រ៉ូស្សី បង្ហាញ​សាច់​ដុំ ក្នុង​ថ្ងៃ​រំលឹក​ខួប​ជ័យជំនះ​លើ​​ហ្វាសីស​អាល្លឺម៉ង់

ជាក្បួនព្យុះហយាត្រា កងទ័ព ដ៏ធំសម្បើមមួយ ដែលប្រធានាធិបតីរ៉ូស្សី វ្លាឌីមៀរ ពូទីន បានយកមកប្រារព ការរំលឹកខួបលើកទី ៧០ ថ្ងៃទី៩ខែឧសភា នៃជ័យជំនះរបស់ប្រទេសរ៉ូស្សី (កាលពីសម័យនោះ ជាសហភាពសូវៀត) ទៅលើពួកហ្វាសីសអាល្លឺម៉ង់។
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 10, 2015
  • ប្រធានបទ: យោធា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្បួនព្យុះហយាត្រាកងទ័ព ចំនួនជាង១៦០០០នាក់ ដែលមានអមដោយ រថពាសដែក ធុន Armata T-14 ដែលមានកំលាំង​ខ្លាំង​ជាង​គេ ក្នុងពិភពលោក កាំជ្រួចអន្តរទ្វីបទំងន់៥០តោន និងផ្លាកផ្សាយដែលមានរូប ស្ដាលីន (Staline) មើលទៅមានភាពសម្បើមអស្ចារ្យ នៅលើទីលានក្រហម កណ្ដាលរដ្ឋធានី ម៉ូស្គូ តែមិនមានការចូលរួម ពីមេដឹកនាំបស្ចឹមលោកនោះទេ។ នេះជាការប្រារព ទិវារំលឹក​ខួប​លើកទី៧០ នៃជ័យជំនះរបស់ប្រទេស មហាអំណាច មួយនេះ ទៅលើពួកហ្វាសីសអាល្លឺម៉ង់ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៤៥ ពោល​គឺមានរយៈពេល ៧០ឆ្នាំ កន្លងមកហើយ។

ការរំលឹកខួបនេះ មិនមែនមានតែនៅក្នុងរដ្ឋធានី ម៉ូស្គូ ប៉ុណ្ណោះទេ តែខេត្តក្រុង ប្រមាណជាង២០ទៀត ក៏បានប្រារពទិវានេះដែរ ដោយ​គ្រាន់តែមានរូបភាពតូចជាង។ នៅលើទីលានក្រហម កណ្ដាលរដ្ឋធានី ម៉ូស្គូ បើទោះជាអវត្តមានមេដឹកនាំ មកពីបណ្ដា​ប្រទេស​លោកខាងលិច ដែលធ្លាប់ជាអតីតសម្ព័ន្ធភាព របស់រ៉ូស្សី ក្នុងការវាយរំលំ ពួកហ្វាសីសអាល្លឺម៉ង់នោះក៏ដោយ ប៉ុន្តែនៅក្នុង​ក្បួនដង្ហែ​នោះ គេសង្កេតឃើញ មានមេដឹកនាំ មកពី២០ប្រទេសដទៃទៀត​ បានចូលរួម ដូចជា ប្រធានាធិបតីចិន ហ្សី ជិនភី (Xi Jinpi) នាយក​រដ្ឋមន្ត្រីឥណ្ឌា ប្រាណាប មុខេជី (Pranab Mukherjee) ប្រធានាធិបតីអេហ្សីប អាបដែល ហ្វាតា អាលស៊ីស៊ី (Abdel Fattah al-Sissi) និងប្រធានាធិបតីគុយបា រូល កាស្ត្រូ (Raul Castro) ជាដើម។ លោក បាន គីមួន (Ban Ki-moon) អគ្គលេខា អង្គការសហប្រជាជាតិ ក៏មានវត្តមាន នៅក្នុងការដង្ហែនេះដែរ។

ប៉ុន្តែ អវត្តមានរបស់មេដឹកនាំ លោកខាងលិច មិនបានបណ្ដាលចិត្ត ប្រធានាធិបតីរ៉ូស្សី ឲ្យបង្ហាញការខឹងសម្បារនោះទេ។ ប្រធានាធិបតី​រ៉ូស្សី លោក ពូទីន នៅតែថ្លែងនូវអំណរគុណ ដោយក្រុម«សម្ព័ន្ធមិត្ត»ទាំងនេះ ដែលបានធ្វើឲ្យមាន ជ័យជំនះឆ្នាំ១៩៤៥ លើពួកហ្វាសីសអាល្លឺម៉ង់។ លោក ថ្លែងឡើងថា៖ «ខ្ញុំសូមអរគុណប្រជាជន នៃប្រទេសអង់គ្លេស បារាំង និងអាមេរិក ដែលបាន​ចូល​រួម​ចំណែក នៅក្នុងជ័យជំនះនេះ។ ខ្ញុំក៏សូមអរគុណដែរ ប្រទេសប្រឆាំងលិទ្ធិហ្វាសីសផ្សេងទៀត ដែលចូលរួមប្រយុទ្ធ ទល់នឹងក្រុម ណាស៊ី ទោះជាអ្នកដែលស្ថិតនៅក្នុង ក្រុមអ្នកតស៊ូ ឬអ្នកដែលបានធ្វើ ដោយមិនចេញមុខក្ដី។»

សូមរំលឹកដែរថា សង្គ្រាមលោកលើកទីពីរ បានផ្ដាច់ជីវិត បណ្ដាជនរ៉ូស្សី ជាង២០លាននាក់ ទាំងប្រជាជនសមញ្ញ និងកងទ័ព។ ហើយ​មិនចូលរួម នៅក្នុងក្បួនព្យុះហយាត្រា របស់ក្រុមមេដឹកនាំ នៃបណ្ដាប្រទេសលោកខាងលិច ទំនងជាបណ្ដាលមកពី សង្គ្រាម​ផ្ដាច់ទឹកដី ដែលកំពុងកើតឡើង នៅក្នុងតំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ដែលបង្កឡើង ដោយក្រុមស្និតនឹងប្រទេសរ៉ូស្សី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...