មហាធា ត្រៀម​ខ្លួន​ធ្វើ​នាយរដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជាថ្មី​ទៀត

អតីតបុរសខ្លាំង របស់ប្រទេសម៉ាឡេស៊ី ដែលមានអាយុ៩២ឆ្នាំ បានអះអាងថា វាជារឿងបន្ទាន់ណាស់ ដែលលោកត្រូវឡើងកាន់កាប់តំណែង ជាថ្មីទៀត ធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីសម្ព័ន្ធភាពគណបក្សប្រឆាំង ដែលលោកបានមកចូលរួមជាមួយ បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី កាលពីម្សិលម៉ិញរួច។
មហាធា ត្រៀម​ខ្លួន​ធ្វើ​នាយរដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជាថ្មី​ទៀត
ពីឆ្វេងទៅស្ដាំ៖ លោក មហាធា មហាមេដ អតីតនាយករដ្ឋមន្ត្រី និងលោក ណាជីព រ៉ាហ្សាក់ នាយករដ្ឋមន្ត្រីផុតតំណែង របស់ប្រទេសម៉ាឡេស៊ី។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១០ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 10, 2018
  • ប្រធានបទ: នយោបាយម៉ាឡេ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក មាហាធា មហាមេដ (Mahathir Mohamad) ដែលមានវ័យ ៩២ឆ្នាំ បានអះអាងថា លោកនឹងត្រូវប្រកាស ឲ្យឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ីឡើងវិញ នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីសម្ព័ន្ធភាព របស់ក្រុមអ្នកនយោបាយប្រឆាំង ក្រោមការដឹកនាំរបស់លោក បានទទួលជ័យជំនះ យ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតជាតិ កាលពីម្សិលម៉ិញរួចមក។

«យើងកំពុងរង់ចាំមើល ថាខ្ញុំនឹងត្រូវប្រកាស ឲ្យក្លាយជានាយករដ្ឋមន្ត្រី ក្នុងថ្ងៃនេះ (ថ្ងៃព្រហស្បត្តិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨)» នេះ ជាការថ្លែងឡើង របស់លោក មហាធា នៅក្នុងសន្និសីទកាសែត កាលពីមុននេះបន្តិច។ លោកបន្ថែមថា បញ្ហាចម្រូងចម្រាសមួយចំនួន ជុំវិញការឡើងកាន់តំណែង របស់លោកនោះ ត្រូវបានដោះស្រាយរួចរាល់ហើយ។

អតីតនាយករដ្ឋមន្ត្រី ដែលនឹងត្រូវក្លាយជានាយករដ្ឋមន្ត្រី ជាថ្មីទៀត បានបញ្ជាក់ថា៖ «យើងសង្ឃឹមថា រវាងពីពេលនេះ ទៅដល់ម៉ោង១៧ ល្ងាចនេះ យើងនឹងមាន​នាយករដ្ឋមន្ត្រីថ្មី​មួយរូប។ ការយឺតយ៉ាវទាំងឡាយ មានន័យស្មើនឹងគ្មានរដ្ឋាភិបាល នៅប្រទេសម៉ាឡេស៊ី។ ហើយបើគ្មានរដ្ឋាភិបាល ក៏គ្មានច្បាប់ទម្លាប់ ឬការប្រព្រឹត្តិទៅ នៃស្ថាប័នរដ្ឋនោះដែរ។»។

លោក មហាធា មហាមេដ បានងាកចេញពីគណបក្សកាន់អំណាច ហើយមកចូលរួមធ្វើសម្ព័ន្ធភាព ជាមួយគណបក្សប្រឆាំង រហូតដណ្ដើមបានកៅអីតំណាងរាស្ត្រ ១២១ ពីក្នុងចំណោមអសនៈ​ទាំងអស់ ២២២ នៃរដ្ឋសភាជាតិ។ ចំនួនកៅអី ដែលក្រុមបក្សប្រឆាំងទទួលបាននេះ មានលក្ខណៈគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឲ្យពួកគេ អាចបង្កើតរដ្ឋាភិបាលមួយឡើងបាន។

នៅមុនការប្រកាសខាងលើ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ផុតតំណែង លោក ណាជីព រ៉ាហ្សាក់ (Najib Razak) បានថ្លែងឡើងដែរថា លោកទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត។ លោកថា គេត្រូវរង់ចាំ ការត្រាស់បង្គាប់ ពីសំណាក់ព្រះមហាក្សត្រម៉ាឡេស៊ី ក្នុងការជ្រើសតាំងឥស្សរជនណាម្នាក់ ឲ្យឡើងមកធ្វើជាប្រមុខរដ្ឋាភិបាលថ្មី ខណៈពេលដែលគ្មានគណបក្សណាមួយ បានឈ្នះសម្លេងឆ្នោតលើសលប់ តែឯងនោះឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...