ប្រកាស​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ បំផ្ទុះ​គ្រាប់​បែក​នៅ​បាងកក

នគរបាលថៃ បានបិទប្រកាសជាផ្លូវការ នៅថ្ងៃពុធនេះ រូបគំនូរព្រាងមុខជនសង្ស័យ នៅក្នុងការ​បំផ្ទុះ​គ្រាប់​បែក កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ នៅរាជធានីបាងកក។ រូបគំនូរនេះ ត្រូវបានគូរចេញពីវីដេអូសុវត្ថិភាព​ជា​ច្រើន​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ជនសង្ស័យបានដោះកាបូបស្ពាយ នៅនឹងខ្នងរបស់ខ្លួន ចោល​នៅ​កណ្ដាល​ហ្វូង​មនុស្ស នៅ​ពី​មុខ​បូជនីយ​ស្ថាន​​សាសនា នៅមុនការផ្ទុះឡើង ដែលធ្វើឲ្យ​មាន​មនុស្ស​ស្លាប់ ២០នាក់។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 19, 2015
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនសង្ស័យដែលមិនទាន់ស្គាល់ អត្តសញ្ញាណនោះ ទំនងជាយុវជនម្នាក់ ដែលមានសក់ក្រញាញ់ ពណ៌ទង់ដែង និងមានពាក់វែនតាពណ៌ខ្មៅ។ បើតាមអ្នកនាំពាក្យនគរបាលជាតិថៃ លោក ប្រាវុធ តាវ័នស៊ីរី (Prawut Thavornsiri) បាននិយាយថា ជនសង្ស័យអាចជាជនបរទេស ឬអាចជាជនជាតិថៃ។ លោក ប្រាវុធ បានថ្លែង​ទៀត​ថា ដីការតាមចាប់ខ្លួនមួយ ត្រូវបានចេញផ្សាយ ដើម្បីតាមប្រមាញ់ជននេះ ទោះនៅទីណាក៏ដោយ។

ជាសមាជិកនៃបណ្ដាញមួយ...

នាយនគរបាលជាតិថៃ លោក ស៊ុំយុធ ភមផានមង (Somyot Poompanmoung) បាននិយាយ​ក្នុង​ថ្ងៃ​ពុធ​នេះ ទៅកាន់អ្នកសារព័ត៌មានថា ជនសង្ស័យដែលបានដាក់បំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស២០នាក់ នៅ​លើ​ទីលាន​បូជនីយស្ថានសាសនា កាលពីថ្ងៃចន្ទនេះ ជាសមាជិកនៃបណ្ដាញមួយ។ លោក ស៊ុំយុធ បាន​និយាយ​ទៀត​ថា៖ «ជននេះ មិនអាចធ្វើរឿងនេះ តែម្នាក់ឯងនោះទេ។ យើងគិតថា មានមនុស្សជាច្រើននាក់ បាន​ជួយ និង​នៅ​ពី​ក្រោយជននេះ។»

រកឃើញអ្នករត់ម៉ូតូឌុប...

នគរបាលថៃ បានអំពាវនាវឲ្យផ្ដល់សាក្សី និងភស្ដុតាង ព្រមទាំងជូនរង្វាន់១លានបាត សម្រាប់នរណាដែល​ផ្ដល់ព័ត៌មាន ដើម្បីឈានទៅចាប់ជនសង្ស័យនេះ។ នៅក្នុងរូបភាពថតដោយកាម៉េរាសុវត្ថិភាព បានបញ្ជាក់​ថា ជនពាក់អាវពណ៌លឿងនេះ បានមកអង្គុយនៅមុខបូជនីយស្ថាន ហើយបានដោះកាបូបស្ពាយ​នៅនឹងខ្នង​របស់​ខ្លួន ចោលនៅលើកៅអីនោះ មុននឹងដើរចាកចេញទៅ ដោយមាននិយាយ ជាមួយទូរស័ព្ទដៃផង។

ក្រុមអ្នកស៊ើបអង្កេត បានរកឃើញ និងបានសាកសួរអ្នករត់ម៉ូតូឌុបមួយរូប ដែលជនសង្ស័យបានហៅជិះ ដើម្បី​ចាកចេញពីកន្លែងនោះ នៅយប់ថ្ងៃចន្ទ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេត មិនបានផ្ដល់ភាពលំអិតអ្វីច្រើន អំពីការ​សាក​សួរ​នោះទេ។

សូមបញ្ជាក់ដែរថា នៅថ្ងៃពុធនេះ បូជនីយស្ថានសាសនានោះ ត្រូវបានបើកឲ្យមនុស្សម្នា ចូលទៅគោរពបូជា​ឡើងវិញហើយ៕


» វីដេអូនៃកាម៉េរ៉ាសុវត្ថិភាព ដែលថតឃើញពីសកម្មភាពជនសង្ស័យ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...