ISIS ចេញមុខ​ទទួល​ស្គាល់​ការ​វាយ​ប្រហារ​ដោយ​កាំបិត កណ្ដាល​​ប៉ារីស​​ក្នុង​យប់​នេះ

ជនដៃដល់ ដែលបានចាក់មនុស្សច្រើននាក់ ដោយកាំបិត ក្នុងយប់ថ្ងៃសៅរ៍នេះ កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង បានស្រែក «Allah Akbar (មានន័យថា ព្រះអាឡាហ៍ ធំធេងណាស់)» នៅពេលជននេះ កំពុងធ្វើសកម្មភាព។ ការវាយប្រហារ ដែលត្រូវបានអង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) ចេញមុខមកទទួលស្គាល់ នៅមុននេះបន្តិច។
ISIS ចេញមុខ​ទទួល​ស្គាល់​ការ​វាយ​ប្រហារ​ដោយ​កាំបិត កណ្ដាល​​ប៉ារីស​​ក្នុង​យប់​នេះ
យុទ្ធជនម្នាក់របស់អង្គការភេរវនិយម រដ្ឋអ៊ីស្លាម បានលើកទង់ជ័យរបស់ក្រុមខ្លួន នៅក្នុងក្រុងមួយ ដែលខ្លួនវាយដណ្ដើមបាន កាលពីពេលកន្លងមក។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 13, 2018
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) បានចេញមុខមកទទួលស្គាល់ ការវាយប្រហារដោយកាំបិត ដែលបានសម្លាប់មនុស្សម្នាក់ និងធ្វើឲ្យរបួស មនុស្សបួននាក់ទៀត ក្នុងសង្កាត់រោងល្ខោន កណ្ដាលរដ្ឋធានីប៉ារីស នាយប់ថ្ងៃសៅរ៍នេះ។ នេះ បើតាមការផ្សាយ កាលពីប៉ុន្មាននាទីមុន របស់ស្ថាប័ន «Site Intelligence Group» ដែលមានជំនាញខាងឃ្លាំមើល សកម្មភាពរបស់ក្រុមភេរវជន នៅលើប្រព័ន្ធឃោសនារបស់ពួកគេ។

ស្ថាប័នខាងលើ បានដកស្រង់​យក​សារ​ជាភាសាអារ៉ាប់ ដែលសរសេរចេញ ពីទីភ្នាក់ងារ «Amaq» ដែលជាប្រដាប់ឃោសនាផ្លូវការ​មួយ របស់អង្គការភេរវនិយម មកបញ្ជាក់ ដោយមានអត្ថន័យថា៖ «ជនដែលបានដឹកនាំ​ការវាយប្រហារ ប្រដាប់ដោយកាំបិត នៅកណ្ដាលរដ្ឋធានីប៉ារីស ជាយុទ្ធជនមួយរូប របស់ក្រុមរដ្ឋអ៊ីស្លាម ហើយប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតប ទៅនឹងការអំពាវនាវ ឲ្យបើកការវាយប្រហារ ប្រឆាំងបណ្ដារដ្ឋសម្ព័ន្ធមិត្ត»។

ជនដៃដល់ ដែលបានដកកាំបិត ចេញមកចាក់មនុស្សច្រើននាក់ បានស្រែកឡើង នូវពាក្យ «Allah Akbar (មានន័យថា ព្រះអាឡាហ៍ ធំធេងណាស់)» នៅពេលជននេះ កំពុងធ្វើសកម្មភាព។ ជននេះ ត្រូវបាននគរបាល​បាញ់​បង្ក្រាប ហើយបានស្លាប់​​នៅនឹងកន្លែង។ ជនរងគ្រោះម្នាក់​បានស្លាប់ ដោយសារមុខរបួសមានសភាពធ្ងន់ធ្ងរ និងជនរងគ្រោះបួននាក់ទៀត បានរងរបួស (ពីរនាក់របួសធ្ងន់)។ នេះ បើតាមប្រភព ពីស្នងការនគរបាល នៃរដ្ឋធានីប៉ារីស។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងជិត ២១ យប់ថ្ងៃសៅរ៍ទី ១២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងផ្លូវ «Monsigny» ស្ថិតក្នុងសង្កាត់លេខ២ នៅមិនឆ្ងាយប៉ុន្មាន ពីអាគាររោងល្ខោន «Opéra» នៃរដ្ឋធានីប៉ារីស។ នៅទីនោះ ជាតំបន់ដែលសម្បូរ ដោយភោជនីយដ្ឋាន និងហាងផឹកស៊ី​ជាច្រើន និងសម្បូរដោយ​មនុស្សម្នា ជាពិសេសទេសចរណ៍​ ធ្វើដំណើរឆ្លងកាត់។

អត្តសញ្ញាណរបស់ជនដៃដល់ នៅមិនទាន់ទម្លាយឲ្យដឹងនៅឡើយ ខណៈការិយាល័យអយ្យការ នៃរដ្ឋធានីប៉ារីស ផ្នែកប្រឆាំងភេរវកម្ម បានប្រកាសបើកការស៊ើបអង្កេតមួយឡើង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...