អ៊ីណេស្ដា ប្រកាស​ចាកចេញ​ពី​ក្រុម បាសឺឡូន

ខ្សែបម្រើរបស់ក្រុម បាសឺឡូន (Barcelone FC) កីឡាករ អង់ឌ្រេ អ៊ីណេស្ដា (Andrés Iniesta) បានប្រកាសនៅរសៀលថ្ងៃសុក្រនេះ ពីការចាកចេញរបស់ខ្លួន ពីក្រុម បន្ទាប់ពីបាននៅ ជាមួយក្រុមបាល់ទាត់ដ៏ធំមួយនេះ អស់រយៈពេល ជាង២០ឆ្នាំកន្លងមក។
អ៊ីណេស្ដា ប្រកាស​ចាកចេញ​ពី​ក្រុម បាសឺឡូន
កីឡាករ អង់ឌ្រេ អ៊ីណេស្ដា ខ្សែបម្រើរបស់ក្រុមបាសឺឡូន។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី២៧ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 27, 2018
  • ប្រធានបទ: ក្រុម​បាសឺឡូន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាមួយភាពស្រយ៉ុតស្រយ៉ង់ និងភាពអួលអាក់ជាពន់ពេក ដែលកីឡាករ អង់ឌ្រេ អ៊ីណេស្ដា (Andrés Iniesta) ខ្សែបម្រើជាតិអេស្ប៉ាញ ដែលមានគ្រោះថ្នាក់បំផុត នៅអ៊ឺរ៉ុប បានប្រកាសចាកចេញ ពីក្រុម បាសឺឡូន ដែលខ្លួនបាននៅជាមួយ តាំងពីជាង២០ឆ្នាំមកនោះ (ទាត់ក្នុងក្រុមអាជីព ចាប់ពីឆ្នាំ២០០២)។ ដំណឹងនៃការចាកចេញ ត្រូវបានកីឡាករជាតិអេស្ប៉ាញខ្លួនឯង ប្រកាសដោយផ្ទាល់មាត់ នៅក្នុងសន្និសីទកាសែតមួយ ដែលរៀបចំធ្វើឡើង នៅរសៀលថ្ងៃសុក្រ ទី២៧ ខែមេសានេះ។

កីឡាករអាយុ៣៣ឆ្នាំ ដែលមានតំណែង ជាប្រធានក្រុមកីឡាករផងនោះ បានពន្យល់ពីមូលហេតុ នៃការចាកចេញថា ខ្លួនមិនអាចទាត់ឲ្យក្រុម បាសឺឡូន ប្រកបដោយភាពល្អឥតខ្ចោះ ដូចកន្លងមកទៀតទេ។ ប៉ុន្តែបានទទួលស្គាល់ថា បាសឺឡូន ជាកំពូលក្រុមបាល់ទាត់ នៅក្នុងពិភពលោក ដែលបានឲ្យអ្វីគ្រប់យ៉ាងទាំងអស់ មកឲ្យខ្លួន។

ខ្សែបម្រើ ដែលពោរពេញដោយទេពកោសល្យរូបនេះ បានឈ្នះក្លាយ​ជាជើងឯក នៃប្រទេសអេស្ប៉ាញ ជាមួយក្រុមបាសឺឡូន បានចំនួន៨ដង និងអាចឈ្នះ បានម្ដងទៀត ក្នុងចុងរដូវកាលនេះ។ កាលពីខែតុលា ឆ្នាំទៅម៉ិញ កីឡាករបានបន្តកិច្ចសន្យា នៃអាជីព​របស់ខ្លួន សម្រាប់រយៈពេល «មួយជីវិត»។ ប៉ុន្តែនៅថ្ងៃនេះ កីឡាករបានបង្ហូរទឹកភ្នែក រៀបរាប់ថា៖ «ខ្ញុំមិនអាចបញ្ចេញទេពកោសល្យ ឲ្យអស់ពីខ្លួនខ្ញុំ នៅគ្រប់ការប្រកួតបានទៀតទេ រាប់ទាំងរាងកាយ សតិអារម្មណ៍... ហើយក្រុមបាល់ទាត់មួយនេះ ស័ក្តិសមនឹងកីឡាករ ដែលល្អជាងខ្ញុំ»។

ប្រព័ន្ធផ្សព្វផ្សាយនៅអ៊ឺរ៉ូប បានបង្ហើបឲ្យដឹងថា កីឡាករ អង់ឌ្រេ អ៊ីណេស្ដា អាចនឹងទៅទាត់ឲ្យក្រុមណាមួយ នៅក្នុងប្រទេសចិន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...