ហ៊ុន ម៉ានិត ថាគណនីហ្វេសប៊ុកខ្លួន រងការប៉ុនប៉ង Hack

កូនប្រុសនាយករដ្ឋមន្ត្រី និងជាអគ្គនាយក ផ្នែកចារកម្ម លោក ហ៊ុន ម៉ានិត បានអះអាងនៅមុននេះថា គណនីហ្វេសប៊ុករបស់លោក បានរងការ​ប៉ុនប៉ង​ប្លន់យកទៅ (Hack) កាលពីប៉ុន្មានថ្ងៃ​កន្លងមកនេះ។ លោកថា ទង្វើនេះ មានបំណង​យកទៅធ្វើ​ព័ត៌មាន​បំផ្លើស និងប្រឌិត ដោយសារការបោះ​ឆ្នោត កាន់តែខិត​ជិតមកដល់។
ហ៊ុន ម៉ានិត ថាគណនីហ្វេសប៊ុកខ្លួន រងការប៉ុនប៉ង Hack
លោក ហ៊ុន ម៉ានិត កំពុងថ្លែង នៅក្នុងពិធីមួយ របស់គណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០២ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 02, 2018
  • ប្រធានបទ: ប្លន់គណនី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រាប់លោក ហ៊ុន ម៉ានិត កូនប្រុសនាយករដ្ឋមន្ត្រី និងជាអគ្គនាយកផ្នែកចារកម្ម នៃក្រសួងការពារជាតិ បានអះអាងថា បើមានការប្លន់ (Hack) យកគណនីហ្វេសប៊ុករបស់លោក ទៅគ្រប់គ្រងនោះ វាជាទង្វើ ដើម្បី«បំភ្លៃ បំផ្លើស និងប្រឌិតព័ត៌មាន» ខណៈការបោះឆ្នោតជាតិ កាន់តែកៀកខិតជិតមកដល់។

កូនប្រុសទីពីរ របសលោក ហ៊ុន សែន រូបនេះ បានសរសេរដូច្នេះ នៅលើបណ្ដាញសង្គម នៅមុននេះបន្តិច។ លោកបានសរសេរថា៖ «ប៉ុន្មានថ្ងៃនេះ មានការប៉ុនប៉ង "Hack fb" របស់ខ្ញុំ។ ប្រសិនបើជាគេយកបាន គេអាចដាក់អ្វី ក៏បានដែរ លើ "Account" មួយនេះ ដូចអ្វីដែលគេបានធ្វើ ពីមុនមកហើយ។ លើ "Account" ផ្សេងៗ ដែលបាន "Hack" ពីមុនមក គេបានកែឆ្នៃព័ត៌មាន ធ្វើអោយមានចម្ងល់ និងបង្កពាក្យចចាមអារ៉ាម [យ៉ាង]ច្រើន។»

លោក ម៉ានិត ដែលមានពាក់ផ្កាយបី (ឋានន្តរស័ក្ដិ ជាឧត្ដមសេនីយឯក) នៅលើស្មារ បានពន្យល់ថា៖ «ការបោះឆ្នោត កាន់តែកៀកខិត​ជិតមកដល់ ព័ត៌មានក្លែងក្លាយ កាន់តែមានច្រើនឡើងៗ ហើយសកម្មភាព "Hacking" កាន់តែកើនឡើង ផងដែរ។ ការ "Hacking" ដើម្បីបំភ្លៃ បំផ្លើស និងប្រឌិតព័ត៌មានផ្សេងៗ គួបផ្សំ ជាមួយនឹងព័តមានក្លែងក្លាយ ធ្វើអោយសង្គមវិលវល់ ហើយមិនមានអ្វីចំណេញ ក្រៅពីពង្រឹងវប្បធម៌ នៃការញុះញង់ លាភពណ៌ និងបំផ្លិចបំផ្លាញនោះទេ។»។

វិស្វករផ្នែកព័ត៌មានវិទ្យាមួយរូប ពីប្រទេសកាណាដា លោក សុធា មេត្តា បានថ្លែងឡើងថា សកម្មភាព "Hack" និងការបំភ្លៃ ឬបំផ្លើសព័ត៌មាន ជារឿងពីរខុសគ្នា។ លោកថា៖ «ការប្លន់យកគេហទំព័រ ឬទំព័រហ្វេសប៊ុកណាមួយ យកទៅ មិនចាំបាច់ត្រូវមានមូលហេតុ ដើម្បីយកទៅបំភ្លៃព័ត៌មាននោះទេ ហើយ​បើ​នរណា​ម្នាក់ ចង់ប្រឌិតព័ត៌មាន ក៏មិនចាំបាច់ ត្រូវទៅ "Hack" យកគេហទំព័រ ឬទំព័រហ្វេសប៊ុក របស់អ្នកផ្សេង ដែលនាំឲ្យក្ដៅក្បាល​នោះដែរ។»។

លោក សុធា មេត្តា បានយល់ឃើញថា៖ «ការណ៍ដែលលោក ហ៊ុន ម៉ានិត ភ្ជាប់ករណីទាំងពីរនេះបញ្ចូលគ្នា ទំនងជាលោក ចង់ការពារទុកមុន ក្រែងលោគណនីហ្វេសប៊ុករបស់លោក ត្រូវបានក្រុម "Hacker" ប្លន់យកទៅ រួចបញ្ចេញព័ត៌មានរសើបៗ ដែលលោកមាន ជាលក្ខណៈឯកជន តាមរយៈគណនីនោះ»។

កាលពីពាក់កណ្ដាល ខែកុម្ភៈ គណនីហ្វេសប៊ុក របសប្អូនប្រុសលោក ហ៊ុន ម៉ានិត គឺលោក ហ៊ុន ម៉ានី ធ្លាប់ត្រូវបានក្រុម «Hacker» ប្លន់យកទៅគ្រប់គ្រង និងបានបញ្ចេញវីដេអូ ដែលមានលក្ខណៈ ជាការថត «Screen Shot» ចេញពីគណនី ដែលដាក់ឈ្មោះថា «Mani Hun» បង្កឲ្យមានការភ្ញាក់ផ្អើល រួចមកហើយ។

វីដេអូបែកធ្លាយ ដែលមានចំនួន៤ បានបង្ហាញពីទំនាក់ទំនង បែបឯកជន​«យ៉ាងពិសេស» រវាងគណនី «Mani Hun» និងគណនីស្ត្រីច្រើននាក់ ដែលសុទ្ធសឹង ជាតារាសំដែង នាដការិនី ពិធីការិនី ឧស្សាហ៍ចេញមុខចេញមាត់ នៅក្នុងកម្មវិធីដែលរៀបចំឡើង ដោយស្ថាប័នគ្រប់គ្រង ដោយលោក ហ៊ុន ម៉ានី ឬក្រុមគ្រួសារ របស់នាយករដ្ឋមន្ត្រី។

នៅក្នុងវីដេអូមួយ ពីក្នុងចំណោមវីដេអូទាំងបួន មានការជជែកគ្នា យ៉ាងពិសេស ពី«ការខាំ»ដើមដៃ របស់ម្ចាស់គណនីមួយរូប ដែលមានឈ្មោះ «Sin Sakada» ពីសំណាក់ «Mani Hun» ដោយមានទាំងរូបថត បង្ហាញពីស្នាមជាំ នៅលើដៃនោះផង។ ហើយនៅទីបំផុត កាលពីសប្ដាហ៍មុន កញ្ញា ស៊ិន សក្កដា ដែលគេស្គាល់ជាតារាសំដែង និងជានាដការិនី​របាំបូរាណនោះ បាន​ចេញមុខមកអះអាង​ថា លោក ហ៊ុន ម៉ានី កូនប្រុសពៅនាយករដ្ឋមន្ត្រី គឺពិតជាចូលចិត្តលេងខាំ​ដូច្នេះមែន។

តារាសំដែងវ័យក្មេង បានឲ្យដឹងថា៖ «កាលពីឆ្នាំមុន ក្នុងកម្មវិធីខួបកំណើតឯកឧត្ដម ហ៊ុន ម៉ានី គាត់ខាំទាំងប្រុសទាំងស្រី ហើយគាត់កំប្លែងលេង ដាក់មនុស្សគ្រប់ៗគ្នា។ ខ្ញុំមានសាក្សីជាច្រើន (...)។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...