ចៅក្រម​ស៊ើបសួរ​ចោទ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ និង​កោះ​ឲ្យ​ចូល​ខ្លួន

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ឋាវរៈ បានចេញដីកា កោះហៅព្រះតេជគុណ ប៊ុត ប៊ុនតិញ ឲ្យចូលព្រះកាយ ដោយចោទព្រះសង្ឃអង្គនេះ ពីបទរំលោភលើទំនុកចិត្ត។ ដីកានេះ ធ្វើឡើងបន្ទាប់ពីលោក មឿង តុលា ដែលរងបណ្ដឹងតែមួយ ជាមួយព្រះសង្ឃ ប៊ុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង ត្រូវបានរដ្ឋាភិបាលកម្ពុជា លាងកំហុសពីការចោទប្រកាន់នោះ។
ចៅក្រម​ស៊ើបសួរ​ចោទ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ និង​កោះ​ឲ្យ​ចូល​ខ្លួន
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 10, 2018
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដីកាចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ របស់លោក អ៊ី ឋាវរៈ ចៅក្រមស៊ើបសួររបស់សាលាដំបូងរាជធានី បានបង្គាប់មកស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌​សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលកំពុងមានវត្តមាន នៅឯសហរដ្ឋអាមេរិក ឲ្យចូលព្រះកាយ នៅព្រឹកថ្ងៃទី២៣ ខែឧសភា​ខាងមុខ នៅក្នុងសំនុំរឿងព្រហ្មទណ្ឌ លេខ៥៧៥០ ក្រោមបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។

នៅក្នុងដីកានោះ ចៅក្រមស៊ើបសួរខាងលើ បានសរសេរ«ចោទប្រកាន់» ប្រឆាំងព្រះសង្ឃ ប៊ុនតិញ ពីបទ​«រំលោភ​ទំនុកចិត្ត» តាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។ នៅចុងបញ្ចប់ មានសរសេរព្រមានថា៖ «ក្នុងករណីមិនចូលខ្លួន តាមកាលកំណត់ខាងលើនេះទេ យើងនឹងចេញដីកា បង្គាប់​ឲ្យនាំខ្លួន»។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាជនពាក់ព័ន្ធមួយអង្គ ពីក្នុងជនពាក់ព័ន្ធបីអង្គ/​រូប ដែលត្រូវលោក ពេជ្រ ស្រស់ ប្ដឹងទៅកាន់តុលាការ ដើម្បីអ្វីមួយ ដែលប្រធានគណបក្សរូបនេះ អះអាងថា ជាការ​«​បំភ្លឺ»​ពីដំណើរស្វែងរកការពិត លើប្រាក់បច្ច័យ បានមកពីការចូលបុណ្យសព លោកបណ្ឌិត កែម ឡី កាលពីអំឡុងឆ្នាំ ២០១៦។

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់ ដែលជាប់ពាក់ព័ន្ធ នៅក្នុងបណ្ដឹងនេះដែរ ត្រូវបានរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លាងសម្អាតឲ្យរួចផុត ​ពីការចោទប្រកាន់របស់តុលាការ ក្រោមមូលហេតុ «ដើម្បីធានាសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ»។ នេះ បើតាមលិខិតប្រកាសព័ត៌មានមួយ របស់ក្រសួង ដែលចេញផ្សាយ កាលពីចុងខែមេសា។

សមាជិក​មួយ​រូបទៀត ​នៃ​គណៈកម្មការ​រៀបចំ​បុណ្យ​សពលោក កែម ឡី គឺលោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការផ្សព្វផ្សាយឯករាជ្យ ដែលរងបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ដូចគ្នា បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមុននេះថា រូបលោកមិនទាន់​ទទួលបាន​ដីកាកោះឲ្យចូលខ្លួន ពីសំណាក់ចៅក្រមស៊ើបសួរ របស់សាលាដំបូងនៅឡើយ។

ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានមានថេរដីកាប្រតិកម្មយ៉ាងខ្លី តបទៅនឹងដីកាខាងលើ ក្នុងបណ្ដាញសង្គមថា៖ «ពួកចោរចេញច្បាប់ ចោទ ប៉ងចាប់មនុស្សគ្មានកំហុស។ អ្នកចោទពាលា អ្នកជាឈឺចាប់។»។

ក្នុងពេលកន្លងមក ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យអង្គនេះ ធ្លាប់​បានចាត់ទុកលោក ពេជ្រ ស្រស់ ថាគ្រាន់តែ​ជា​«អ្នកស៊ីឈ្នួលប្ដឹង»ម្នាក់ប៉ុណ្ណោះ ខណៈប្អូនប្រុស​​បង្កើត​​​របស់​លោក កែម ឡី គឺលោក កែម រិទ្ធិសិត បានបង្ហាញជំនឿ ក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី​ថា ក្រុម​សមាជិក​គណៈកម្មការ​រៀប​ចំ​បុណ្យ​សព មិនបាន​កិបកេង​លុយកាក់ ពី​ការ​ចូល​បុណ្យ​នោះ​ឡើយ​។

​​អ្នកស្រី ប៊ូ រចនា ភរិយា​របស់​លោក កែម ឡី ក៏បាន​ជំទាស់​ចំពោះ​បណ្ដឹង របស់លោក ពេជ្រ ស្រស់ ដែរ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ជាងការរករឿង អ្នកចូលរួម រៀបចំធ្វើបុណ្យសព ជូនស្វាមីអ្នកស្រីនេះ អ្នកស្រី ប៊ូ រចនា បាន​ទាមទារ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល តាមរក​ឃាតករ​ពិត​សម្លាប់ លោក កែម ឡី កាលពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦ នោះ យកមកផ្ដន្ទាទោសឲ្យបាន។

ការ​លាងសម្អាត​ ពីសំណាក់រដ្ឋាភិបាល ក្នុង​ការ​ទម្លាក់​ចោលបទ​ចោទ​ ត្រូវបានលោក មឿន តុលា ថ្លែងអបអរ ​តែលោកបាន​រំពឹងបន្ថែម​ថា ​នឹង​មាន​ការ​ទម្លាក់​បទ​ចោទ សម្រាប់​អតីត​គណៈកម្មការ​បុណ្យ ​ពីរ​រូប​ទៀតដូច​គ្នា។ ដោយឡែក លោក ប៉ា ងួនទៀង បានបញ្ជាក់បន្តថា អ្វីៗទាំងអស់អាស្រ័យ​លើរដ្ឋាភិបាលកម្ពុជា ហើយមានការចោទប្រកាន់ ឬអត់ ពីសំណាក់តុលាការ វាអាស្រ័យលើរដ្ឋាភិបាលកម្ពុជា ដែលចង់បានយ៉ាងនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...