អតីត​រដ្ឋមន្ត្រីបារាំង រង​ការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤ឆ្នាំ

សាលាឧទ្ធរណ៍ នៃរដ្ឋធានីប៉ារីស បានតំកល់ការផ្ដន្ទាទោស ប្រឆាំងអតីតរដ្ឋមន្ត្រីបារាំង ទទួលបន្ទុកផ្នែកថវិការជាតិ លោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ (Jérôme Cahuzac) ប៉ុន្តែបានកាត់បន្ថយទម្ងន់ នៃការផ្ដន្ទាទោស នៅក្នុងសាលាដំបូង ដែលកំណត់ឲ្យអតីតរដ្ឋមន្ត្រី ជាប់ពន្ធនាគារ៣ឆ្នាំ មកនៅត្រឹមតែ២ឆ្នាំ។ ទោសពីរឆ្នាំ ក្នុងពន្ធនាគារនេះ អាចត្រូវពិចារណា​ ឲ្យនៅក្រៅពន្ធនាគារបានថែមទៀត។
អតីត​រដ្ឋមន្ត្រីបារាំង រង​ការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤ឆ្នាំ
ពីឆ្វេងទៅស្ដាំ៖ លោក ហ្វ្រង់ស៊័រ ហូឡង់ ប្រធានាធិបតីផុតតំណែង និងលោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ អតីតរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកថវិកា របស់ប្រទេសបារាំង។​ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 15, 2018
  • ប្រធានបទ: គេចពន្ធ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាលក្រមនៃសាលាឧទ្ធរណ៍ នៅថ្ងៃអង្គារទី ១៥ ខែឧសភានេះ បានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ២ឆ្នាំ (និងពីរឆ្នាំទៀត ដោយព្យួរទោស) ប្រឆាំងលោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ (Jérôme Cahuzac) អតីតរដ្ឋមន្ត្រី​ទទួលបន្ទុកផ្នែក​ថវិការជាតិ ជំនាន់ប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បន្ទាប់ពីលោកត្រូ​វបានរកឃើញថា បានគេចវេសការបង់ពន្ធ ដោយលួចផ្ទេរប្រាក់ និងលួចបង្កើតគណនីធនាគារ នៅក្រៅប្រទេស។

កាលពីខែធ្នូ ឆ្នាំ២០១៦ លោកអតីតរដ្ឋមន្ត្រីត្រូវបានសាលាដំបូងផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ប៉ុន្តែលោក កាហ៊ុយហ្សាក់ បានប្ដឹងជំទាស់ នឹងសាលក្រមនេះ ឡើងទៅសាលាឧទ្ធរណ៍។ 

សាលក្រមថ្ងៃនេះ របស់សាលាឧទ្ធរណ៍ នៅបានបង្គាប់ឲ្យលោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ ត្រូវបង់ប្រាក់ពិន័យចំនួន ៣០ម៉ឺនអ៊ឺរ៉ូ និងហាមឃាត់លោក មិនឲ្យឈរឈ្មោះជាតំណាងរាស្ត្រ ឬជាសមាជិកក្រុមប្រឹក្សាខេត្តក្រុង ឃុំសង្កាត់ ចំនួន៥ឆ្នាំ​ថែមទៀត។ ប៉ុន្តែចៅក្រមកាត់សេចក្ដី បានបើកផ្លូវឲ្យអតីតរដ្ឋមន្ត្រី អាចធ្វើការស្នើសុំ​នៅក្រៅឃុំបាន។

រឿងរ៉ាវអាស្រូវ របស់លោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ បានផ្ទុះឡើង នៅចុងឆ្នាំ២០១៥ បន្ទាប់ពីគេហទំព័រសារព័ត៌មានមួយ ឈ្មោះ មេឌីយ៉ាប៉ាត (MediaPart) បានចុះផ្សាយ​បកអាក្រាតថា លោកអតីតរដ្ឋមន្ត្រី​​មានគណនីធនាគារ​នៅបរទេស និងមានការបង្វិលប្រាក់សម្ងាត់ជាច្រើនពាន់ ម៉ឺនសែនអ៊ឺរ៉ូ តាមរយះគណនី​នោះ។ ក្នុងពេលភ្លាមៗ លោក កាហ៊ុយហ្សាក់ បានបដិសេធ​នៅក្នុងរដ្ឋសភាជាតិ ពីព័ត៌មានទាំងនោះ និងគម្រាមប្ដឹង​សារព័ត៌មាន​ខាងលើ​នេះវិញផង។

យ៉ាងណា រឿងអាស្រូវនោះ បានធ្វើឲ្យប្រឡាក់ ទៅដល់រូបភាព នៃរដ្ឋាភិបាលលោកប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ ដោយហេតុថា ប្រធានាធិបតីរូបនេះ បានប្រកាសជាមុន និងជាច្រើនដងថា សមាជិករដ្ឋាភិបាលរបស់លោក ត្រូវតែជាបុគ្គលគំរូ របស់ប្រជាជាតិ។

តែការស៊ើបអង្កេត និងការរកឃើញជាបន្តបន្ទាប់​ របស់អាជ្ញាធរបារាំងបានធ្វើឲ្យលោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ ត្រូវ​បង្ខំចិត្តសារភាព មុននឹងលាលែងពីតំណែង ជារដ្ឋមន្ត្រីទទួលបន្ទុកថវិកាជាតិ នៃរដ្ឋាភិបាលលោកប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់។ ចៅក្រមស៊ើបសួរ បានរកឃើញទៀតថា ថាលោក កាហ៊ុយហ្សាក់ មានជាប់ទាក់ទង នឹងការ​«លាង​សម្អាត»​ការគេចពន្ធ និងការ​​«លាង​សម្អាត»​ប្រាក់ជាច្រើន ទទួលបានពីក្រុមហ៊ុនមួយ ដែលជាក្រុមហ៊ុនឧបត្ថម្ភធុន ដោយប្រព័ន្ធថែរក្សាសុខភាពបារាំង (La Sécu)។

លោក កាហ៊ុយហ្សាក់ អាចនៅក្រៅពន្ធនាគារបាន

ជាមួយនឹងសាលក្រមខាងលើ លោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ និងមេធាវីរបស់លោក អាចធ្វើការស្នើសុំ ទៅចៅក្រមអនុវត្តទោស ដើម្បីអនុញ្ញាតឲ្យលោក កាហ៊ុយហ្សាក់ អាចអនុវត្តទោស ដោយនៅក្រៅឃុំបាន។ ច្បាប់បារាំងបានបើកផ្លូវ ឲ្យធ្វើដូច្នេះបាន ប្រសិនជាការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ មានកម្រិតតិចជាង ឬស្មើរនឹងពីរឆ្នាំ ហើយជនជាប់ចោទ មិនបង្កគ្រោះថ្នាក់ និងអាចធ្វើការងារ ដើម្បីជាប្រយោជន ដល់សង្គមជាតិវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...