ក្រុម​កាំភ្លើង​ធំ៖ អេមរី ក្លាយ​ជា​គ្រូ​បង្វឹក​បន្ត​ពី វេនជ័រ

ក្រុមកាំភ្លើងធំ បានប្រកាសជាផ្លូវការ តែងតាំងលោក អ៊ូណៃ អេមរី (Unai Emery) អតីតគ្រូបង្វឹករបស់ក្រុមប៉ារីស ឲ្យឡើងធ្វើជាគ្រូបង្វឹករបស់ក្រុម បន្តពីលោក អាសែន វេនជ័រ (Arsène Wenger) ដែលបានប្រកាសចាកចេញពីក្រុម កាលពីប៉ុន្មានសប្ដាហ៍មុន។
ក្រុម​កាំភ្លើង​ធំ៖ អេមរី ក្លាយ​ជា​គ្រូ​បង្វឹក​បន្ត​ពី វេនជ័រ
ពីឆ្វេងទៅស្ដាំ៖ លោក អាសែន វេនជ័រ អតីតគ្រូបង្វឹក និងលោក អ៊ូណៃ អេមរី គ្រូបង្វឹកថ្មី របស់ក្រុម អាសឺណល់។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី២៣ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 24, 2018
  • ប្រធានបទ: បាល់ទាត់អង់គ្លេស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក អូណៃ អេមរី (Unai Emery) ជាតិអេស្ប៉ាញ អាយុ៤៦ឆ្នាំ គឺជាគ្រូបង្វឹកថ្មី របស់ក្រុម អាសឺណល់ (Arsenal - អង់គ្លេស)។ នេះ បើតាមការប្រកាស ចេញពីក្រុមបាល់ទាត់ខ្លួនឯងផ្ទាល់ ក្នុងថ្ងៃពុធទី ២៣ ខែឧសភានេះ ដែលដាក់បញ្ចប់ពាក្យចចាមអារាម ដែលលើកឡើងជាបន្តបន្ទាប់ ជុំវិញបេក្ខភាពស្នងតំណែង ជាគ្រូបង្វឹករបស់ក្រុម កាំភ្លើងធំ បន្ទាប់ពីលោក អាសែន វេនជ័រ (Arsène Wenger) អាយុ៦៨ឆ្នាំ បានប្រកាសចាកចេញ ពីតំណែង​ជាគ្រូបង្វឹក ដ៏យូរអង្វែងរបស់លោក រាប់ពី ២២ឆ្នាំមកនោះ។

ក្រុម អាសឺណល់ មិនបានបញ្ជាក់ពីរយៈពេល នៃកិច្ចសន្យា ដែលក្រុមបានធ្វើជាមួយលោក អ៊ូណៃ អេមរី នោះទេ។

លោក អេមរី ដែលទើបនឹងបញ្ចប់កិច្ចសន្យា ពីក្រុម ប៉ារីស សាំងហ្សែរម៉ាំង (Paris Saint-Germain- បារាំង) ក្នុងឆ្នាំ២០១៨នេះ បានដឹកនាំក្រុមប៉ារីស ឲ្យទទួលបានតំណែង ជាជើងឯក សម្រាប់រដូវកាលចុងក្រោយ និងពានរង្វាន់បីទៀត ក្នុងពិភពបាល់ទាត់បារាំង ចំនួនពីររដូវកាលជាប់ៗគ្នា។ ប៉ុន្តែលោក មិនបានដឹកនាំក្រុម ប៉ារីស ឲ្យឡើងហួសពីវគ្គ ១ភាគ៨ ផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» នោះឡើយ។

ផ្ទុយទៅវិញ លោកធ្លាប់ដឹកនាំក្រុម សេវីល (Séville FC - អេស្ប៉ាញ) ឲ្យទទួលជ័យជំនះ ដណ្ដើមបានពានរង្វាន់អ៊ឺរ៉ុប ក្របខណ្ឌ «Europa League» ដល់ទៅ៣រដូវកាល​ជាប់គ្នា។

លោក អ៊ូណៃ អេមរី បានចាប់ផ្ដើមធ្វើជាគ្រូបង្វឹកដំបូង នៅឆ្នាំ២០០៥ ជាមួយនឹងក្រុម «Lorca Deportiva» ដែលជាក្រុមបាល់ទាត់តូចមួយ ស្និតក្នុងភាគអាគ្នេយ៍ នៃប្រទេសអេស្ប៉ាញ។ បន្តបន្ទាប់មក លោកបានបង្វឹកក្រុម «Almeria - អេស្ប៉ាញ» សម្រាប់រយៈពេល ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ - ក្រុម «Valence - អេស្ប៉ាញ» សម្រាប់រយៈពេល ពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១២ និងក្រុម «Spartak Moscou - រ៉ូស្ស៊ី» សម្រាប់រយៈពេលខ្លីមួយ ក្នុងឆ្នាំ២០១២។

គ្រូបង្វឹកថ្មី ជាតិអេស្ប៉ាញរូបនេះ ត្រូវបានគេហទំព័ររបស់ក្រុម អាសឺណល់ ស្រង់សំដី យកមកចុះផ្សាយថា៖ «ខ្ញុំមានក្ដីរីករាយណាស់ ដែលចូលមកធ្វើការ ជាមួយក្រុមបាល់ទាត់មួយ នៃក្រុមបាល់ទាត់ដ៏ធំៗ នៅលើពិភពលោក។ ក្រុម អាសឺណល់ មានការទទួលស្គាល់ និងការកោតស្ងប់ស្ងែង ពីពិភពលោកទាំងមូល ជុំវិញបច្ចេកទេសទាត់បាល់ - ការផ្ចុងផ្ដើមកីឡាករក្មេងៗ - កីឡដ្ឋានដ៏អស្ចារ្យ និងរបៀបរបបគ្រប់គ្រងក្រុមបាល់ទាត់។»៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...