«លែងមានសង្គ្រាម នៅលើឧបទ្វីបកូរ៉េទៀតហើយ»

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេ-អ៊ីន (Moon Jae-in) និងអគ្គមគ្គុទេសកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-un) បានអះអាងរួមគ្នា អំពីការប្ដេជ្ញាចិត្តរបស់ផងខ្លួន ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ។
«លែងមានសង្គ្រាម នៅលើឧបទ្វីបកូរ៉េទៀតហើយ»
ពីឆ្វេងទៅស្ដាំ៖ អគ្គមគុទេសន៍កូរ៉េខាងជើង លោក គឹម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេ អ៊ីន ថតរូបជាមួយកុមារ។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី២៧ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 27, 2018
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេដឹកនាំ នៃប្រទេសកូរ៉េគូសត្រូវទាំងពីរ បានចាប់ដៃគ្នា នៅរសៀលថ្ងៃសុក្រនេះ បន្ទាប់ពីបានចុះហត្ថលេខា នៅលើសេចក្ដីថ្លែងការណ៍រួមមួយ ដែលអះអាងថា «នឹងលែងមានសង្គ្រាម នៅលើឧបទ្វីបកូរ៉េទៀតហើយ»។

វាជាការជួបគ្នាដំបូង និងមានលក្ខណៈ ជាប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេ-អ៊ីន (Moon Jae-in) និងអគ្គមគ្គុទេសកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-un) បន្ទាប់ពីជំនួបលើកមុនៗ តាំងពីច្រើនជាង ១១ឆ្នាំកន្លងទៅ។ លោក គីម បានក្លាយជាមេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ លើកដំបូងគេ ដែលបានឈានជើង ជាន់លើដីរបស់កូរ៉េខាងត្បូង រាប់តាំងពីសង្គ្រាមកូរ៉េ ត្រូវបានផ្អាក ដោយបទឈប់បាញ់មួយ កាលពី៦៥ឆ្នាំមុន។

សេចក្ដីថ្លែងការណ៍រួម បានសរសេរឡើងថា ប្រទេសកូរ៉េទាំងពីរ នឹងធ្វើការរួមគ្នា ដើម្បីបញ្ចៀសឲ្យបាន ពី«ភាពច្រំដែល នៃអតីតកាលដ៏ជូរចត់ ដែលបានកើតឡើង បន្ទាប់ពីមានកិច្ចព្រមព្រៀងអន្តរកូរ៉េ ក្នុងពេលមុនៗ។ អត្ថបទបានបន្តថា៖ «វាពិតជាអាចមាន នៅតាមផ្លូវ នូវប្រតិកម្មធ្ងន់ធ្ងរ​ខ្លះៗ ការលំបាក និងការខកចិត្តនានា។ (...)  ប៉ុន្តែគេមិនអាចទទួលបានជ័យជំនះ ដោយគ្មានការឈឺចាប់នោះឡើយ។»។

កាលពីព្រឹកម៉ិញ បន្ទាប់ពីចុះហត្ថលេខា នៅក្នុងក្រាំងមាសរួចហើយនោះ លោក គីម ជុង-អ៊ុន បានថ្លែងឡើងថា៖ «វាគ្មានមូលហេតុអ្វី ដែលយើងត្រូវប្រយុទ្ធគ្នាឡើយ។ យើងជាជាតិសាសន៍តែមួយ។ យើងបានរង់ចាំ អស់រយៈពេលដ៏យូរ ដើម្បីឲ្យពេលវេលានេះមកដល់។ កូរ៉េខាងត្បូង និងកូរ៉េខាងជើង ជាមនុស្សតែមួយ ឈាមតែមួយ និងមិនអាចបំបែកបាន។»។

សេចក្ដីថ្លែងការណ៍រួម បានបញ្ជាក់ទៀតថា ប្រទេសកូរ៉េជិតខាងទាំងពីរ នឹងស្វែងរកការជជែក ជាមួយសហរដ្ឋអាមេរិក និងប្រហែលជាប្រទេសចិនដែរ ដែលសុទ្ធសឹងជាភាគីហត្ថលេខី នៅក្នុងការប្រកាសឈប់បាញ់ កាលពី៦៥ឆ្នាំមុន ដើម្បីសម្លឹងមើល «ការប្រកាសបញ្ចប់សង្គ្រាម និងបង្កើតឲ្យមានរបបដឹកនាំ ប្រកបដោយសន្តិភាព​អចិន្ត្រៃយ៍ និងភាពរឹងមាំ»។

កម្មវិធីផលិតអាវុធនុយក្លេអ៊ែរ និងកាំជ្រួចអន្តរទ្វីប របស់ប្រទេសកូរ៉េខាងជើង បានរងប្រតិកម្មមកវីញ ដោយទណ្ឌកម្មខ្លាំងៗ ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងការដាក់របបដឹកនាំក្រុង ព្យុងយ៉ាង ទៅក្នុងភាពឯកោ ពីសំណាក់សហគមន៍អន្តរជាតិ។ នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល ប្រទេសកូរ៉េទាំងពីរ បន្តអះអាងអំពី«កម្មវត្ថុរួម ដើម្បីសម្រេចបាន នូវមធ្យោបាយ​រំសាយ​អាវុធ​នុក្លេអ៊ែរ​ចោល - នូវឧបទ្វីបកូរ៉េមួយ ដែលគ្មានអាវុធនុយក្លេអ៊ែរ»។ 

សេចក្ដីថ្លែងការណ៍រួម រវាងមេដឹកនាំកូរ៉េទាំងពីរ បានសរសេរបន្ថែមថា ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅធ្វើទស្សនកិច្ច នៅក្នុងរដ្ឋធានី ព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ក្នុងរដូវស្លឹកឈើជ្រុះ នាឆ្នាំនេះ។ ការជួបជុំមួយទៀត នឹងត្រូវរៀបចំធ្វើ ក្នុងខែសីហាខាងមុខ សម្រាប់ពលរដ្ឋកូរ៉េទាំងសងខាង ដែលបានបែកបាក់គ្នា តាំងពីសម័យសង្គ្រាម។ ការជួបជុំនោះ អាចនឹងធ្វើឡើង ក្នុងថ្ងៃទី១៥ ខែសីហា ឬថ្ងៃបុណ្យរំដោះជាតិ (ចេញពីការកាន់កាប់ របស់ប្រទេសជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទី២)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...