Europa League៖ អាត្លេទីកូ បំបាក់ ម៉ាសីយ៍ ដើម្បីលើក​ពាន​ទី៣

ក្រុម អាត្លេទីកូម៉ាឌ្រីត (Atlético Madrid - អេស្ប៉ាញ) បានបំបាក់ក្រុម ម៉ាសីយ៍ (Olympique Marseille - បារាំង) ដោយពិន្ទុ ៣-០ នៅក្នុងពានរង្វាន់អ៊ឺរ៉ុប ក្របខណ្ឌ «Europa League» ក្នុងយប់នេះ។ ជ័យជំនះរបស់ក្រុម អាត្លេទីកូ បានធ្វើឲ្យក្រុមនេះ បានលើកពាន​នៃក្របខណ្ឌខាងលើ ជាលើកទី៣ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
Europa League៖ អាត្លេទីកូ បំបាក់ ម៉ាសីយ៍ ដើម្បីលើក​ពាន​ទី៣
ក្រុមបាល់ទាត់ អាត្លេទីកូ ប្រកួតឈ្នះក្រុម ម៉ារសីយ៍ ៣-០ មុននឹងលើកពាន «Europa League» សម្រាប់រដូវកាល ឆ្នាំ២០១៧-​២០១៨។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ដ. កែវ ([email protected]) - បារីស ថ្ងៃទី១៦ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 17, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើកការប្រកួតដំបូង នៃវគ្គផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Europa League» ក្នុងយប់នេះ នាកីឡដ្ឋាននៃក្រុង លីយ៉ុង (ប្រទេសបារាំង) ក្រុម ម៉ាសីយ៍ (Olympique Marseille - បារាំង) បានធ្វើការគ្របសង្កត់ ទៅលើក្រុម អាត្លេទីកូម៉ាឌ្រីត (Atlético Madrid - អេស្ប៉ាញ) ខ្លាំងក្លា និងបើកឱកាស ឲ្យខ្សែប្រយុទ្ធរបស់ខ្លួន អាចរកគ្រាប់បាល់បានដែរ តែថ្វីជើងខ្សែប្រយទ្ធ កីឡាករជាតិបារាំង «Valère Germain» ដែលមិនប្រកបដោយប្រសិទ្ធិភាព គ្រាន់តែបានផ្ដល់ក្ដីសង្ឃឹម ទៅឲ្យអ្នកគាំទ្រខ្លួន នៅប៉ុន្មាននាទីដំបូងប៉ុណ្ណោះ។

ប៉ុន្តែកង្វះថ្វីជើង របស់ក្រុម ម៉ារសីយ៍ មិនមែនមានត្រឹមតែខ្សែប្រយុទ្ធនោះទេ តែនៅមានកីឡាករចាំទី និងខ្សែបម្រើរបស់ក្រុមនេះទៀត ព្រោះបានប្រព្រឹត្តិកំហុស ដោយបញ្ជូនបាល់ ចេញពីទីខ្លួន ទៅឲ្យប៉ះជើងកីឡាករ អាត្លេទីកូ ធ្វើឲ្យកីឡាករ អង់ទ័ន គ្រីស្មាន (Antoine Griezmann) ដែលជាខ្សែប្រយុទ្ធដ៏ចំណាន របស់ក្រុមអេស្ប៉ាញមួយនេះ ឆ្លៀតឱកាស​រកគ្រាប់បាល់ដំបូង បានមួយគ្រាប់ នៅនាទីទី២១។

ការប្រកួតបានបន្ត តែក្រុម ម៉ារសីយ៍ មិនមានកម្លាំងអាចទម្លាយ របាំងខ្សែការពារដ៏រឹងមាំ របស់ក្រុម អាត្លេទីកូ បានឡើយ។ បន្ថែមពីលើនេះ របួសជើង របស់កីឡាករខ្សែបម្រើរបស់ក្រុម ម៉ារសីយ៍ កីឡាករ ឌីមីទ្រី ប៉ាយ៉េត (Dimitri Payet) បានរើឡើងវិញ ធ្វើឲ្យកីឡាករដែលជាក្ដីសង្ឃឹមរបស់ក្រុម ត្រូវចាកចេញ​ពីការប្រកួត ទាំងទឹកភ្នែក នៅនាទីទី ៣២។

ត្រឡប់មកប្រកួត ក្នុងពាក់កណ្ដាលម៉ោងទីពីរវិញ ក្រុម អាត្លេទីកូ បានប្ដូរសាច់បាល់ ពីការពារ មកវាយលុយវិញម្ដង។ ហើយការប្រកួត ទើបនឹងចាប់ផ្ដើមជាថ្មី បាន៤នាទី កីឡាករ អង់ទ័ន គ្រីស្មាន ដដែល បានទម្លាយខ្សែការពារបស់ក្រុម ម៉ារសីយ៍ និងឆ្កឹះបាល់បញ្ចូលទី បានមួយគ្រាប់ទៀត (នាទីទី៤៩)។ ក្រុម ម៉ារសីយ៍ ខំប្រឹងទប់ការវាយលុក​របស់ក្រុមបាល់ទាត់ មកពីរាជធានី ម៉ាឌ្រីត និងរកឱកាសវាយលុក តបវិញបានខ្លះដែរ ដែលកីឡាករចាំទី របស់ក្រុម អាត្លេទីកូ កីឡាករ «Jan Oblak» មិនអនុញ្ញាត​ឲ្យគ្រាប់បាល់ណាមួយ អាចឆ្លងកាត់ខ្លួនបានឡើយ។

ទីបំផុត នៅនាទីទី ៨៨ ពិន្ទុគ្រាប់បាល់របស់ក្រុមបាល់ទាត់ មកពីប្រទេសអេស្ប៉ាញ បានកើនឡើងមួួយគ្រាប់ទៀត រកបានដោយកីឡាករ «Gabriel Fernández» ហៅ «Gabi»។ សុបិន្តរបស់ក្រុម ម៉ារសីយ៍ ដែលធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ចំនួនបីដងមកហើយ នៃការប្រកួតដណ្ដើមពានអ៊ឺរ៉ុប ត្រូវរលាយជាលើកទី៤ ខណៈក្រុម អាត្លេទីកូ វិញ បានឈ្នះពាន «Europa League» នេះ ជាលើកទី៣ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕

» ការសង្ខេបសាច់ប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃក្រុម ម៉ារសីយ៍ និងក្រុម អាត្លេទីកូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...