អ៊ីស្ត្រាអែល​អួតអាង​ពី​ការ​បង្ហោះ F-35 វាយ​ប្រហារ​ក្នុង​តំបន់​ពីរ​ដង

អ៊ីស្ត្រាអែល បានបញ្ចេញយន្ដហោះសង្គ្រាម ប្រភេទ «F-35» របស់ខ្លួន ឲ្យធ្វើប្រតិបត្តិការសិក នៅក្នុងតំបន់ចំនួន ២ដង។ នេះ បើតាមការអះអាង របស់មេបញ្ជាការកងទ័ពអ៊ីស្ត្រាអែល កាលពីថ្ងៃអង្គារ។ ការបង្ហោះនេះ នឹងធ្វើឲ្យប្រទេសអ៊ីស្ត្រាអែល ក្លាយជាប្រទេសដំបូងគេ ក្នុងការប្រើប្រាស់ យន្ដហោះដ៏ទំនើប ផលិតដោយសហរដ្ឋអាមេរិក នៅលើសមរភូមិប្រយុទ្ធ។
អ៊ីស្ត្រាអែល​អួតអាង​ពី​ការ​បង្ហោះ F-35 វាយ​ប្រហារ​ក្នុង​តំបន់​ពីរ​ដង
យន្ដហោះសង្គ្រាម «F-35» របស់សហរដ្ឋអាមេរិក។ (រូបថតឯកសារ)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១៥ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 23, 2018
  • ប្រធានបទ: សព្វាវុធ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេបញ្ជាការកងទ័ពអ៊ីស្ត្រាអែល លោកឧត្ដមសេនីយ៍ «Amikam Norkin» បានប្រកាសក្នុងសន្និសីទការសែត នាក្រុង «Herzliya» (ភាគកណ្ដាលប្រទេស) កាលពីថ្ងៃអង្គារថា យន្ដហោះប្រភេទ «F-35» ឈ្មោះ «Adir» ដែលមានន័យ​ហៅថា «អានុភាព» បានចេញធ្វើ​«ប្រតិបត្តិការ និងរួមចំណែក ក្នុងបេសកកកម្មវាយលុក»។ 

លោកមេទ័ពអ៊ីស្ត្រាអែល បានបន្តថា៖ «យើងបានបើកការវាយប្រហារ ដំបូងគេ នៅលើពិភពលោក ចេញពីយន្ដហោះប្រភេទ "F-35" មួយគ្រឿង។ (...) យើងបានវាយលុកពីរដង នៅក្នុងតំបន់មជ្ឈឹមបូព៌ា ដោយប្រើយន្ដហោះ "F-35" ហើយយើងជាប្រទេសដំបូងគេ ដែលបានប្រើយន្ដហោះប្រភេទនេះ។»។

លោកឧត្ដមសេនីយ៍ មិនបានបញ្ជាក់ឲ្យច្បាស់ថា តើការវាយប្រហារ ដោយប្រើយន្ដហោះសង្គ្រាមខាងលើ ត្រូវបានធ្វើឡើង នៅទីណា និងពេលណាទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កងទ័ពអាកាសអ៊ីស្ត្រាអែល ធ្លាប់បានបញ្ចេញយន្ដហោះ (មិនមែន F-35) ឲ្យធ្វើការវាយប្រហារ ទៅលើគោលដៅសំខាន់ៗ ចំនួនជាង១០ ដែលស្ថិតក្នុងទឹកដី នៃប្រទេសជិតខាងរបស់ខ្លួន។ ក្នុងនោះ ដូចជាការវាយប្រហារ ទៅលើកងទ័ព​របស់របបប្រធានាធិបតី បាឆារ អាល់-អាសាធ (Bachar al-Assad) នៃប្រទេសស៊ីរី - ក្បួនដឹកជញ្ជូនអាវុធ របស់ក្រុម ហេស្បូឡា (Hezbollah) ក្នុងប្រទេសលីបង់ និងចុងក្រោយថ្មីៗនេះ គឺវាយប្រហារ ទៅលើទីតាំងសិកមួយចំនួន របស់ប្រទេសអៀរ៉ង់។

កាលពីចុងឆ្នាំ២០១៦ ប្រទេសអ៊ីស្ត្រាអែល ដែលល្បីថាមានកងទ័ព ពោរពេញដោយអានុភាពស្រាប់ បានទទួលយន្តហោះសង្គ្រាម «F-35» ដំបូងគេ ដើម្បីយកមកបំពាក់ ឲ្យកងទ័ពរបស់ខ្លួន កាន់តែមានប្រៀបជាងប្រទេសជាច្រើន នៅក្នុងតំបន់ ដែលសុទ្ធសឹងជាសត្រូវ របស់ខ្លួន។ មកដល់ថ្ងៃនេះ រដ្ឋអេប្រ៊ឺ (ឈ្មោះប្រទេសអ៊ីស្ត្រាអែល) មានយន្ដហោះដ៏ទំនើបខាងលើ ចំនួន៥០គ្រឿង ដែលផលិតដោយសហគ្រាសអាមេរិក ឈ្មោះ «Lockheed Martin» និងដែលត្រូវបាន ដាក់ឈ្មោះបន្ថែម ហៅថា «Adir» ឬ «អានុភាព»។

កាលពីខែធ្នូ ឆ្នាំទៅម៉ិញ ប្រទេសអ៊ីស្ត្រាអែលបានប្រកាសថា យន្ដហោះ «អានុភាព» របស់ផងខ្លួន អាចធ្វើប្រតិបត្តិការបាន តែនៅពេលនោះ អ៊ីស្ត្រាអែលនៅមិនទាន់អះអាងថា មានការវាយប្រហារ ដោយប្រើយន្ដហោះប្រភេទថ្មីនេះ នៅឡើយ។

កាលពីថ្ងៃទី១០ ខែឧសភា គោលដៅយោធារបស់ប្រទេសអៀរ៉ង់ ចំនួន១០កន្លែង នៅក្នុងប្រទេសស៊ីរី បានរងការវាយប្រហារយ៉ាងចាស់ដៃ ពីសំណាក់កងទ័ពអាកាសអ៊ីស្ត្រាអែល។ ប្រទេសនេះអះអាងថា ការវាយប្រហារខាងលើ ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងការបាញ់រ៉ុក្កែត ពីសំណាក់កងទ័ពអៀរ៉ង់ ចូលក្នុងទឹកដីដែលខ្លួនកាន់កាប់ នៃតំបន់ «Golan»។ ការវាយប្រហារ បានសម្លាប់​ទាហាន ស្និតរបបលោក បាឆារ អាល់អាសាធ ចំនួន២៧នាក់ ក្នុងនោះ១១នាក់ ជាទាហានអៀរ៉ង់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...