សង្គម​ស៊ីវិល​ជាង​២៧០ មិន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល

អង្គការសង្គមស៊ីវិល ប្រមាណជិតបីរយអង្គការ បានបដិសេធ«មិន»គាំទ្រ ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ការបដិសេធនេះ ព្រោះពួកគេមើលឃើញថា មានកង្វះតម្លាភាព ឱកាស និង​ការ​ពិគ្រោះ​យោបល់ ដែល​នាំ​ឲ្យ​មាន​«ផល​អាក្រក់» មក​ដល់​សង្គម​ស៊ីវិល។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៤ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 13, 2015
  • ប្រធានបទ: ច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការសមាគមប្រមាណជាង២៧០ ដែលធ្វើការលើវិស័យ សិទ្ធិមនុស្ស សុខាភិបាល វិស័យអប់រំជាដើម បានបង្ហាញ ការ​ព្រួយបារម្ភ និងអំពាវនាវ ឲ្យរដ្ឋាភិបាល«បញ្ឈប់» ដោយលើកយកការពិគ្រោះយោបល់ ជាមួយអង្គការ សមាគមដែល​ពាក់​ព័ន្ធ ជាមុនសិន ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ប្រតិកម្មរបស់អង្គការ សមាគមជាង២៧០នេះ បានធ្វើឡើង បន្ទាប់ពីមានការប្រកាស របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមេសា និងថ្ងៃជាបន្តបន្ទាប់មក ថាសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងត្រូវដាក់ជូន ទៅគណរដ្ឋមន្រ្តីអនុម័ត នាខែឧសភាខាងមុខនេះ។ សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែន​រដ្ឋាភិបាល មានចំនួន៩ជំពូក និង៣៤មាត្រា។

ថ្លែង ក្នុងសិក្ខាសាលាមួយ ដែលបានរៀបចំឡើង នាព្រឹកថ្ងៃទី៤ ខែឧសភា លោក សួន ប៊ុនស័ក្ក ប្រធានលេខាធិការដ្ឋាន នៃគណកម្មាធិការ នៃអង្គការ-សមាគម ការពារសិទ្ធិមនុស្ស កម្ពុជា បានលើកឡើងថា អង្គការសង្គមស៊ីវិល ស្នើឲ្យមាន​ការ​ផ្អាក ចំពោះការសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងងាកមករកការចរចារ និងពិគ្រោះ​យោបល់។ លោកបានបង្ហាញមូលហេតុថា តាមភាពជាក់ស្តែង ដែលផ្តល់សិទ្ធិដោយរដ្ឋធម្មនុញ្ញ លោកចង់បន្ត ឲ្យមានការ​ចូល​រួម​ជា​សាធារណៈ ពីប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស ជាមួយនិងភាពសកម្ម ដែលច្បាប់តម្រូវឲ្យ។

លោក ប៊ុនស័ក្ដ បានថ្លែងឡើងថា៖ «យើងប្រើប្រាស់សិទ្ធិរបស់យើង ក្នុងការចូលរួម កិច្ចការសាធារណៈ តាមរយៈការធ្វើ​សេចក្តីព្រាងច្បាប់នេះ។ (...) យើងចូលរួមធ្វើ ដើម្បិបំពេញកាតព្វកិច្ច តាមផ្លូវច្បាប់របស់យើង និងស្របតាមគោលការណ៍​ប្រជាធិបតេ្យ ដែលមានចែង និងធានានៅក្នុងច្បាប់។ (...) ច្បាប់ដែលមានការចូលរួម មតិយោបល់ពីអង្គការ សមាគម ជា​ច្បាប់​ដែលមានលក្ខណៈ គ្រប់ជ្រុងជ្រោយ ល្អ និងប្រពៃ ពិសេសជាច្បាប់ ដែលគោរពសិទ្ធិមនុស្ស។»

លើកឡើងប្រហែលគ្នានេះ អ្នកសម្របសម្រួលបច្ចេកទេស នៃអង្គការលីការដូ លោក អំ សំអាត បានអះអាងថា អ្វីដែល​អង្គការ​សង្កមស៊ីវិលទាមទារ ឲ្យមានការពិគ្រោះយោបល់ ជាសាធារណៈ មុននឹងដាក់ច្បាប់មួយនេះ ទៅក្នុងការអនុម័ត របស់​រដ្ឋសភា​នោះ គឺដើម្បីធានាសិទ្ធិ សេរីភាព របស់ប្រជាពលរដ្ឋ គ្រប់រូប ដើម្បីចូលរួមនៅក្នុងសង្គម ដើម្បីតែការអភិវឌ្ឍន៍​ប្រទេស​ជាតិ។ លោកបានលើកឡើងថា ច្បាប់នេះ សម្រាប់បណ្តាប្រទេសមួយចំនួន ក៏មានដែរ តែច្បាប់របស់គេ ធ្វើឡើង​ដើម្បី​ការពារ និងលើកទឹកចិត្ត និងភាពអនុគ្រោះ ពីរដ្ឋាភិបាល ទៅលើអង្គការសមាគមទាំងនោះ ដែលធ្វើការ ដើម្បី​បំរើ​ប្រយោជន៍​ពលរដ្ឋ និងសង្គមជាដើម។ លោកថា បើទោះជាអង្គការសមាគម នៅមិនទាន់បានចុះបញ្ជីក៏ដោយ ព្រោះនេះ​ជា​សិទ្ធិ​ពលរដ្ឋ ដែលបានធានាដោយច្បាប់។

លោកបានលើកបញ្ហា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល របស់កម្ពុជាថា បើទោះជាមាន​ការ​ពិគ្រោះយោបល់ រហូតដល់ទៅចំនួនបួនដង ក៏ពិតមែន តែអ្វីដែលមានការប្រែ ក្នុងសេចក្តីព្រាងច្បាប់នេះ ស្ទើតែគ្មានសោះ​តែម្ដង។ លោកថា៖ «ច្បាប់នេះបានដាក់កំហិត និងរឹតបណ្តឹងសម្រាប់សេរីភាព របស់អង្គការក្រៅរដ្ឋាភិបាល ទាំងអន្តរជាតិ និងជាតិ។ (...) មានការជ្រៀតជ្រែ កមកដល់អង្គការក្រៅរដ្ឋាភិបាល តាមរយៈរបាយការណ៍សកម្មភាព និងហិរញ្ញវត្ថុ ដែល​នាំ​ឲ្យ​បាត់បង់ ភាពឯករាជ្យ របស់អង្គការសង្គមស៊ីវិល។ (...) ច្បាប់នេះ ជាការពិតត្រូវធ្វើការបើកទូលាយ នូវសិទ្ធិសម្រាប់​ប្រជា​ពលរដ្ឋ។»

អ្នកស្រី ចេត ចរិយា នាយកប្រតិបត្តិអង្គការស្តារកម្ពុជា បានលើកឡើងថា បើច្បាប់អង្គការសង្គមស៊ីវិលចេញមក តេមិន​បាន​បង្ក​ឱកាស ឲ្យអង្គការសង្គមស៊ីវិល ឬផ្តល់ឱកាស ឲ្យមានការពិគ្រោះយោបល់ បានទូលំទូលាយពីអង្គការ​សង្គម​ស៊ីវិល​ទេ នោះប្រាកដ ជាមានការប៉ះពាល់ ដល់កិច្ចដំណើរការ របស់អង្គការសង្គមស៊ីវិល។ អ្នកស្រីបញ្ជាក់ថា៖ «រដ្ឋាភិបាលត្រូវ​តែ​យក​អនុសាសន៍ របស់សង្គមស៊ីវិល ដាក់ទៅក្នុងការពិគ្រោះ និងពិចារណា»។

រីឯលោក សឿង សារឿន នាយកប្រតិបត្តិ គណកម្មាធិការកិច្ច សហប្រតិបត្តិការកម្ពុជា បានលើកឡើងថា បណ្តុំអង្គការ​សង្គម​ស៊ីវិលបានរួមគ្នា ធ្វើសេចក្តីថ្លែងការណ៍មួយ បង្ហាញពីការព្រួយបារម្ភ នូវច្បាប់នេះ ដែលមើលទៅឃើញថា គ្មាន​តម្លាភាព និងខ្វះការពិភាក្សា និងការទទួលយកអនុសាសន៍ របស់សង្គមស៊ីវិលជាដើម។ លោកថា អង្គារសង្គមស៊ីវិល បាន​ស្នើ​ឲ្យ​មាន​ជំនួប ពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធ តែគ្មានការឆ្លើយតបនៅឡើយ ពីសំណាក់រដ្ឋសភា ព្រឹទ្ធិសភា និង​រដ្ឋាភិបាល។

សម្រាប់លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ អង្គការវេទិការ នៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជាវិញ បានចាត់ទុកថា ច្បាប់ដែលកំពុងត្រូវបានព្រាងឡើងនេះ អាចនឹងប៉ះពាល់ ដល់ប្រយោជន៍ប្រទេសកម្ពុជា។ លោកបានពន្យល់ថា៖ «អង្គការ​សមាគម ប្រមាណជាង១១០០អង្គការ ក្នុងនោះមានអង្គការអន្តរជាតិ មួយចំនួនធំ ដែលធ្វើការលើវិស័យសុខាភិបាល អប់រំ បរិដ្ឋានសិទ្ធិមនុស្ស។ (...) អង្គការទាំងនោះ បានផ្តល់ជាថវិការវិភាគទាន ប្រមាណ៧០០លានដុល្លាអាមេរិក សម្រាប់គាំទ្រ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...