ជំនួបគីម-មូន៖ «ប្រវត្តិសាស្ត្រថ្មីមួយ ចាប់ផ្ដើមពីពេលនេះ»

ក្នុងព្រឹកថ្ងៃសុក្រទី២៧ ខែមេសា ឆ្នាំ២០១៨ លោក គីម ជុង-អ៊ុន (Kim Jong-un) បានក្លាយជាមេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ ដំបូងគេបង្អស់ ដែលបានឈានជើង ជាន់ដីកូរ៉េខាងត្បូង នៅក្នុងជំនួបកំពូលមួយ រវាងមេដឹកនាំនៃប្រទេសទាំងពីរ។ លោក គីម និងលោក មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង បានចាប់ដៃគ្នាឆ្លងព្រំដែន ដើរចូលទៅកាន់វិមានសន្តិភាព (កូរ៉េខាងត្បូង) ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីព្រំដែន។
ជំនួបគីម-មូន៖ «ប្រវត្តិសាស្ត្រថ្មីមួយ ចាប់ផ្ដើមពីពេលនេះ»
ពីឆ្វេងទៅស្ដាំ៖ អគ្គមគុទេសន៍កូរ៉េខាងជើង លោក គឹម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេ អ៊ីន។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី២៧ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 27, 2018
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាមួយនឹងស្នាមញញឹម ក្នុងអំឡុងពេលដែលអគ្គមគ្គុទេសក៍កូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-un) ដើរមកចាប់ដៃ នៅលើបន្ទាត់ព្រំដែន រវាងកូរ៉េទាំងពីរនោះ លោក មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង បានបន្លឺពាក្យដំបូងថា៖ «ខ្ញុំរីករាយណាស់ ដែលបានជួបលោក»។

លោក គីម បានបោះជំហាន ចូលមកក្នុងទឹកដីកូរ៉េខាងត្បូង ដោយនៅតែឈរចាប់ដៃ ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីទុកឲ្យបណ្ដាអ្នកថតរូប ផ្តិតចាប់យករូបភាព មុននឹងមេដឹកនាំទាំងពីរ បានដើរថយក្រោយ ជានិមិត្តរូប ចូលទៅក្នុងទឹកដីកូរ៉េខាងជើង មួយជំហានវិញ ទើបចេញដំណើរពីទីនោះ ឆ្ពោះទៅកាន់វិមានសន្តិភាព ដែលស្ថិតក្នុងក្រុង «Panmunjom» នៅជាប់ព្រំដែន ហើយធ្លាប់​ជាកន្លែង​ចុះហត្ថលេខា​ឈប់បាញ់ រវាងភាគីគូសត្រូវទាំងពីរ កាលពីឆ្នាំ១៩៥៣។

ពេលមកដល់វិមានសន្តិភាព លោក គីម ជុង-អ៊ុន បានសរសេរនៅក្នុងក្រាំងមាសមួយ យ៉ាងដូច្នេះថា៖ «ប្រវត្តិសាស្ត្រថ្មីមួយ ចាប់ផ្ដើមពីពេលនេះ - ចេញពីចំណុចដំបូង នៃប្រវត្តិសាស្ត្រ និងសម័យកាលសន្តិភាព»។ 

នៅមុនជំនួបបិទទ្វា ជាមួយនឹងសមភាគីរបស់ខ្លួន លោក គីម បានអះអាង ពីបំណងរបស់លោក ចង់បង្កើតឲ្យមាន នូវការជជែក«ត្រង់ទៅត្រង់មក» នៅលើបញ្ហាបច្ចុប្បន្នភាព និងសង្ឃឹមថា ជំនួបកំពូលនេះ នឹងទទួលបានលទ្ធផលល្អ។ មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ បានថ្លែងឡើងថា៖ «ខ្ញុំសង្ឃឹមថា នឹងសរសេរទំព័រថ្មីមួយ រវាងយើងទាំងសងខាង ហើយវាជាចំណុចចាប់ផ្ដើម សម្រាប់យើង ទាំងអស់គ្នា។ យើងនឹងចាប់ចេញដំណើរ ជាថ្មីម្ដងទៀត។ យើងបានរង់ចាំរយៈពេល ១១ឆ្នាំហើយ ដើម្បីឲ្យពេលវេលាជាប្រវត្តិសាស្ត្រនេះ មកដល់។ នៅពេលដើរមកទីនេះ ខ្ញុំចោទសួរខ្លួនឯងថា ហេតុអ្វីក៏ចាំបាច់ត្រូវការពេលវេលាយូរយ៉ាងនេះ?»។

លោក គីម បានបន្តថា៖ «ខ្ញុំចង់ជំរុញ ឲ្យមានដំណើរឆ្ពោះទៅមុខ នៃការកាន់ដៃប្រកៀកស្មារ ហើយសម្លឹងទៅរកអនាគត ដែលប្រកបដោយមូលដ្ឋានត្រឹមត្រូវ ជាជាងលទ្ធផល នៃជំនួបកន្លងមក ដែលមិនដែលត្រូវបាន យកមកអនុវត្តន៍»។

ប្រទេសកូរ៉េទាំងពីរ បានព្រមព្រៀងក្នុងជំនួប ឆ្នាំ២០០០ និងឆ្នាំ២០០៧ ដើម្បីរំសាយចោល នូវអាវុធនុយក្លេអ៊ែ ចេញពីឧបទ្វីបកូរ៉េ និងបង្កើតឲ្យមាន នូវសន្តិភាពជាអចិន្ត្រៃយ៍។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ មិនដែលមានលទ្ធផល ខណៈប្រទេសកូរ៉េខាងជើង តែងធ្វើការគម្រាម និងសាកល្បងបំផ្ទុះគ្រាប់បែក នុយក្លេអ៊ែរ និងបាញ់​កាំជ្រួចអន្តរទ្វីប ជាបន្តបន្ទាប់។

លោក មូន ចេ-អ៊ីន វិញ បានថ្លែងឡើងដែរថា៖ «ខ្ញុំសង្ឃឹមថា ពិភពលោកទាំងមូល កំពុងសម្លឹងមើល ពីរដូវផ្ការីកចម្រុះពណ៌ នៅលើឧបទ្វីបកូរ៉េ។ មានកិច្ចការដ៏ធំមហិមារ នៅលើស្មាររបស់យើង។ បណ្ដាជននៅជុំវិញពិភពលោក កំពុងសង្ឃឹមយ៉ាងមុតមាំ។»។

របៀបវារៈ នៃជំនួប សម្រាប់ព្រឹកនេះ នឹងបញ្ចប់ទៅ ដោយភាគីទាំងសងខាង បានវិលត្រឡប់ទៅទទួលទានអាហារ នៅក្នុងទឹកដីវៀងៗខ្លួនវិញ។ 

ក្នុងពេលរសៀល លោក គីម និងលោក មូន នឹងដាំដើមឈើមួយដើម នៅលើខ្សែព្រំដែន​ជានិមិត្តរូបមួយ ក្នុងវិមានសន្តិភាព។ សេចក្ដីថ្លែងការណ៍រួមនៃជំនួបខាងលើ នឹងត្រូវចេញផ្សាយឲ្យដឹង បន្ទាប់ពីការចុះហត្ថលេខា រវាងមេដឹកនាំទាំងពីរ។ នៅនាទីចុងក្រោយ នឹងត្រូវបិតបញ្ចប់ ដោយពិធីជប់លៀងតូចមួយ និងពិធីលាគ្នា មុននឹងគណៈប្រតិភូ នៃប្រទេសកូរ៉េខាងជើង ចាកចេញទៅកាន់ទឹកដីរបស់ខ្លួនវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...