ក្រសួង​បរិស្ថាន​ចាត់ការ​លើ​ការ​ប្រមាញ់​សត្វ​ព្រៃ​មាន​ប្រសិទ្ធភាព ផ្ទុយ​ពី​ករណី​កូន​ប្រសារ ហ៊ុន សែន

ជាទិដ្ឋភាព​ដែលមានទម្ងន់ពីរផ្សេងគ្នា ពីសំណាក់ក្រសួងបរិស្ថាន ទល់នឹងការបែកធ្លាយរូបភាពដូចគ្នា ជុំវិញការប្រមាញ់​​សត្វព្រៃ​ខុសច្បាប់។ ខុសគ្នា ព្រោះការបែកធ្លាយនាពេលនេះ ទាក់ទងនឹងពលរដ្ឋសាមញ្ញ ខណៈការបែកធ្លាយដូចគ្នា កាលពីលើកមុន ទាក់ទងនឹងលោក សុខ ពុទ្ធិវុធ កូនប្រុសសពលោក សុខ អាន និងជាកូនប្រសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រសួង​បរិស្ថាន​ចាត់ការ​លើ​ការ​ប្រមាញ់​សត្វ​ព្រៃ​មាន​ប្រសិទ្ធភាព ផ្ទុយ​ពី​ករណី​កូន​ប្រសារ ហ៊ុន សែន
ពីឆ្វេងទៅស្ដាំ៖ រូបស្ត្រីចាប់សត្វព្រៃ ដែលត្រូវបានបង្ហោះ នៅលើទំព័រយូធូបរបស់នាង និងរូបលោក សុខ ពុទ្ធិវុធ កូនប្រុសសពលោក សុខ អាន និងជាកូនប្រសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងការបរបាញ់សត្វមួយ ដែលត្រូវបានបង្ហោះ នៅលើហ្វេសប៊ុក។
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញថ្ងៃទី ១០ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 10, 2018
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីបំផុតទៅ នៅថ្ងៃទី១០ ខែឧសភានេះ ស្ត្រីមួយរូប ដែលស្ថិតនៅក្នុងរូបភាព ជាមួយសត្វព្រៃជាច្រើន ហើយដែលត្រូវបានបង្ហោះ នៅតាមបណ្ដាញចែករំលែកវីដេអូ យូធូប (Youtube) និងស្វាមីរបស់នាង បានចូលខ្លួនមកក្រសួងបរិស្ថាន ដើម្បីសារភាពទោសកំហុស បន្ទាប់ពីក្រសួងមួយនេះ បានប្រកាសចាត់វិធានការផ្លូវច្បាប់ កាលពីម្សិលម៉ិញ ប្រឆាំងនឹងទង្វើបរបាញ់សត្វខុសច្បាប់ ដែលគេគិតថា ជាការប្រព្រឹត្តិឡើង ដោយស្វាមីភរិយាទាំងពីរ។

ទាំងពីរនាក់ប្ដីប្រពន្ធ បានអះអាងឡើងថា សត្វព្រៃដែលឃើញ នៅក្នុងរូបភាពទាំងនោះ មិនមែនពួកគេជាអ្នកសម្លាប់ឡើយ តែជាសត្វដែលពួកគេទិញបន្តពីគេ ហើយយកមកថតវីដេអូ និងរូបភាពដើម្បីបង្ហោះ តាម Toutube និង Facebook ក្នុងគោលបំណង គ្រាន់តែស្វែងរកថវិកាតែប៉ុណ្ណោះ។ នៅចំពោះមុខមន្រ្តីក្រសួងបរិស្ថាន ពួកគេទាំង២នាក់ បានធ្វើកិច្ចសន្យា  អំពីទោសកំហុសរបស់ពួកគេ ហើយនឹងបញ្ឈប់ទង្វើបែបនេះទៅទៀត។

 

កាលពីប៉ុន្មានថ្ងៃមុន រូបភាពជាច្រើន របស់អ្នកទាំងពីរ ដែលទំនងជាដកស្រង់ ចេញពីទំព័រយូធូប​ឈ្មោះ «Natural Life TV» ត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម បង្កឲ្យមានប្រតិកម្មពោរពេញ។ រូបភាពទាំងនោះ បង្ហាញពីសត្វព្រៃជាច្រើនប្រភេទ ទាំងងាប់ ទាំងរស់ និងមានសត្វខ្លះ ជាប្រភេទសត្វកម្រ ដែលត្រូវទប់ស្កាត់ដោយច្បាប់ ទល់នឹងការផុតពូជ​ថែមទៀត។ នៅចំពោះប្រតិកម្មដ៏ខ្លាំងក្លា ពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ក្រសួងបរិស្ថានបានចេញ​មកអះអាងថា ខ្លួនគ្រោងនឹងចាត់វិធានការ តាមផ្លូវច្បាប់ ប្រឆាំងនឹងភរិយាស្វាមីទាំងពីរខាងលើ។

ផ្ទុយទៅវិញ ការបែកធ្លាយរូបភាព ប្រហាក់ប្រហែលគ្នា កាលពីដើមខែមេសា ឆ្នាំ២០១៧កន្លងទៅ មិនត្រូវបានក្រសួងរដ្ឋមួយនេះ អើពើខ្វាយខ្វល់ចាត់វិធានការអ្វីឡើយ។ រូបភាពប្រហាក់ប្រហែលគ្នា តែមនុស្សនៅក្នុងរូបភាព មិនប្រហាក់ប្រហែលគ្នាទេ៖ ព្រោះជននៅក្នុងរូបភាព កាលពីឆ្នាំទៅម៉ិញនោះ ជាកូនប្រុសសពលោក សុខ អាន គឺលោក សុខ ពុទ្ធិវុធ អ្នកជំនួញដ៏លេចធ្លោ និងជាកូនប្រសារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ 

ទំព័រហ្វេសប៊ុកមួយ ដែលល្បីខាងទម្លាយរឿងអាស្រូវ របស់ក្រុមគ្រួសារលោក ហ៊ុន សែន ដាក់ឈ្មោះ «ធ្លាយហើយ» បានបង្ហោះរូបភាពខាងលើ ដោយបង្ហាញឲ្យឃើញថា លោក សុខ ពុទ្ធិវធ កំពុងដើរបរបាញ់សត្វ ដោយផ្ទាល់ខ្លួនលោកតែម្ដង។ វាជាសកម្មភាព ដែលអាចរំលោភបំពានច្បាប់កម្ពុជា ប្រសិនបើវាកើតឡើងក្នុងប្រទេសកម្ពុជា រួមមានទាំងការបរបាញ់ នូវប្រភេទសត្វម្យ៉ាង ដែលទំនងជាសត្វរញី ជាប្រភេទសត្វជិតផុតពូជនោះផង។

រូបភាពមួយបង្ហាញឲ្យឃើញថា លោក សុខ ពុទ្ធិវុធ នាយកប្រតិបត្តិក្រុមហ៊ុនសោម៉ាគ្រុប និងជាស្វាមីរបស់អ្នកស្រី ហ៊ុន ម៉ាលី កូនស្រីលោក ហ៊ុន សែន បានញញឹមដាក់កាមេរ៉ា និងដៃឆ្វេងកាន់កាំភ្លើងវែង ដែលមានតកាណុង ហើយមានជ្រូកព្រៃងាប់មួយក្បាល នៅក្បែរជើងរបស់លោក។ រូបភាពមួយទៀត បង្ហាញពីបុរសមួយក្រុម មានគ្នា១០នាក់ កំពុងពិនិត្យមើលស្ថានភាព ពេលឈរនៅលើទីវាលមួយ ដែលមានព្រៃរហោលៗ ក្បែររថយន្តចតនៅស្ងៀមចំនួន២គ្រឿង។

ប៉ុន្តែរូបភាពមួយផ្សេង ដែលធ្វើឲ្យគេជឿថា វាសកម្មភាពបរបាញ់សត្វ នៅក្នុងប្រទេសកម្ពុជា ព្រោះនៅក្នុងរូបភាពនោះ មានបុរសម្នាក់​ដែលចាប់សត្វឈ្លូស យួរជើង​សំយ៉ុងក្បាលចុះក្រោម មានពាក់ឯកសណ្ឋាន ជាទាហានកម្ពុជា។

រូបភាពពីរសន្លឹកទៀត ពីការបែកធ្លាយនោះ បានបង្ហាញ ពីសត្វព្រៃ​ដែលត្រូវបានបាញ់សម្លាប់ ក្នុងនោះមានឆ្មាព្រៃមួយក្បាល ដែលគេដាក់នៅផ្នែក​ខាងក្រោយរថយន្ត និងសត្វងាប់មួយក្បាល មានរោមពណ៌ទឹកក្រូច មើលទៅដូចសត្វស្វា ដែលគេដាក់​លើសំពត់តង់​ពណ៌បៃតង។ អ្នកជំនាញខាងសត្វព្រៃ ជាច្រើននាក់ បានអះអាងថា សត្វដែលរោមពណ៌ទឹកក្រូច ជាសត្វរញី ដែលត្រូវបានចុះបញ្ជី ជាប្រភេទសត្វ”កម្រ” នៅក្នុងបញ្ជីចាត់ចំណាត់ថ្នាក់សត្វព្រៃ កម្រិតទី៣ នៅកម្ពុជា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...