៧៩​អង្គការ​សមាគម​រួមគ្នា​ប្រតិកម្ម ចំពោះ​ហេតុការណ៍​នៅ​ភ្នំពេញ​ប៉ុស្ដិ៍

ក្រុមអង្គការសង្គមស៊ីវិល ចំនួនមិនតិចជាង៧៩ បានប្រកាសរួមគ្នា សម្ដែងក្ដីសោកស្ដាយ នៅចំពោះការវិវត្តន៍ចុងក្រោយ ទៅលើសេរីភាព​សារព័ត៌មាន ​ពាក់ព័ន្ធ​ នឹងភាពមិន​ច្បាស់លាស់ ​នៃ​ការលក់​ស្ថាប័ន​កាសែត​ភ្នំពេញប៉ុស្ដិ៍​ និងការ​បញ្ជាភ្លាមៗ ​របស់​ម្ចាស់ថ្មី​នៃកាសែត​នេះ ឱ្យ​លុប​ចោល​អត្ថបទ​ព័ត៌មាន ​ដែលបាន​ចេញ​ផ្សាយរួច មុននឹងបណ្ដេញនិពន្ធនាយក របស់ស្ថាប័ននេះ ឲ្យចេញពីការងារកាលពីម្សិលម្ងៃ។
៧៩​អង្គការ​សមាគម​រួមគ្នា​ប្រតិកម្ម ចំពោះ​ហេតុការណ៍​នៅ​ភ្នំពេញ​ប៉ុស្ដិ៍
រូបភាពមួយ ដែលក្រុមអ្នកសារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ បង្ហោះនៅលើបណ្ដាញសង្គម។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 09, 2018
  • ប្រធានបទ: សារព័ត៌មានខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្ដីថ្លែងការណ៍រួមមួយ ដែលទើបនឹងចេញផ្សាយ នៅក្នុងថ្ងៃនេះ បានបញ្ជាក់ថា រឿងរ៉ាវថ្មីៗ ដែលបានកើតឡើង នៅស្ថាប័នសារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ ដែលចេញផ្សាយ ជាភាសាអង់គ្លេស និងខេមរភាសា ជាករណីចុងក្រោយមួយ នៅ«ក្នុងចំណោម​ការធ្វើទុក្ខ​បុកម្នេញ​ ជាច្រើនបន្តបន្ទាប់​ទៀត​ ដែលបាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ដល់លំហ​សារព័ត៌មាន ចាប់តាំងពី​ពាក់កណ្ដាល​​ឆ្នាំ​២០១៧​មក»។ ហើយរឿងរ៉ាវ នៅស្ថាប័នសារព័ត៌មានខាងលើ ដែលសេចក្ដីថ្លែងការណ៍ បានសរសេរថា «ជាកាសែត​ឯករាជ្យ​ចុងក្រោយ​មួយ នៅ​កម្ពុជា» បាន​នាំឱ្យមាន​មន្ទិល​សង្ស័យ​ជាច្រើន​ ចំពោះ​ឯករាជ្យ​ភាព​របស់​កាសែត​ នៅ​ពេល​​ខាងមុខ។

ក្រុមសង្គមស៊ីវិលទាំងនោះ បានសរសេរពន្យល់ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួនថា៖ 

«បន្ទាប់ពី​បាន​ចូល​កាន់​តំណែង​ កាលពី​ថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០១៨​ ពោលគឺ​ត្រឹម​រយៈពេល ២​ថ្ងៃប៉ុណ្ណោះ​ ម្ចាស់ថ្មី​នៃកាសែត​ភ្នំពេញ​ប៉ុស្ដិ៍ លោក​ Sivakumar S.​ Ganapathy​ បានបញ្ជា​ឱ្យលុបចោល​ នូវអត្ថបទ​ព័ត៌មាន​មួយ​ ដែល​ពណ៌នា​អំពីជីវប្រវត្តិ​ និងមុខ​ជំនួញ​របស់លោក​ ជាមួយ​អាជ្ញាធរ​កម្ពុជា​ កាលពី​អតីតកាល​។ លោក​មិនបាន​បញ្ជាក់ ពី​ភាពខុសឆ្គង​ ឬហេតុផល​ នៅពីក្រោយ​ការបញ្ជា​របស់លោក​នោះទេ​ ខណៈដែលបុគ្គលិកជាន់ខ្ពស់​៤នាក់​ បានបដិសេធ​ ក្នុងការ​លុបចោល​អត្ថបទ​នោះ និង​បាន​សម្រេចចិត្ត​លាឈប់ ​ពីការងារ​ភ្លាមៗ។ ​និពន្ធនាយក​កាសែត​ភ្នំពេញប៉ុស្ដិ៍ ​ដែលបាន​កាន់តួនាទី​នេះជា​យូរមកហើយ​នោះ ត្រូវបាន​បណ្ដេញ​ចេញ​ពីការងារ​ ដោយសារ​លោក​បាន​អនុញ្ញាត ​ឱ្យមានការ​ចុះផ្សាយ​អត្ថបទ​ព័ត៌មាន​មួយនេះ​ ដែលនាំ​ឱ្យនាយក​ប្រតិបត្តិ ​និង​ប្រធានផ្នែក​ប្រព័ន្ធ​បច្ចេកវិទ្យា​ នៃកាសែត​នេះ សម្រេច​ចិត្ត​លាឈប់​ ពីការងារ​ដែរ។ បុគ្គលិក​៧នាក់​ទៀត​ ក៏បានលាឈប់​ពីការងារដែរ​ នៅថ្ងៃទី៨​ ខែឧសភានេះ។»

«ក្រោយពេល​កើតមាន​បញ្ហា​ ពីថ្ងៃច័ន្ទ​ ទៅលើ​ឯករាជ្យភាព​ នៃការ​បោះពុម្ភផ្សាយ​របស់​កាសែត ​ដែលមាន​អាយុកាល​២៦ឆ្នាំនេះ ​លោក "Ganapathy" ក៏បានការ​រិះគន់ ​ជាលាយលក្ខណ៍​អក្សរ ​ទៅលើ​ក្រមសីលធម៌​វិជ្ជាជីវៈ​ នៃអ្នក​សារព័ត៌មាន​ទាំងនោះ​​ផងដែរ។​ ករណី​ទាំងពីរ​នេះ​ នាំឱ្យ​​មានកង្វល់​ជាច្រើន​ ពាក់ព័ន្ធ​នឹងលទ្ធភាព​របស់​អ្នករាយការណ៍​ព័ត៌មាន ​ក្នុងការ​ស៊ើបអង្កេត​ និង​ចុះផ្សាយ​ព័ត៌មាន​ ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណជន​ នៅថ្ងៃ​អនាគត។»

កាលពីចុងសប្ដាហ៍មុន លោក «Bill Clough» នាយក​ក្រុមហ៊ុន Post Media Co., Ltd បានឲ្យដឹងថា សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ ត្រូវបានលក់ទៅឲ្យលោក «Sivakumar S.​ Ganapathy» ដែលលោក «Bill Clough» ហៅថា ជាអ្នកសារព័ត៌មាន ដ៏គួរឲ្យគោរពម្នាក់។ ការលក់សារព័ត៌មានដ៏ធំ និងដ៏ល្បីឈ្មោះមួយនេះ បានធ្វើឡើង បន្ទាប់ពីរឿងចម្រូងចម្រាសជាច្រើន ដែលបានកើតឡើង ជុំវិញការជំពាក់ពន្ធ និងរឿងរ៉ាវមួយចំនួន នៅឯតុលាការកម្ពុជា។ 

សេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសមាគម បានបន្តថា៖ 

«នៅពេល​មានការ​ប្រកាស​លក់​ស្ថាប័ន​កាសែតនេះ​ ឈ្មោះពេញ​របស់ម្ចាស់កាសែតថ្មី ​ មិនត្រូវបាន​ដាក់បញ្ចូល ​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មានទេ​ ហើយក៏​មិនបាន​ពិពណ៌នា​លម្អិត ​អំពីព័ត៌មាន​ពាក់ព័ន្ធ​ នឹងការ​ធ្វើមុខជំនួញ​របស់លោក ​នៅកម្ពុជា​ដែរ​ ក្នុងនោះ​រួមមាន ​ការដឹកនាំ​ទីភ្នាក់ងារ​​ទំនាក់ទំនង​​សាធារណៈ​ ដែលលោក​បាន​ធ្វើការ​ ជាមួយសម្ដេច​នាយករដ្ឋមន្ត្រី​ នៃប្រទេស​កម្ពុជា។»

«ខណៈដែលកាសែត​ភ្នំពេញប៉ុស្ដិ៍ ត្រូវបាន​រងចោទ​ប្រកាន់ថា​ មានជាប់​ជំពាក់​ប្រាក់ពន្ធ​​ដ៏ចម្រូង​ចម្រាស ​ប្រមាណជាង​ ៣,៩លានដុល្លារ​ ភាពមិន​ច្បាស់លាស់​ នៃការលក់​ស្ថាប័ននេះ បាននាំ​ឱ្យមាន​មន្ទិល​សង្ស័យ​ជាច្រើន​ថា ហេតុអ្វី​បានជា​បញ្ហាជាប់​ជំពាក់ពន្ធ​ ត្រូវបាន​ដោះស្រាយ​ ក្នុងពេល​ជាមួយគ្នា​ នៃការលក់​ស្ថាប័ន​កាសែត​ ដែលមាន​អាយុកាល​២៦ឆ្នាំនេះ។​ ដូចគ្នា​នឹង កាសែត​ភ្នំពេញប៉ុស្ដិ៍​ដែរ​ កាសែត​ខេមបូឌា​ ដេលី​ ដែលតែង​ចុះផ្សាយ​ អត្ថបទ​រិះគន់​ ឥតលំអៀង​ និង​របាយការណ៍​បែបស៊ើបអង្កេត​ ត្រូវបាន​បង្ខំចិត្ត​បញ្ឈប់​ដំណើរការ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៧​ បន្ទាប់ពីរង​ការចោទ​ប្រកាន់​ថា មាន​ជាប់ជំពាក់ប្រាក់​ពន្ធ​ ប្រមាណជាង​ ៦,៣លាន​ដុល្លារ។»

​សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ទៀតថា៖

«ស្ថាប័ន​សារព័ត៌មាន​ផ្សេងទៀត​ ត្រូវបាន​រឹតត្បិត​យ៉ាងខ្លាំង​ រួម​បញ្ចូល​ទាំង​​ការបិទ​ហ្រ្វេកង់ស៍ ​របស់​វិទ្យុ​ចំនួន​៣២ ដែល​ផ្សាយព័ត៌មាន​បន្តពី​វិទ្យុ ​អាស៊ីសេរី​ (RFA)​ វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ (VOA) និង​វិទ្យុសំឡេង​ប្រជាធិបតេយ្យ ​(VOD) ​ជាដើម។​ វិទ្យុ​អាស៊ីសេរី​ បានសម្រេច​បិទ​ការិយាល័យ​នៅកម្ពុជា​ ដោយ​អះអាង​ថា មាន​ការរឹតត្បិត​បរិយាកាស​សារព័ត៌មាន​ ហើយអតីត​អ្នករាយការណ៍​ព័ត៌មាន​ពីរនាក់ ​របស់​ស្ថាប័ន​នេះ ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះ​អាសន្ន​ រង់ចាំ​សវនាការ​ រយៈពេល​៦ខែ​មកហើយ​ ដោយ​ប្រឈម​នឹងការ​ចោទ​ប្រកាន់ ​ពីបទ​ក្បត់ជាតិ​ ពាក់ព័ន្ធ​នឹង​ការងារ​របស់​អ្នកទាំងពីរ ​ក្នុងនាម​ជាអ្នក​សារព័ត៌មាន​ឯករាជ្យ។​ ក្រៅពីនេះ​ សកម្មជន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អ្នករាយការណ៍​ព័ត៌មាន​ផ្សេងទៀត​ បាន​សម្រេចចិត្ត​ចាកចេញ ​ពីប្រទេស​កម្ពុជា ដោយសារ​តែភ័យខ្លាច ​នឹងការ​ផ្តន្ទាទោស។​ នៅឆ្នាំនេះ​ ប្រទេសកម្ពុជា​បានធ្លាក់​ចំណាត់ថ្នាក់​១០លេខ​ នៅក្នុង​តារាង​សេរីភាព​សារព័ត៌មាន​ពិភពលោក​របស់អង្គការ​ Reporters​ Without​ Borders​ ដោយជាប់​ចំណាត់ថ្នាក់​ លេខ១៤២​ ក្នុង​ចំណោម​១៨០ប្រទេស។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...