ឃាត់ទុកនៅលើដី លែង​អោយ​ហោះ នូវ​យន្ដហោះ​ប្រភេទ ប៊ូអ៊ីញ៧៨៧

អ្នកនាំពាក្យរបស់ភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ របស់អ៊ឺរ៉ុប (AESA) បានថ្លែងថា «ជាការសម្រេចដ៏កម្រមួយ ដែលប្រទេសម្ចាស់យន្តហោះនេះ បានចេញសេចក្ដីប្រកាសហាមឃាត់ផលិតផលរបស់ខ្លួន ក្នុងកម្រិតជាអន្តរជាតិ»។ នៅមុនការសម្រេចិត្តជាស្ថាពរ អាជ្ញាធរសហព័ន្ធអាកាសចរណ៍អាមេរិក (FAA) បានហាមឃាត់ជាលើកដំបូង តែយន្ដហោះប្រភេទនេះ ចំនួន៦គ្រឿង​ របស់ក្រុមហ៊ុនអាកាសចរណ៍ យូណាយធីតអ៊ែរឡាញ (United Airlines) ប៉ុណ្ណោះ តែវាជាការហាមឃាត់មួយ ដែលនាំប្រទេសជប៉ុន អោយធ្វើដូចគ្នា ចំពោះយន្ដហោះ ១៧គ្រឿង របស់អលនីប៉ុនអ៊ែរវេស (All Nippon Airways - ANA) និង៧គ្រឿងទៀត របស់ជប៉ុនអ៊ែរឡាញ (Japan Airlines - JAL)។
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: January 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការហាមមិនអោយហោះហើរ ជាសកលមួយ ត្រូវបានសម្រេចដោយ ភ្នាក់ងារអាកាសចរណ៍ស៊ីវីលរបស់អាមេរិក ទៅលើ​រាល់យន្ដហោះប្រភេទ ប៊ូអ៊ីញ ៧៨៧ ក្រោយបន្ទាប់ពីមានភាពរអាក់រអួល ជាបន្តបន្ទាប់ ចេញពីជើងហោះហើរកន្លងមក។ ការហាមមិនអោយធ្វើចរាចរណ៍នេះ បានប៉ះពាល់ទៅដល់យន្តហោះប្រភេទនេះ ចំនួនជាង៥០គ្រឿងក្នុងពិភពលោក ក្នុង​នោះមាន២៤គ្រឿង ជារបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ចំនួនពីរ។


ជើងហោះហើរ ឌ្រឹមឡាន័រ​ (Dreamliner) របស់ក្រុមហ៊ុន អល់នីប៉ុនអ៊ែរវេស បានចុះចតជាបន្ទាន់ នៅតាកាម៉ាស៊ូ។
រូបថត Mandatory Credit REUTERS/Kyodo។

អ្នកនាំពាក្យរបស់ភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ របស់អ៊ឺរ៉ុប (AESA) បានថ្លែងថា «ជាការសម្រេចដ៏កម្រមួយ ដែល​ប្រទេសម្ចាស់យន្តហោះនេះ បានចេញសេចក្ដីប្រកាស ហាមឃាត់ផលិតផលរបស់ខ្លួន ក្នុងកម្រិតជាអន្តរជាតិ»។ នៅមុន​ការសម្រេចិត្តជាស្ថាពរ អាជ្ញាធរសហព័ន្ធអាកាសចរណ៍អាមេរិក (FAA) បានហាមឃាត់ជាលើកដំបូង តែយន្ដហោះ​ប្រភេទនេះចំនួន៦គ្រឿង​ របស់ក្រុមហ៊ុនអាកាសចរណ៍ យូណាយធីតអ៊ែរឡាញ (United Airlines) ប៉ុណ្ណោះ តែវាជាការ​ហាមឃាត់មួយ ដែលនាំប្រទេសជប៉ុន អោយធ្វើដូចគ្នា ចំពោះយន្ដហោះ ១៧គ្រឿង របស់អលនីប៉ុនអ៊ែរវេស (All Nippon Airways - ANA) និង៧គ្រឿងទៀត របស់ជប៉ុនអ៊ែរឡាញ (Japan Airlines - JAL)។

ចេះតែឡើងកម្ដៅ

អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនជប៉ុន លោកហ៊ីរ៉ូស្សី កាជីយ៉ាម៉ា (Hiroshi Kajiyama) បានប្រកាសថា «យោងតាមការ​សម្រេចចិត្តរបស់ អាជ្ញាធរសហព័ន្ធអាកាសចរណ៍អាមេរិក រាល់ប្រភេទយន្ដហោះ ប៊ូអ៊ីញ ៧៨៧ នឹងមិនត្រូវ​អោយ​ហោះហើរ រហូតដល់សុវត្ថិភាពទាក់ទង នឹងអាគុយ និងប្រព័ន្ធប្រដាប់ប្រដាផ្សេងទៀត ត្រូវបានធានា»។ កាលពីព្រឹក ថ្ងៃពុធទី១៦ខែមករា យន្ដហោះប្រភេទនេះ នៃជើងហោះហើរ ឌ្រឹមឡាន័រ​ (Dreamliner) របស់ក្រុមហ៊ុនអាកាសចរណ៍ អល់នីប៉ុន អ៊ែរវេស បានចុះចតជាបន្ទាន់ នៅអាកាសយាន្ដដ្ឋាន តាកាម៉ាស៊ូ (Takamatsu) ស្ថិតនៅផ្នែកខាងត្បូង​នៃ​ប្រទេសជប៉ុន ដោយហេតុបណ្ដាលពីការប្រកាសអាសន្ន នៃវត្តមានផ្សែង និងក្លិនឆ្ងៀមខ្លាំងចេញពីអាគុយ ទៅក្នុង​តួយន្ដហោះទាំងមូល។

វាជាគ្រោះថ្នាក់លើកទីពីរ បណ្ដាលមកពីអាគុយ នៅក្នុងពីរសប្ដាហ៍កន្លងមក បន្ទាប់ពីប្រភេទយន្ដហោះដដែលនេះ របស់ក្រុមហ៊ុនជប៉ុនអ៊ែរឡាញមួយទៀត បានចុះចតជាបន្ទាន់ នៅទីក្រុងប៊ូស្តុន (Boston) ប្រទេសអាមេរិក។ អាជ្ញាធរ​សហព័ន្ធអាកាសចរណ៍អាមេរិក បានបញ្ជាក់ថា បញ្ហានេះ បានបណ្ដាលអោយធ្លាយចេញនូវវត្ថុរាវ ដែលអាចឆាបឆេះ បង្កអោយឡើងកម្ដៅ និងធ្វើអោយចេញផ្សែង។

នៅជប៉ុន អ្នកស៊ើបអង្កេតលើសំនុំរឿង ត្រូវការិយាល័យអាកាសចរណ៍ស៊ីវីល និងគណកម្មាធិការសន្តិសុខនៅតាកាម៉ាស៊ូ តម្រូវអោយធ្វើការងាររបស់ខ្លួនភ្លាមៗ ដោយផ្ដោតទៅលើអាគុយ ដែលផលិតដោយក្រុមហ៊ុនជប៉ុន ហ្សេអេស យូអាស្សា (GS Yuasa) និងរួមទាំងប្រព័ន្ធបណ្ដាញភ្លើង ដែលបង្កើតឡើងដោយ ក្រុមហ៊ុនបារាំង ថាលេស (Thales)។ លោកហ៊ីរ៉ូស្សី កាជីយ៉ាម៉ា បានបន្តថា «គ្រាន់តែមើលនឹងភ្នែក ក៏ដឹងថា អាគុយមានបញ្ហាដែរ។ តែប្រព័ន្ធភ្លើងក៏ស្មុគ្រស្មាញដូចគ្នា ហើយ​ទាមទារអោយមានការ ស៊ើបអង្កេតផ្សេងទៀត។»

បន្ទាប់ពីបានបញ្ជូនវិស្វករបីរូប ទៅតាកាម៉ាស៊ូ តាមសំនូមពររបស់អាជ្ញាធរនោះមក ក្រុមហ៊ុនផលិតអាគុយរបស់ជប៉ុន ហ្សេអេស យូអាស្សា បានអះអាងថា «យើងមិនដឹងថា តើបញ្ហាវាមកពីអាគុយខ្លួនវា ឬមកពីប្រព័ន្ធភ្លើង ដែលតភ្ជាប់​មក​ជាមួយគ្នានោះ? វាពិបាកនឹងនិយាយមុន ក្នុងពេលនេះ ថាតើគេត្រូវការពេលយូរប៉ុណ្ណា ដើម្បីដឹងពីលទ្ធផល​នៃការស៊ើប​អង្កេត។»

«យន្ដហោះប៉ូអ៊ីញ ៧៨៧ ប្រាកដជាមានសុវត្ថិភាពពិត»

អ្នកជំនាញខាងអាគុយម្នាក់ មកពីសកលវិទ្យាល័យ យ៉ាម៉ាហ្គាតា (Yamagata) បានលើកឡើងដែរថា «ការឡើងកម្ដៅ អាចជាបញ្ហាបណ្ដាលពីការតប្រព័ន្ធភ្លើង តែមិនមែនជាកំហុសរបស់អាគុយនោះទេ»។ អ្នកបច្ចេកទេសរបស់ហ្សេអេស យូអាស្សា លោកតាស៊ូអូ និស្សីណា (Tatsuo Nishina) បានការពារផលិផលក្រុមហ៊ុនលោកដូច្នេះថា «បើប្រព័ន្ធ​ប្រដាប់​ប្រដា ត្រូវបានបង្កើតឡើងដោយ អ្នកដែលមិនស្គាល់ច្បាស់ ពីដំណើរការរបស់អាគុយស្ងួត (lithium-ion) វានឹងអាច​កើតជាបញ្ហា»។

បន្ថែមពីលើ ហេតុការណ៍កើតចេញពីអាគុយ បញ្ហាចំនួនប្រាំផ្សេងទៀត ក៏បានកើតឡើងទន្ទឹមគ្នានេះផងដែរ នៅលើ យន្ដហោះប៊ូអ៊ីញ ៧៨៧ ដែលជាយានយន្ដ ទើបនឹងផលិតបានថ្មីៗ ដោយក្រុមហ៊ុនយក្សរបស់អាមេរិក ខាងផលិត​យន្ដហោះ។ ជាមួយនឹងហេតុអាក្រក់នេះហើយ ដែលធ្វើអាជ្ញាធរសហព័ន្ធអាកាសចរណ៍អាមេរិក ទាមទារអោយមាន ការស៊ើបអង្កេតមួយអោយបានស៊ីជម្រៅ ទៅលើប្រភេទយន្ដហោះនេះ មុននឹងដាក់អោយដំណើរការឡើងវិញ។

ដោយឡែកអគ្គនាយកក្រុមហ៊ុនផលិតយន្ដហោះ ប៊ូអ៊ីញ លោកជីម ម៉ាកន័រនី (Jim McNerney) បានចេញមកធានា​អះអាងថា «យើងនឹងចាត់វិធានការគ្រប់បែបយ៉ាងទាំងអស់ ដើម្បីធានាទៅដល់អតិថិជន និងអ្នកដំណើរ ពីសុវត្ថិភាព​ដ៏​ចម្បងរបស់យន្ដហោះនេះ និងដាក់អោយវាមានដំណើរការឡើងវិញ»។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន​ផលិតយន្ដហោះ  លោក ម៉ាកន័រនី បានសង្កត់ធ្ងន់ថែមទៀត ពី«ភាពទុកចិត្តថា យន្ដហោះប៉ូអ៊ីញ ៧៨៧ ប្រាកដ​ជា​មាន​សុវត្ថិភាពពិត»៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...