គ្រូ​បង្វឹក​ក្រុម​ប៉ារីស ប្រកាស​ចាកចេញ​ពី​ក្រុម នៅ​ចុង​រដូវ​កាល

ក្នុងព្រឹកថ្ងៃសុក្រនេះ មុនការហ្វឹកហាត់ របស់ក្រុម ប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-germain) គ្រូបង្វឹកជាតិអេស្ប៉ាញ​របស់ក្រុម គឺលោក អ៊ូណៃ អេមរី (Unai Emery) បានប្រកាសប្រាប់កីឡាករថា លោកនឹងមិនមែន ជាគ្រូបង្វឹករបស់ក្រុមបន្តទៀត នៅក្នុងរដូវកាល ខាងមុខនោះទេ។
គ្រូ​បង្វឹក​ក្រុម​ប៉ារីស ប្រកាស​ចាកចេញ​ពី​ក្រុម នៅ​ចុង​រដូវ​កាល
លោក អ៊ូណៃ អេមរី (Unai Emery) គ្រូបង្វឹកជាតិអេស្ប៉ាញ របស់ក្រុម ប៉ារីសសាំងហ្សែរម៉ាំង។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ដ. កែវ ([email protected]) - បារីស ថ្ងៃទី២៧ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 27, 2018
  • ប្រធានបទ: ក្រុមប៉ារីស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វាសឹងតែជាការប្រកាសផ្លូវការមួយ រួចទៅហើយ ដោយគ្រាន់តែរង់ចាំ សេចក្ដីប្រកាសដោយផ្ទាល់ ចេញពីរដ្ឋបាលរបស់ក្រុម ប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-germain) ទៀតប៉ុណ្ណោះ។ តែជាដំណឹង ចេញពីមាត់ផ្ទាល់ របស់គ្រូបង្វឹកខ្លួនឯងតែម្ដង។

លោក អ៊ូណៃ អេមរី (Unai Emery) គ្រូបង្វឹកជាតិអេស្ប៉ាញ បានថ្លែងនៅចំពោះក្រុមបាល់ទាត់ ដែលត្រូវជួបជុំគ្នាហ្វឹកហាត់ ក្នុងព្រឹកថ្ងៃសុក្រនេះ ថាលោកបានជួបជជែក ជាមួយប្រធានក្លិប លោក «Nasser Al-Khelaïfi» និងលោក «Antero Henrique» នាយកគ្រប់គ្រងផ្នែកកីឡា របស់ក្រុម ហើយអ្នកទាំងពីរបានជូនដំណឹង អំពីការឈានមកដល់ទីបញ្ចប់ នៃភារកិច្ចរបស់លោក ក្នុងនាមជាគ្រូបង្វឹកដឹកនាំក្រុម តាំងពីរដូវក្ដៅ ឆ្នាំ២០១៦នោះមក។

នៅចំពោះ ការថ្លែងរបស់លោកនេះ មិនមានកីឡាករណាម្នាក់ បានសំដែងប្រតិកម្ម ឬលើកពីអារម្មណ៍ផ្ទាល់ខ្លួនអ្វីឡើយ។

ការបញ្ចប់ភារកិច្ច របស់លោក អ៊ូណៃ អេមរី ជាគ្រូបង្វឹករបស់ក្រុម នៃរដ្ឋធានីប៉ារីស ប្រទេសបារាំងនេះ មិនមានអ្វី ជាការភ្ញាក់ផ្អើលប៉ុន្មានទេ ដោយសារលទ្ធផលរបស់ក្រុម ក្នុងការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប ក្របខណ្ឌ «Champions League» មិនទទួលបានផ្លៃផ្កា ដូចការទន្ទឹងទុក។ ជាពិសេសទៀតនោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ឺរ៉ុប បានលើកឡើងតាំងពីច្រើនសប្ដាហ៍ មកថា ក្រុមបារីស បានរកឃើញគ្រូបង្វឹកថ្មី ដើម្បីមកជំនួសលោក អេមរី រួចស្រេចហើយ។

គ្រូបង្វឹកថ្មីនោះ គឺលោក តូម៉ាស តួរែល (Thomas Tuchel) ជាតិអាល្លឺម៉ង់ ដែលធ្លាប់ជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ចំនួនបី ក្នុងប្រទេសអាល្លឺម៉ង់ ជាពិសេសក្រុម ដ័រមូន (Borussia Dortmund)។ លោក តួរែល មិនមានប្រវត្តិឈ្នះពានរង្វាន់អ្វី ឲ្យបានច្រើនដូចគ្រូបង្វឹកធំៗដទៃទេ។ តែលោក តួរែល មានបច្ចេកទេសដាក់ក្រឡាទាត់ មានលក្ខណៈវាយប្រយុទ្ធខ្លាំងៗ ទៅលើគូប្រកួត ហើយលោកទំនង ជាត្រូវបានជ្រើសរើស ដោយផ្ទាល់ ដោយម្ចាស់ក្រុម ប៉ារីស (ព្រះអង្គម្ចាស់ «Tamim ben Hamad Al Thani» នៃប្រទេសកាតា)។

ប្រព័ន្ធផ្សព្វផ្សាយ ថែមទាំងអះអាង ពីការមកដល់របស់លោក តូម៉ាស តួរែល ថាវានៅសល់រយៈពេល តែប៉ុន្មានថ្ងៃខាងមុខប៉ុណ្ណោះ ដោយសារខណៈនេះ ភរិយារបស់លោក តួរែល កំពុងស្វែងរកលំនៅដ្ឋានមួយ នៅក្នុងរដ្ឋធានី ប៉ារីស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...