ដំណឹង​ផ្លូវការ៖ ថូម៉ាស តួរែល ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ក្រុម ប៉ារីស

គ្រូបង្វឹកជាតិអាល្លឺម៉ង់ លោក ថូម៉ាស តួរែល (Thomas Tuchel) ដែលធ្លាប់ដឹកនាំក្រុម ដ័រមូន (Borussia Dortmund - អាល្លឹម៉ង់) នឹងក្លាយជាគ្រូបង្វឹកថ្មី និងជាផ្លូវការ របស់ក្រុម ប៉ារីស (Paris Saint-Germain - បារាំង) ចាប់ពីដើមខែកក្កដាខាងមុខ សម្រាប់រយៈពេលពីររដូវកាល។ ក្រុមបាល់ទាត់ នៃរដ្ឋធានីរបស់ប្រទេសបារាំង ទើបនឹងប្រកាសឲ្យដឹង ពីដំណឹងនេះ នៅមុននេះបន្តិច។
ដំណឹង​ផ្លូវការ៖ ថូម៉ាស តួរែល ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ក្រុម ប៉ារីស
លោក ថូម៉ាស តួរែល នៅពេលលោក នៅដឹកនាំក្រុម ដ័រមូន របស់ប្រទេសអាល្លឹម៉ង់។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១៣ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 14, 2018
  • ប្រធានបទ: ក្រុមប៉ារីស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពាក្យដែលលេចឮ តាំងពីច្រើនសប្ដាហ៍មកនោះ បានក្លាយជាការពិត និងត្រូវបានក្រុមបាល់ទាត់ខ្លួនឯង ប្រកាសជាផ្លូវការ កាលពីប៉ុន្មាននាទីមុន។ បន្ទាប់​ពីលោក អ៊ូណៃ អេមរី (Unai Emery) គ្រូបង្វឹកជាតិអេស្ប៉ាញ ដែលត្រូវបញ្ចប់កិច្ចសន្យា នៅចុងរដូវកាលនេះ ក្រុម ប៉ារីស (Paris Saint-Germain - បារាំង) នឹងមានគ្រូបង្វឹកថ្មីជាតិអាល្លឺម៉ង់ គឺលោក ថូម៉ាស តួរែល (Thomas Tuchel)។

លោក ថូម៉ាស តួរែល អាយុ៤៤ឆ្នាំ មិនធ្លាប់ដឹកនាំក្រុមបាល់ទាត់ ឲ្យយកឈ្នះបានពានរង្វាន់ ច្រើនណាស់ណាទេ នៅក្នុងបទពិសោធន៍របស់លោក។ លោកបានបង្វឹក ក្រុមបាល់ទាត់យុវជន (អាយុ១៧ និងអាយុ១៩ឆ្នាំ) អស់ជាច្រើនឆ្នាំ មុននឹងចាប់ផ្ដើមបង្វឹកក្រុមបាល់ទាត់អាជីពដំបូង គឺក្រុម «Mayence (អាល្លឺម៉ង់)» ចាប់ពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៤។

បន្ទាប់មក លោកបានក្លាយជាគ្រូបង្វឹក របស់ក្រុម ដ័រមូន (Borussia Dortmund - អាល្លឹម៉ង់) នៅឆ្នាំ២០១៥ និងនៅដឹកនាំក្រុមនេះ រហូតដល់ឆ្នាំ២០១៧។ គឺនៅឆ្នាំចុងក្រោយនេះហើយ ដែលក្រុម ដ័រមូន បានឈ្នះ «ពានបាល់ទាត់អាល្លឺម៉ង់ ប្រចាំឆ្នាំ» ហើយក៏ជាពានតែមួយគត់ នៅក្នុងអាជីពជាគ្រូបង្វឹករបស់លោកដែរ។

លោកនឹងក្លាយជាគ្រូបង្វឹក ចាប់ពីដើមខែកក្កដាខាងមុខ សម្រាប់រយៈពេល២រដូវកាល របស់ក្រុម ប៉ារីស ដែលសម្បូរដោយតារាបាល់ទាត់ពិភពលោក ដូចយ៉ាងកំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar) ជាដើម។ លោក ថូម៉ាស តួរែល ត្រូវបានស្រង់សំដី មកចុះផ្សាយក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុម ប៉ារីស ដូច្នេះថា៖

«ជាមួយនឹងក្ដីរីករាយ មោទនភាព និងមហិច្ចតាដ៏ធំក្រៃលែង ដែលខ្ញុំបានចូលរួម ជាមួយក្រុមបាល់ទាត់​ដ៏ធំកម្រិតពិភពលោក ដូចយ៉ាងក្រុម ប៉ារីស សាំងហ្សែរម៉ាំង។ ខ្ញុំទន្ទឹងរង់ចាំធ្វើការ ជាមួយកីឡាករដ៏អស្ចារ្យទាំងអស់ ដែលក្នុងចំណោមកីឡាករល្អបំផុត នៅលើពិភពលោក។ ជាមួយនឹងក្រុមការងាររបស់ខ្ញុំ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីជួយក្រុមបាល់ទាត់ ឲ្យបោះជំហានទៅមុខបន្ថែមទៀត រហូតដល់កម្រិតអន្តរជាតិ ដ៏ខ្ពស់បំផុត។ ក្រុម ប៉ារីស មានសក្តានុពលដ៏អស្ចារ្យណាស់ ហើយវាក៏ជាវិញ្ញាសារដ៏រំភើបបំផុតដែរ សម្រាប់រូបខ្ញុំ។»

ជាមួយនឹងគ្រូបង្វឹកមុនៗ ក្នុងរយៈពេលច្រើនឆ្នាំចុងក្រោយ ក្រុម ប៉ារីស បានបំបាក់គូប្រកួត សឹងតែទាំងអស់ និងបានដណ្ដើម ក្លាយជាជើងឯក ឈ្នះពានរង្វាន់ នៅក្នុងប្រទេសបារាំង សឹងតែគ្រប់រដូវកាល។ តែក្ដីសុបិន្ត ដែលក្រុម ប៉ារីស ចង់បានបំផុតនោះ គឺឈ្នះពានរង្វាន់អ៊ឺរ៉ុប «Champions League»។ ក្នុងឆ្នាំនេះ ក្រុម ប៉ារីស បានហាលអាវនៅត្រឹមវគ្គ ១ភាគ៨ផ្ដាច់ព្រ័ត្រ បន្ទាប់ពីបានជួបប្រកួត ជាមួយក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) ដែលបានឈ្នះពានរង្វាន់មួយនេះ អស់រយៈពេល២រដូវកាលជាប់ៗគ្នា៕ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...