ ដល់ក្រុមនិយមផ្ដាច់ទឹកដីអ៊ុយក្រែន។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានកងទ័ពរ៉ូស្ស៊ី ច្រានចោល។
កាំជ្រួច​កំទេច​យន្ដហោះ MH17 «បាញ់​ចេញ​ដោយ​កងពល​តូច​រ៉ូស្ស៊ី»
រូបភាពរបស់ការិយាល័យស៊ើបអង្កេតហូឡង់ បង្ហាញពីកាំជ្រួចផ្ទុះ នៅលើយន្ដហោះ។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ដ. កែវ ([email protected]) - បារីស ថ្ងៃទី២៥ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 25, 2018
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអ្នកស៊ើបអង្កេត មកពីប្រាំប្រទេស មានប្រទេសហូឡង់ ប៊ែលហ្សិក អ៊ុយក្រែន ម៉ាឡេស៊ី និងប្រទេសអូស្ត្រាលី ដែលមានបេសកកម្មអង្កេត ទៅលើ​ការ​បាញ់​ទម្លាក់​យន្តហោះប៊ូអីញ (Boeing 777) ​ជើង​ហោះ​ហើរ​លេខ​ «MH 17» ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ ​ម៉ាឡេស៊ី​អ៊ែរឡាញ ក្នុង​តំបន់​ភាគ​ខាងកើត ​ប្រទេស​អ៊ុយក្រែន ​កាល​ពី​៤ឆ្នាំ​មុន ​បាន​កំណត់​អត្តសញ្ញាណ​ថា គឺកងពលលេខ៥៣ របស់កងទ័ព​រ៉ូស្ស៊ី ជាអ្នក​មាន​កាំជ្រួច​មីស៊ីល ប្រភេទ​ «Bouk-Telar» នោះ ហើយ​វាជាកាំជ្រួច ដែលត្រូវ​បានយកមក​ប្រើ​ ដើម្បី​បាញ់​ទម្លាក់​យន្តហោះ។

តំណាងឲ្យក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ លោក «Wilbert Paulissen» បានថ្លែងឡើង នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ នាក្រុងឡាអេ ប្រទេសហូឡង់ថា៖ «កាំជ្រួចប្រភេទ "Bouk-Telar" ដែលបានកំទេចយន្ដហោះ "MH17" ត្រូវបានបាញ់ចេញ ពីកងពលការពារដែនអាកាស លេខ ៥៣ ដែលមានមូលដ្ឋាន ​ក្នុងក្រុង "Koursk" នៃប្រទេសរ៉ូស្ស៊ី»។

លោកបានបញ្ជាក់បន្ថែមថា៖ «កងពលលេខ ៥៣នេះ ជាផ្នែកមួយ នៃកងទ័ពរ៉ូស្ស៊ី»។

អ្នក​ដំណើរ​២៨៣​នាក់​ និង​អ្នកបម្រើការលើយន្ដហោះ ​១៥​នាក់ ​បាន​ស្លាប់ ​នៅ​ពេល​ដែល​យន្តហោះ​ «MH 17» បានប៉ះជាមួយនឹងកាំជ្រួច ប្រឆាំងយន្ដហោះមួយគ្រាប់ ​ដែលត្រូវបានបាញ់ចេញពីដី ​កាល​ពី​ថ្ងៃ​ទី១៧ ​ខែ​កក្កដា ​ឆ្នាំ​២០១៤។

​ឧបទ្ទវហេតុ​នេះ ​បាន​កើត​មាន​ឡើង ​នៅពេល​ដែល​យន្តហោះ​ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ​បាន​ហោះប្រហែល​៣ម៉ោង​ ចេញ​ពីរាជធានី អាមស្ទែដាម (ប្រទេសហូឡង់) ឆ្ពោះ​ទៅកាន់រាជធានី គូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី) មកដល់ត្រង់ចំណុច ជិតក្រុង ដូនិក (Donetsk) ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ដែលកំពុងស្ថិតនៅក្រោម ការប្រទាញប្រទង់គ្នា រវាងកងទ័ពអ៊ុយក្រែន និងក្រុមប្រដាប់អាវុធ និយមបំបែកទឹកដីអ៊ុយក្រែន ស្និតនឹងប្រទេសរ៉ូស្ស៊ី។

ប៉ុន្តែការលើកឡើងខាងលើ របស់ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ ត្រូវបានកងទ័ពរ៉ូស្ស៊ីច្រានចោលភ្លាមៗ ក្នុងល្ងាចថ្ងៃព្រហស្បត្តិ៍ដដែល។ សេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ ​ដោយក្រសួងការពារជាតិរ៉ូស្ស៊ី បានអះអាងថា គ្មានកាំជ្រួចរ៉ូស្ស៊ីណាមួយ បានឆ្លងកាត់ព្រំដែន រ៉ូស្ស៊ី-អ៊ុយក្រែន ទេ និងបានទម្លាក់កំហុស នៃឧបទ្ទវហេតុនេះ ទៅលើរដ្ឋាភិបាលក្រុង គៀវ (ប្រទេសអ៊ុយក្រែន) វិញ។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖ «ក្រសួងការពារជាតិរ៉ូស្ស៊ី បានច្រានចោលតាំងពីនាទីដំបូង ជុំវិញសំដីគ្មានខ្លឹមសារ របស់ភាគីអ៊ុយក្រែន ដែលលើកឡើង ពីការភ្ជាប់កងទ័ពរ៉ូស្ស៊ី ទៅក្នុងហេតុការណ៍នេះ។ តែអ្នកស៊ើបអង្កេត របស់ប្រទេសហូឡង់ មិនបានយក​ចិត្តទុកដាក់សោះឡើយ ពីសាក្សីដែលនៅជិតកន្លែងកើតហេតុ និងពីសាក្សី ដែលដឹងពីការបាញ់កាំជ្រួច ចេញពីតំបន់គ្រប់គ្រង ដោយកងទ័ពអ៊ុយក្រែននោះ។»។

កាលពីខែកញ្ញា ឆ្នាំ២០១៦ ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ បានចេញ​សេចក្ដីសន្និដ្ឋាន ជំហានដំបូង​ថា ប្រព័ន្ធកាំជ្រួច ការពារដែនអាកាស ប្រភេទ «Bouk-Telar» ត្រូវបានដឹកចូលពីប្រទេសរ៉ូស្ស៊ី មុននឹងដាក់ឲ្យប្រើប្រាស់ នៅក្នុងតំបន់ភាគខាងកើតរ៉ូស្ស៊ី ដែលគ្រប់គ្រង​ដោយ​ក្រុមនិយម​បំបែកទឹកដី ស្និតប្រទេសរ៉ូស្ស៊ី។ នៅពេលនោះ ក្រុមអ្នកស៊ើបអង្កេត មិនបានអះអាងថា តើនរណាជាអ្នកទទួលខុសត្រូវ ក្នុងការបាញ់កាំជ្រួចនេះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...