អ៊ុំ សំអាន ថា ឈាង វុន រំលោភ​រដ្ឋធម្មនុញ្ញ

កាលពីឆ្នាំ២០១៣ លោក ឈាង វុន បាននិយាយថា៖ «លោក (សុន ឆៃ) អស់សិទ្ធិជាសមាជិសភា ទៀតហើយ ដូច្នេះលោកពុំមានសិទ្ធិ ជួបអ្នកកាសែត ក្នុងសភាទៀតទេ។» នេះ ជាពាក្យថ្មីក្នុងឆ្នាំ២០១៥ របស់លោក ឈាង វុន៖ «ចង់និយាយនៅសភា ត្រូវសុំច្បាប់សិន»។ តែការអះអាងរបស់លោក ឈាង វុន ត្រូវបានលោក អ៊ុំ សំអាន វាយតម្លៃថា ជាការរំលោភរដ្ឋធម្មនុញ្ញ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 02, 2015
  • ប្រធានបទ: រដ្ឋសភា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្សតែម្នាក់ ស្ថាប័នតែមួយ ក្រោមច្បាប់តែមួយ លោក ឈាង វុន ជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង មកពី​គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន បានប្រើសិទ្ធិ និងអំណាចរបស់ខ្លួន ក្នុងនាមជា«ប្រធាន គណៈកម្មការព័ត៌មាន» នៃរដ្ឋសភា ហាម​ឃាត់អ្នកសារព័ត៌មាន មិនឲ្យយកបទសម្ភាស ពីលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង ក្នុង​បរិវេណ​រដ្ឋសភា ដោយ​លោក​អះអាងថា ចង់ធ្វើបទសម្ភាស ជាមួយអ្នកសារព័ត៌មាន ចាំបាច់ត្រូវមានការអនុញ្ញាត ឬ​សុំ​ច្បាប់ជាមុន ពីប្រធាន​សភាសិន។ នេះជាហេតុការណ៍ ដែលបានកើតឡើង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ​២០១៥ ម្សិល​​ម៉ិញ​នេះ។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្ត.អាំងហ្វូ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥នេះ លោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានអះអាងថា លោក ឈាង វុន កំពុងរំលោភ លើរដ្ឋធម្មនុញ្ញ ពីសិទ្ធិ​អ្នក​តំណាងរាស្រ្ត រំលោភបទបញ្ជាផ្ទៃក្នុង រំលោភសិទ្ធិ ក្នុងនាមអ្នកតំណាងរាស្រ្តជាដើម។ លោកថា ទាំងលោក ឈាង វុន ទាំងប្រធានរដ្ឋសភា (លោក ហេងសំរិន) ទាំងរូបលោក និងតំណាងរាស្រ្ត​ដទៃ​ទៀត ជាអ្នកតំណាង​រាស្រ្តដូចគ្នា មានសិទ្ធិស្មើគ្នា តាមរដ្ឋធម្មនុញ្ញ គ្មានអ្នកណាធំជាងអ្នកណាឡើយ។

បើគេចាំមិនភ្លេចទេ លោក ឈាង វុន បានបណ្តេញលោក សុន ឆៃ ចេញពីរដ្ឋសភាកាលពីឆ្នាំ២០១៣ ដូចគ្នាដែរ ដោយកាលនោះ លោក ឈាង វុន បានអះអាងថា លោក សុន ឆៃ មិនមែនជាតំណាងរាស្រ្តទៀតទេ។ នៅ​ចំពោះ​អ្នកយកព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងពេលនោះ លោក ឈាង វុន បានថ្លែងទៅ​លោក សុន ឆៃ ថា បើចង់ធ្វើកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន ក្នុងរដ្ឋសភា លុះត្រាខ្លួនក្លាយជាតំណាងរាស្រ្ត​សិន។

» សូមអានអត្ថបទ ដែលទាក់ទង ដោយចុចនៅលើទីនេះ

ដោយឡែក ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បន្ថែម ពីលោក ឈាង វុន ជុំវិញករណី​ខាង​លើ​បានទេ ដោយទូរស័ព្ទរបស់លោក កំពុងជាប់រវល់។ តែតាមលិខិតរបស់លោក ដែលបានដាក់ ទៅប្រធាន​រដ្ឋសភា កាលពីថ្ងៃទី១ ខែកក្កដាម្សិលម៉ិញនេះ បានចោទលោក អ៊ុំ សំអាន ថាបានជ្រៀតជ្រែក និងទាមទារ​ធ្វើ​កិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន។

លិខិតនោះ មានសរសេរថា៖ «ឯកឧត្តម អ៊ុំ សំអាន នៅតែចចេសរឹងរូស នៅតែទាមទារធ្វើកិច្ចសម្ភាសន៍។ (…) ខ្ញុំបាទយល់ឃើញថា ឯកឧត្តម អ៊ុំ សំអាន មានឥរិយាបថរឹងរូស ចង់រករឿង ធ្វើឲ្យមានបញ្ហា លើការ​អនុវត្ត​ច្បាប់រដ្ឋបាល និងសន្តិសុខក្នុងរដ្ឋសភា ដែលសសម្តេចប្រធាន ជាអ្នកមានតួនាទីទទួលខុសត្រូវ តាម​បទ​បញ្ជា​ផ្ទៃក្នុងនៃរដ្ឋសភា។ (…) ខ្ញុំយល់ឃើញថា ឥរិយាបទឯកឧត្តម អ៊ុំ សំអាន គួរត្រូវយកមកពិចារណា នៅក្នុង​គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ដើម្បីរដ្ឋសភាដំណើរការទៅបានល្អ តាមលិខិតបទដ្ឋានទាំងឡាយ ដែលសម្តេចប្រធានបានធ្វើការណែនាំ និងត្រូវបានយកមកអនុវត្តពិតប្រាកដ។»

ការអះអាងក្នុងលិខិតនេះ ត្រូវបានលោកតំណាងរាស្រ្ត អ៊ុំ សំអាន បដិសេធ ដោយបានអះអាងថា លោកមិន​បានទៅដណ្តើមកិច្ចសម្ភាស ជាមួយនឹងលោក ឈាង វុន ហើយលោក ក៏មិនបានសុំ ឲ្យអ្នកសារព័ត៌មាន​សម្ភាស​លោក នាពេលនោះដែរ គឺអ្នកសារព័ត៌មានទៅវិញទេ ដែលសុំលោកសម្ភាសនោះ។ លោក សំអាន បានហៅទង្វើរបស់លោក ឈាង វុន ថាជាការយករដ្ឋសភារបស់ជាតិ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងធ្វើ​ជា​កម្មសិទ្ធិបក្ស។ លោកបានលើកឡើងថា កន្លងមកលោក ជៀម យាប ធ្លាប់ធ្វើសន្និសិទ្ធិសារព័ត៌មាន ក្នុង​រដ្ឋសភាដូចគ្នា ហើយមានអ្នកតំណាងរាស្រ្តផ្សេងៗទៀត ក៏ធ្លាប់ត្រូវបានអ្នកសារព័ត៌មាន សុំធ្វើបទ​សម្ភាស​ភ្លាមៗ បន្ទាប់ពីសម្រាក ឬបញ្ចប់កិច្ចប្រជុំសភាដែរ។

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា៖ «អ្នកការសែត គេចង់សម្ភាសខ្ញុំ។ កុំច្រលំថា ទាល់តែ​ប្រធាន​គណៈកម្មការ មានសិទ្ធិនិយាយ តំណាងរាស្រ្តមិនមានសិទ្ធិនិយាយ សមាជិកសភាមិនមានសិទ្ធិ​និយាយ… អត់មានចឹងទេ។ (…) ប្រធានគណកម្មការ សម្រាប់ឲ្យដឹកនាំគណកម្មការ ក្នុងពេលមានប្រជុំ​ប៉ុណ្ណោះ។ សិទ្ធិស្មើគ្នានេះឯង មើលរដ្ឋធម្មនុញ្ញមើល គេមានថាប្រធានគណកម្មការ មានអំណាចធំជាង​សមាជិក​គណកម្មការ មានអំណាចធំជាងសមាជិកសភាធម្មតា? គ្មានទេ។ បទបញ្ជាផ្ទៃក្នុងអត់មានចែងទេ ដូច្នេះគាត់យល់ច្រឡំហើយ។»

នៅក្នុងសារាចរណែនាំមួយ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ប្រធានរដ្ឋសភា លោក ហេង សំរិន បានកំណត់ ឲ្យស្នើការអនុញ្ញាតជាមុន ពីប្រធានរដ្ឋសភា បើសិនជាចង់ឲ្យសង្គមស៊ីវិល ឬប្រជាពលរដ្ឋចូលជួបខ្លួន ក្នុង​រដ្ឋសភា។ តែសារាចរណែនាំនេះ ត្រូវបានលោក អ៊ុំ សំអាន ចាត់ទុកថា ខុសច្បាប់ ដោយបានអះអាងថា បាន​រំលោភ និងបំពានទៅលើរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ លោក អ៊ុំ សំអាន បានថ្លែងថា៖ «គ្មាន​ច្បាប់ ឬសារាចរណា ធំជាងរដ្ឋធម្មនុញ្ញទេ»។

មាត្រា១៥០ ថ្មី (មាត្រា១៣១ ចាស់) នៃរដ្ឋធម្មនុញ្ញបានចែងថា៖ «រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល នៃព្រះរាជាណា​ចក្រកម្ពុជា។ ច្បាប់ និងសេចក្ដីសម្រេចទាំងឡាយ នៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញ ជាដាច់​ខាត។» និងមាត្រា ១៥៨ ថ្មី (មាត្រា ១៣៩ ចាស់) នៃរដ្ឋធម្មនុញ្ញ ក៏បានចែងដែរថា៖ «ច្បាប់ និង​លិខិត​បទដ្ឋាន​ទាំងអស់នៅកម្ពុជា ដែលធានាការពារបាន នូវទ្រព្យសម្បត្តិរដ្ឋ សិទ្ធិសេរីភាព និង ទ្រព្យសម្បត្តិ​ត្រឹមត្រូវ តាម​ច្បាប់​របស់បុគ្គល និងដែលសមស្របនឹងប្រយោជន៍ជាតិ ត្រូវមានអានុភាព អនុវត្តបន្តទៅមុខទៀត រហូត​​ដល់​មានអត្ថបទថ្មី មកកែប្រែ ឬលុបចោល លើកលែងតែបទប្បញ្ញត្តិណា ដែលផ្ទុយនឹងស្មារតី នៃ​រដ្ឋធម្មនុញ្ញ​​នេះ។»

» សូមទស្សនាវីដេអូ បង្ហាញពីការហាមឃាត់ របស់លោក ឈាង វុន មិនឲ្យលោក អ៊ុំ សំអាន ធ្វើបទ​សម្ភាស​​ដូច​តទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...