គីម សន្យា​ជា​មួយ ត្រាំ ថា​នឹង​រំសាយ​សព្វាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង ចេញ​ពី​ឧបទ្វីប​កូរ៉េ

ប្រធានាធិបតីអាមេរិក និងប្រមុខដឹកនាំកូរ៉េខាងជើង បានបញ្ជាក់​ពីការយល់ស្របរវាងគ្នា ដើម្បីបើកទំព័រថ្មីមួយ នៅក្នុងជំនួបជាប្រវត្តិសាស្ត្រ ក្នុងថ្ងៃអង្គារនេះ នៅឯប្រទេសសិង្ហបូរី។ ជំនួបបានបញ្ចប់ទៅ ដោយការចុះហត្ថលេខា នៅលើឯកសាររួម រវាងភាគីទាំងពីរ ជុំវិញការរំសាយសព្វាវុធនុយក្លេអ៊ែរទាំងស្រុង ចេញពីឧបទ្វីបកូរ៉េ។
គីម សន្យា​ជា​មួយ ត្រាំ ថា​នឹង​រំសាយ​សព្វាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង ចេញ​ពី​ឧបទ្វីប​កូរ៉េ
លោក គីម ជុង-អ៊ុន មេដឹកនាំកូរ៉េខាងជើង រួមដំណើរជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅក្នុងជំនួបកាលពីថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្នុងប្រទេសសិង្ហបូរី។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 12, 2018
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ការរំសាយសព្វាវុធនុយក្លេអ៊ែរ ចេញទាំងអស់ ពីឧបទ្វីបកូរ៉េ» ជាថ្នូរទៅនឹង «ការធានាពីសុខសន្តិភាព របស់កូរ៉េខាងជើង»។ នេះ ជាសេចក្ដីសង្ខេប នៃសេចក្ដីប្រកាសរួមមួយ រវាងលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក និងលោក គីម ជុង-អ៊ុន (Kim Jong-un) ប្រមុខដឹកនាំកូរ៉េខាងជើង បន្ទាប់ពីជំនួបកំពូល របស់មេដឹកនាំទាំងពីរ ដែលត្រូវបានរៀបចំធ្វើ នៅព្រឹកថ្ងៃអង្គារទី ១២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងប្រទេសសិង្ហបូរី។

ឯកសារ​នៃសេចក្ដីប្រកាសរួមនោះ បានសរសេរថា លោក គីម ជុង-អ៊ុន បានសន្យាពី «ការរំសាយសព្វាវុធនុយក្លេអ៊ែរចេញទាំងអស់ ពីឧបទ្វីបកូរ៉េ» ខណៈលោក ដូណាល់ ត្រាំ បានសន្យា ពីការធានាសម្រាប់ប្រទេសកូរ៉េខាងជើង នូវ«សុខសន្តិភាព» ដែលគ្មានការគម្រាមកំហែង។ លោក ត្រាំ បានលើកឡើងថា លោកបានបង្កើតឡើង នូវចំណងទាក់ទងយ៉ាងពិសេស ជាមួយមេដឹកនាំកូរ៉េខាងជើង និងបានអញ្ជើញលោក គីម ជុង-អ៊ុន ឲ្យទៅធ្វើទស្សនកិច្ច ក្នុងសេតវិមាន នាថ្ងៃណាមួយ។ ការអញ្ជើញនេះ ទំនងជាត្រូវបានលោក គីម ទទួលយល់ព្រម។ 

បន្ទាប់ពីបញ្ចប់ជំនួប លោក គីម ជុង-អ៊ុន បានឡើងយន្ដហោះ ចាកចេញ​ទៅកាន់​ប្រទេសកូរ៉េខាងជើង​វិញភ្លាម ខណៈលោក ដូណាល់ ត្រាំ វិញ បានបន្តនៅក្នុងប្រទេសសិង្ហបូរីទៀត ហើយបានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីអនុញ្ញាតឲ្យរូបលោក អាចបកស្រាយ​លំអិតឡើងវិញ ពីការព្រមព្រៀងនៅក្នុងជំនួប រវាងប្រទេសទាំងពីរ ជាពិសេស​ជុំវិញបញ្ហា រំសាយសព្វាវុធ​នុយក្លេអ៊ែរ។

នៅក្នុងសន្និសីទការសែតនោះ លោក ត្រាំ បានអះអាងថា លោក គីម បានសន្យាជាមួយលោក នឹងកំទេចមណ្ឌលសាកល្បងគ្រាប់បែកនុយក្លេអ៊ែរមួយចោល នៅក្នុងពេលឆាប់ៗ ខាងមុខនេះ។ រីឯសហរដ្ឋអាមេរិក ក៏នឹងសម្រេចបញ្ឈប់ការធ្វើសមយុទ្ធយោធា ជាមួយនឹងប្រទេសកូរ៉េខាងត្បូងដែរ។ សមយុទ្ធយោធា ដែលកូរ៉េខាងជើង តែងចាត់ទុកថា ជាការបង្ករឿងដ៏ខ្លាំងក្លា ចំពោះខ្លួន។ លោក ត្រាំ បានថ្លែងទៀតថា មន្ត្រីជំនាញរបស់អាមេរិក នឹងចុះទៅកូរ៉េខាងជើង​ដោយផ្ទាល់ ដើម្បីពិនិត្យមើល ដំណើរការនៃការរំសាយ សព្វាវុធនុយក្លេអ៊ែរ របស់របបកុម្មុយនីស្ដិ៍។

 

ប្រធានាធិបតីអាមេរិក បានថ្លែងនៅ ក្នុងសន្និសីទសារព័ត៌មានដដែលថា លោក និងសមភាគីរបស់លោក បានត្រៀមខ្លួនរួចជាស្រេចហើយ «ដើម្បី​ចាប់ផ្ដើមបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មីមួយ និងដើម្បីសរសេរ​សាច់រឿង​ថ្មីមួយ រវាង​ប្រទេស​ទាំងពីរ»។ បើតាមលោក ត្រាំ បានបញ្ជាក់ទៀតថា ការជួបជជែកគ្នារវាងរូបលោក និងលោក គីម ត្រូវបានធ្វើឡើង ដោយ​«ត្រង់ទៅត្រង់មក និងប្រកបដោយផល ជាវិជ្ជមាន»។

លោក ត្រាំ ក៏បានអះអាងដែរ ថាលោកបានជជែកជាមួយលោក គីម ជុំវិញបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េកុម្មុយនីស្ដិ៍ ប៉ុន្តែប្រធានាធិបតីអាមេរិក មិនបានបញ្ជាក់ថា តើការលើកឡើងនេះ ទទួលលទ្ធផលជាដុំកំភួន បែបណានោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...