សំនុំ​រឿង​វ៉ាលីយ៉េ​ជា​​ករណី​«ឃាតកម្ម»​ដ៏​រន្ធត់? (បទ​យកការណ៍​ស៊ើប​អង្កេត ភាគ១)

មួយឆ្នាំក្រោយ ពីការរកឃើញសាកសពរបស់លោក ឡូរ៉ង់ វ៉ាលីយ៉េ និងកូនទាំងបួនរបស់គាត់នោះមក តុលាការ​​កម្ពុជា​បាន​សង្ស័យ​ថា សំនុំរឿងនេះជា«ករណីឃាតកម្ម»។ ជនរងគ្រោះឪពុក-កូន ទាំងប្រាំនាក់ ត្រូវបាន​គេ​រក​ឃើញ ជាប់​នៅ​ក្នុង​រថយន្ដ ៤X៤ របស់ខ្លួន ចតត្រាំក្នុងទឹកត្រពាំង ក្នុងបរិវេណដីផ្ទះរបស់គាត់ ប្រមាណជាបួនខែក្រោយ​​ពេល​​បាត់​ខ្លួន។
សំនុំ​រឿង​វ៉ាលីយ៉េ​ជា​​ករណី​«ឃាតកម្ម»​ដ៏​រន្ធត់? (បទ​យកការណ៍​ស៊ើប​អង្កេត ភាគ១)
នគរបាលខ្មែរ នៅពេលរកឃើញ សាកសព នៅក្នុងរថយន្តមួយ ដែលត្រាំទឹកជិត៤ខែកន្លងមក។
Loading...
  • ដោយ: ដារា រិទ្ធ ដោយ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មករា ២០១៣
  • កែប្រែចុងក្រោយ: May 07, 2014
  • ប្រធានបទ: ស៊ើបអង្កេត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អត្ថបទផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣
---------------------------------------------

សមាជិកជាច្រើននាក់ ដែលជាប់សាច់ឈាមខាងភរិយាជាជនជាតិខ្មែរ របស់លោក ឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) នឹងត្រូវបង្ហាញខ្លួននៅថ្ងៃទី​២៤ ខែ​មករា ក្នុងសប្ដាហ៍នេះ នៅចំពោះមុខលោក ឆឹម រិទ្ធី ចៅក្រម​​ស៊ើប​អង្កេត​​ខេត្ត​​កំពង់​ស្ពឺ។ ភរិយាជនជាតិខ្មែររបស់លោក បានស្លាប់ចោលលោកតាំងពីឆ្នាំ២០០៩មក ហើយ​បន្សល់​ទុក​កូន​ទាំង​បួននាក់ អោយ​រស់នៅជាមួយលោក។ អាជ្ញាធរខ្មែរ​ បានចាត់ទុកករណីនេះ ជាការ​សម្លាប់​ខ្លួន​របស់​លោក ឡូរ៉ង់ តែ​សម្រាប់​គ្រួសារ​ជា​ជនជាតិបារាំង ជារឿងមួយមិនគួរអោយជឿបាន។

សំនុំរឿងនេះ ត្រូវបានសើរើគាស់កកាយមកវិញ ដោយមកពីខាងបងប្អូនទាំងប្រុសស្រី របស់លោក វ៉ាលីយ៉េ បានដាក់​ពាក្យបណ្ដឹងមួយ ទៅកាន់តុលាការ ក្រោមបទសង្ស័យ៖ «ឃាតកម្ម»។ ក្នុងពេលបច្ចុប្បន្ននេះ ចៅក្រម​កម្ពុជាក្នុងខេត្ត​កំពង់ស្ពឺ កំពុងធ្វើការក្នុងករណីនេះ យ៉ាងជិតស្និតជាមួយ នឹងចៅក្រមស៊ើប​អង្កេត​របស់​បារាំង មកពីទីក្រុងប៉ារីស។

ធាតុពិតខ្លះៗ នៃការស៊ើបអង្កេត !

ទោះជាលោកចេញទៅរស់នៅក្នុងប្រទេសកម្ពុជា ដែលជាស្រុកកំណើតរបស់ភរិយាលោកក៏ដោយ ក៏ជន​ជាតិ​បារាំង​រូប​នេះ តែងអោយដំណឹង រវាងពី១៥ថ្ងៃម្ដងមកគ្រួសារគាត់ ស្ថិតក្នុងតំបន់ អូត៍ ពីរ៉េណេ (Hautes-Pyrénées) ក្នុង​ប្រទេស​បារាំងជានិច្ច។ ប៉ុន្តែនៅខែកញ្ញាឆ្នាំ២០១១ គ្រួសាររបស់លោកនៅបារាំង បាន​បាត់​ដំណឹង​សូន្យ​ឈឹង​​តែ​ម្ដង​ពីលោក។ ក្រុម​គ្រួសារដែលរស់នៅ លើភ្នំប៉ែកខាងត្បូងប្រទេសបារាំងទាំងនេះ យល់​ថា វា​ជា​«ការបាត់​ខ្លួន ដ៏ចំលែក» របស់​ជន​ជាតិ​បារាំងរូបនេះ ទាំងបើគេបានដឹងថា លោក ឡូរ៉ង់ មាន​វត្តមាន នៅក្នុង​ទឹកដី​កម្ពុជា​នៅឡើយ។


រូបថតអាពាហ៍ពិពាហ៍ របស់លោកឡូវ៉ង់ វ៉ារីយ៉េ និងភរិយារបស់លោក។

ក្នុងពេលនោះ អាជ្ញាធរខ្មែរមិនសូវជាបានយកចិត្តទុកដាក់ នឹងការអោយដំណឹង ពី«ការបាត់ខ្លួន» របស់​ស្ថានទូត​​បារាំង ប្រចាំនៅទីក្រុងភ្នំពេញនោះប៉ុន្មានទេ ដោយគ្រាន់តែបានចុះមកត្រួតពិនិត្យ ក្នុងភូមិ​គ្រឹះ​«ទទេ» ដែល​លោក​ឡូរ៉ង់ វ៉ារីយ៉េ ធ្លាប់រស់នៅជាមួយនឹងកូនទាំងបួនប៉ុណ្ណោះ។ «ការបាត់ខ្លួន» នៅតែគ្មាន​ដំណឹង រហូតមកដល់​ព្រឹត្តិការណ៍ ក្នុងខែមករា​ឆ្នាំ២០១២ នៃការរកឃើញរថយន្ដ«នីសាន់» ប្រភេទ​៤X៤​មួយ​គ្រឿង ត្រាំលិចទៅក្នុង​ទឹក​ត្រពាំងក្នុងភូមិគ្រឹនោះ មិនតិច​ជាង៣ខែមកហើយ។

អ្វីដែលគួរអោយតក់ស្លុត គឺនៅក្នុងរថយន្ដដែលចាក់សោរទ្វាជាប់នោះ មានសាកសពនៅសល់តែគ្រោងឆ្អឹង របស់​មនុស្ស​ប្រាំនាក់៖ ម្នាក់ជាមនុស្សចាស់ នឹងបួននាក់ទៀតជាកុមារ។ ហួសពីអ្វីដែលគេអាចយល់បាន គ្រោង​ឆ្អឹង​របស់​កុមារពីរនាក់ ត្រូវបានខ្ចប់ទុកនៅក្នុងវ៉ាលីសមួយ ដាក់នៅក្នុងឃ្លុបខាងក្រោយរបស់រថយន្ដ។ រថយន្ដនេះ ត្រូវបានរក​ឃើញ និងអោយ​ដំណឹង ដោយអ្នកភូមិផងរបងជាមួយ ខណៈ​ពួកគាត់​ទៅដាក់​អន្ទាក់​សត្វ​ស្លាប នៅជុំវិញតំបន់នោះ។

សាកសពទាំងនេះ មានអាយុកាលមកជាច្រើនខែ ធ្វើឲ្យមានការពិបាកក្នុងការកំណត់ ពីអត្តសញ្ញាណ និង​ហេតុភេទ​អោយពិតប្រាកដ។ គេគ្រាន់តែដឹងថា មនុស្សចាស់ដែលទំនងជា លោក ឡូរ៉ង់ វ៉ារីយ៉េ អង្គុយ​នៅ​ផ្នែក​ខាងមុខរថយន្ដ ក្បែរនឹងកៅអីពូក ដែលមានកោដដាក់ធាតុភរិយារបស់លោក នៅពីលើ។ ចំណែក​ឯ​កុមារ​ផ្សេង​ទៀត គ្រោងឆ្អឹង​ស្ថិត​នៅ​រាយប៉ាយ បែកខ្ញែកពីគ្នា មិនដឹងថារូបរាងរបស់អ្នកណាអោយពិតប្រាកដ​ទេ។ ដូច្នេះ​រឿង មានតែម៉្យាង៖ គេត្រូវទុក​សមត្ថកិច្ចនេះ អោយទៅភ្នាក់ងារនគរបាលកម្ពុជា ផ្នែក​កោសល្យវិច្ច័យ ដើម្បីធ្វើការវិនិច្ឆ័យ។ តែមិនដូចការសង្ឃឹមទុក​ឡើយ ព្រោះនៅប៉ុន្មានថ្ងៃក្រោយមក គេនៅតែឃើញ​កំទេច​ឆ្អឹង​ទាំង​នេះ នៅរាយប៉ាយលើដី នៅជុំវិញផ្ទះនេះដដែល។

ស្លាកស្នាមគួរអោយសង្ស័យ

តាមការទទូចសុំរបស់អាជ្ញាធរដែនដី សាកសពទាំងនេះ វិះតែនឹងត្រូវគេបញ្ចុះរួចបាត់ទៅហើយ នៅ​មុន​កិច្ច​អន្តរាគមន៍ នៃ​កិច្ចការទូតបារាំង ដែលបានសុំអោយផ្អាក នូវការបញ្ចុះសាកសពនោះ។ ចាត់តាំងដោយ​ក្រសួង​ការបរទេស ក្រុម​ការងារ​មួយ នៃវិទ្យាស្ថានស្រាវជ្រាវឧក្រិដ្ឋកម្ម របស់នគរបាលអាវុធហត្ថជាតិបារាំង បាន​ចុះ​មក​កម្ពុជា ដើម្បី​ធ្វើ​កោសល្យវិច្ច័យ និងការសិក្សាលើអាដេអិន (ADN) ឡើងវិញ។

ការសិក្សាវិភាគ ដែលបានធ្វើនៅមន្ទីរពេទ្យនារាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់គ្រូពេទ្យបារាំង ជំនាញ​ខាងការ​ស៊ើបអង្កេត លោក ស្ដេហ្វាន ឆាប៉េន័រ (Stéphane Chapenoire) បានទម្លុះបានភ្លាមៗ នូវរាល់​ការ​សង្ស័យ​ទាំងឡាយ។ អត្តសញ្ញាណរបស់ជនរងគ្រោះ ត្រូវបានបញ្ជាក់ ដោយសារស្នាមប៉ះឆ្អឹងមួយ លើ​ស្មង​ជើង​របស់លោក ឡូរ៉ង់ វ៉ាលីយ៉េ តាំងពីលោកបានរងគ្រោះថ្នាក់ ក្នុងការលេងស្គី កាលពីនៅក្មេង។

ដោយមានចុះហត្ថលេខាពីគ្រូពេទ្យខ្មែរចំនួនបីនាក់ផង របាយការណ៍នៃកោសល្យវិច្ច័យ បានបង្ហាញ​នូវ​ចំនុច​គួរ​អោយ​សង្ស័យជាច្រើន។  លលាដ៍ក្បាលរបស់កុមារពីរនាក់ ត្រូវបានគ្រូពេទ្យរកឃើញថា​មានស្លាក​ស្នាម​ដ៏​ចម្លែក៖ លលាដ៍​របស់កុមារម្នាក់ ទំនងជាត្រូវបានទម្លុះ ដោយវត្ថមួយដែលមុតស្រួច និងម្នាក់ទៀត​ត្រូវ​បាន​រក​ឃើញ ថាមានការ​បែក​ស្រាំ។

តែទោះជាយ៉ាងនេះក៏ដោយ ក៏លោក គាត​ ចាន់ថារិទ្ធ អ្នក​នាំពាក្យ​នគរបាល​ជាតិកម្ពុជា បានសន្និដ្ឋានថា ករណី​​លោក​ឡូរ៉ង់ វ៉ាលីយ៉េ ជាការសម្លាប់ខ្លួន។ តាមអ្នកនាំពាក្យរូបនេះ ជនជាតិបារាំងទំនង​ជា​ប្រញាប់​ប្រញាល បើកឡានចុះទឹក ក្រោយបន្ទាប់ពីបានសន្ដំកូនរបស់គាត់រួច។ មួយទៀតខាងនគរបាល​កម្ពុជា​មិន​បាន​រកឃើញ មានស្នាមជើងមនុស្ស ណាម្នាក់ នៅមាត់ត្រពាំងនោះទេ។ អ្នកស្និតនឹងការស៊ើបអង្កេត លើក​ជា​សំនួរថា តើនគរបាលរកឃើញ​ស្នាមជើង​យ៉ាង​ដូចម្ដេច ប្រសិនបើហេតុការណ៍កើតឡើង តាំងពីជិត​បួនខែ​មក​ហើយ ហើយថែមទាំង​មាន​ភ្លៀងធ្លាក់​ផងទៀត​នោះ?

សូមអាន បទយកការណ៍ស៊ើបអង្កេតនេះ ក្នុងភាគទី២ជាបន្ត

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...