រង្វាន់«ណូបែល» សម្រាប់ដំណើរការប្រជាធិបតេយ្យ នៅតួនេស៊ី
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៩ តុលា ២០១៥
- កែប្រែចុងក្រោយ: October 10, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពួកគេបានជួយឲ្យមានការផ្លាស់ប្ដូរ តាមបែបប្រជាធិបតេយ្យ នៅក្នុងប្រទេសតួនេស៊ី។ ហើយបើសិន ជាគ្មានពួកគេនោះទេ លិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នឹងមិនអាចមាន មកដល់ថ្ងៃនេះបានទេ នៅក្នុងប្រទេស នៃទ្វីបអាហ្វ្រិកខាងជើងមួយ ដែលបានធ្វើបដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍ផ្លារីកដំបូងគេ (ក្នុងខែមករា ឆ្នាំ២០១១)។ នេះជាអ្វី ដែលគណៈកម្មការពានរង្វាន់ «ណូបែលសន្ដិភាព» នៅក្នុងប្រទេសណ័រវេស បានអបអរសាទរ ការងារជាផ្លែផ្កា របស់អង្គការសង្គមស៊ីវិលចំនួន៤ នៅក្នុងប្រទេសតួនេស៊ី ដើម្បីឈានទៅប្រគល់ ពានរង្វាន់«ណូបែលសន្តិភាព» ប្រចាំឆ្នាំនេះ ទៅឲ្យពួកគេ។
អង្គការសង្គមស៊ីវិលទាំងបួននោះ រួមមាន៖ សហជីពសហព័ន្ធការងារ (Union générale Tunisienne du Travail) សហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងហត្ថកម្ម (Union tunisienne de l'industrie, du commerce et de l'artisanat) សម្ព័ន្ធសិទ្ធិមនុស្ស (Ligue Tunisienne des Droits de l’Homme) និងគណៈមេធាវី (Ordre des Avocats tunisiens) របស់ប្រទេសតួនេស៊ី។
សេដ្ឋវិទូជាតិតួនេស៊ី លោក «Abdeljelil Bédoui» ដែលធ្លាប់ជារដ្ឋមន្ត្រីមួយរូប និងជាសមាជិករបស់ សហជីពសហព័ន្ធការងាររបស់ប្រទេសតួនេស៊ី បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ពានរង្វាន់នេះ ជាការលើកទឹកចិត្តដ៏ធំមួយ សម្រាប់អនាគត។ លោក បានថ្លែងថា៖ «វាគ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ។ ជំហាននេះ បានកំណត់ឲ្យធ្វើការផ្សព្វផ្សាយ រដ្ឋធម្មនុញ្ញលើកទីមួយ។ ប៉ុន្តែរដ្ឋធម្មនុញ្ញនេះ ទោះជាមានចំណុចល្អៗ ត្រូវបានដាក់ចូលក៏ដោយ តែរឿងដែលសំខាន់នោះ គឺត្រូវយកវា មកអនុវត្តន៍។»
បដិវត្តន៍ផ្កាម្លិះដ៏អស្ចារ្យ របស់ប្រទេសតួនេស៊ី...
តាំងពីឆ្នាំ២០១៣ រហូតមកទល់ការអនុម័តរដ្ឋធម្មនុញ្ញ កាលពីខែមករាឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិលទាំងបួន បានជំរុញឲ្យចលនានិយមអ៊ីស្លាម និងចលនានិយមកណ្ដាល (មិនជឿលើសាសនា) ឲ្យជួបជជែកគ្នា ក្នុងខណៈពេលដែលអំពើហិង្សា កំពុងពង្រីកខ្លួន នៅក្នុងប្រទេសប្រទេស។ ដំណើរការ និងសកម្មភាពរបស់ក្រុមអង្គការទាំងនេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសលោកខាងលិចជាច្រើន ធ្វើការលើកទឹកចិត្ត។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលអាល្លឺម៉ង់ លោក «Steffan Seibert» បានថ្លែងថា៖ «សមាជិកនៃក្រុមអង្គការទាំងបួន បានធ្វើការងារដ៏ស្មុគ្រស្មាញមួយ ដែលឈានទៅដល់ការអនុម័តរដ្ឋធម្មនុញ្ញ។ ពួកគេបានផ្ដល់នូវក្ដីសង្ឃឹម ទៅដល់ប្រជាជនរបស់ពួកគេ និងពិភពលោក។ ក្ដីសង្ឃឹម ដែលគិតថា លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ គឺពិតជាអាចធ្វើទៅបាន បើទោះជាស្ថិតក្នុងលក្ខខណ្ឌដ៏ពិបាក ប្រៀបធៀបនឹងស្ថានការណ៍ ក្នុងតំបន់ក៏ដោយ។»
សម្រាប់សេដ្ឋវិទូ លោក «Abdeljelil Bédoui» ដដែល បានគិតថា សហគមន៍អន្តរជាតិ ត្រូវចូលរួមចំណែក ក្នុងការថែរក្សាក្ដីសង្ឃឹមនេះ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំជឿថា អ្នកទាំងអស់គ្នា ដែលជាប់ពាក់ព័ន្ធ បានសម្ដែងក្ដីកង្វល់របស់ពួកគេ ព្រោះវាជាដំណើរការមួយ ដែលមានរយៈពេលវែង និងជានិច្ចជាកាល ស្ថិតក្រោមការគម្រាម។»
សូមបញ្ជាក់ដែរថា ពានរង្វាន់«ណូបែលសន្តិភាព» ប្រចាំឆ្នាំនេះ នឹងត្រូវប្រគល់ជូន នៅថ្ងៃទី១០ ខែធ្នូខាងមុខ ក្នុងរាជធានី អូស្លូ ប្រទេសណែវេស៕