«ខ្មែរ​ក្រោម​ត្រូវ​មាន​សិទ្ធិ និង​សេរីភាព មិន​ថា​នៅ​កម្ពុជា ឬ​កម្ពុជា​ក្រោម»

អង្គការ-សមាគម និងសារព័ត៌មានខ្មែរកម្ពុជាក្រោម ប្រមាណជាងដប់ស្ថាប័ន គ្រោងនឹងដាក់ សេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការអនុវត្តសិទ្ធិមនុស្ស ចំពោះពលរដ្ឋខ្មែរកម្ពុជាក្រោម ទាំងនៅកម្ពុជាក្រោម និងនៅកម្ពុជាកណ្តាល (ប្រទេសកម្ពុជា) ក្នុង«វេទិការប្រជាពលរដ្ឋអាស៊ាន» នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃទី២២ ខែមេសា ស្អែកនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២១ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 21, 2015
  • ប្រធានបទ: ខ្មែរក្រោម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្ព័ន្ធអង្គការសមាគមន៍ខ្មែរកម្ពុជាក្រោម ដែលមាន១១ អង្គការសមាគម ជាសមាជិក និងមានទីតាំងក្នុងប្រទេសកម្ពុជា គ្រោងនឹងបង្ហាញពីការតស៊ូមតិ និងការបិទបាំងសិទ្ធិ និងសេរីភាព របស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម នៃប្រទេសទាំងពីរ (វៀតណាមខាងត្បូង និងកម្ពុជាកណ្តាល) នៅក្នុងឱកាស នៃ«វេទិការប្រជាពលរដ្ឋអាស៊ាន» នៅទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្នុងថ្ងៃទី២២ ខែមេសា។

យោងតាមសេចក្តីថ្លែងការណ៏ ដែលចេញដោយលេខាធិការដ្ឋាន អង្គការសមាគមខ្មែរកម្ពុជាក្រោម បានបង្ហាញថា ខ្មែរ​កម្ពុជាក្រោមកំពុងរងការយាយី ការរំខាន ខាងផ្នែកសិទ្ធិ សេរីភាព វប្បធម៌ និងជំនឿសាសនា ពីសំណាក់អាជ្ញាធរ នៃ​ប្រទេស​វៀតណាម។ ក្រុមអង្គការសមាគមទាំងនោះ សូមស្នើឲ្យ អង្គការជាតិ និងអន្តរាជាតិ នៃសមាគមអាស៊ាន ជួយ​អន្តរាគម ចំពោះការរំលោភសិទ្ធិខ្មែរក្រោម ទាំងនៅកម្ពុជា និងនៅប្រទេសវៀតណាម តាមរយៈការដាក់ទីទាំង នៃឧត្តម​ស្នងការ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងអង្គការអន្តរជាតិផ្សេងទៀត មានការិយាល័យរបស់ខ្លួន ប្រចាំប្រទេសវៀតណាមជាដើម។

ក្នុងសេចក្តីថ្លែងការណ៍ដដែល បានបង្ហាញនូវចំណុចមួយចំនួន នៃការគ្រប់គ្រងអំណាចបំបិទសិទ្ធិ និងសេរីភាពមក​លើ​ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម របស់ប្រទេសវៀតណាម ដូចជា ការគម្រាមកំហែងព្រះសង្ឃ ក្នុងការចូលរួមជាមួយ អង្គការសមាគម ការប្រើប្រាស់កម្លាំង ប្រដាប់អាវុធហួសប្រមាណ ក្នុងការឡោមព័ទ្ធ ទីវត្តអារាមដើម្បីចាប់ព្រះសង្ឃ ជា​មួយ​នឹងការប្រើហិង្សា លើព្រះសង្ឃយ៉ាងធ្ងន់ធ្ងរ រួមទាំងការផ្សឹកព្រះសង្ឃ ដោយកម្លាំងទ័ព ការប្រើហិង្សា លើស្រ្តី​វ័យ​ចំណាស់ ពីកម្លាំងទ័ព និងការគម្រាម មាន«ដីកា»តុលាការ លើប្រជាពលរដ្ឋ និងព្រះសង្ឃអង្គណា ដែលមានទំនាក់ទំនង និងហ៊ានធ្វើសេចក្តីរាយការណ៍ ឬផ្តល់ព័ត៌មាន ទៅកាន់អង្គការសមាគមខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេសជាដើម។

ជាមួយគ្នានេះ ក្នុងករណីប្រជាពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃអង្គណា ដែលមិនបានសហការ ជាមួយនឹងអាជ្ញាធរ​វៀតណាម ពួកគេត្រូវបានរងនូវការគម្រាមកំហែង និងការតាមដាន រាល់សកម្មភាព ជារៀងរាល់ថ្ងៃ ដោយអាជ្ញាធរ​វៀតណាម​ទាំងនោះ។ មានការរឹតបណ្តឹង ការធ្វើដំណើរ ពីប្រទេសកម្ពុជា ទៅកាន់ទឹកដីកម្ពុជាក្រោម បើទោះមាន​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ ក៏ដោយ ក៏ត្រូវរងការឃាត់ទុក និងសួរចម្លើយនៃការចូល និងចេញ នៃទឹកដីកម្ពុជាក្រោម និងប្រទេស​កម្ពុជាដែរ។

ជាក់ស្តែង ចៅអធិការវត្តសាមគ្គីរង្ស៊ី ក្នុងប្រទេសកម្ពុជា ព្រះតេជគុណ សៀង សុវណ្ណារ៉ា ត្រូវបានអាជ្ញាធរវៀតណាម ដាក់​បំរាម មិនអនុញ្ញាត ឲ្យចូលស្រុកកំណើត ជួបឧពុកម្តាយ បើសិនជាព្រះអង្គ នៅតែបន្តចូលរួម ក្នុងអង្គការសមាគម ខ្មែរ​កម្ពុជា​ក្រោម ធ្វើការតស៊ូទាមទារ នូវសិទ្ធិ និងសេរីភាពនោះទេ។ ឯចាងហ្វាងសារព័ត៌មានព្រៃនគរ ប្រចាំនៅកម្ពុជា ឯណោះ​វិញ លោក លី ឈូន រួមទាំងប្រពន្ធ និងកូន ក៏មិនត្រូវបានអនុញាត ឲ្យចូលទឹកដីខ្មែរកម្ពុជាក្រោមដែរ នាពេល​កន្លង​មក ជាមួយនឹងការរឹបអូស នូវទ្រព្យសម្បត្តិមួយចំនួន ដូចជា កំព្យូទ័រ ការមេរ៉ាថតរូប និងអាយផេតជាដើម។

សម្រាប់អាជ្ញាធរកម្ពុជាវិញ ត្រូវបានសេចក្តីថ្លែងការណ៍ដដែល បរិហារថា យ៉ាងហោចណាស់ ដើមឆ្នាំ២០១៤ កន្លងមក មាន​ការប៉ះទង្គិច រវាងប្រជាពលរដ្ឋ កម្មករ ជាមួយអាជ្ញាធរកម្ពុជា ព្រោះតែការតវ៉ាទាមទារ តម្លើងប្រាក់ខែ។ ការប៉ះ​ទង្គិច​នោះ យ៉ាងហោចណាស់ បានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស ដោយគ្រាប់កាំភ្លើង របស់អាជ្ញាធរកម្ពុជា និង​ការ​ចាប់​ខ្លួន​ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម មួយចំនួនផងដែរ។ ព្រឹត្តិការណ៍ នៅក្នុងវត្តស្ទឹងមានជ័យ ថ្ងៃទី៤ ខែមករា ឆ្នាំ​២០១៤ បណ្តាលឲ្យព្រះសង្ឃ ថាច់ យឿន រងរបួសជាទំងន់។ ព្រឹត្តិការណ៍ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី៤ ខែមករា ឆ្នាំ​២០១៤ អ្នកសារព័ត៌មានព្រៃនគរ លោក ស៊ឺន ចែងចើន ក៏ត្រូវបានសន្តិសុខខណ្ឌវាត និងប្លន់យកសម្ភារៈដូចជាកាមេរ៉ា និងលុយ ខណៈពេលកំពុងចុះយកព័ត៌មាន នៃហេតុការណ៍ប៉ះទង្គិចគ្នា រវាងពលរដ្ឋខ្មែរ និងអាជ្ញាធរកម្ពុជា។

សេចក្តីថ្លែងការណ៍នេះ បានសរសេរបន្តថា នៅមានព្រឹត្តិការណ៍ជាច្រើនទៀង ដែលបានកើតឡើង ជាបន្តបន្ទាប់ មក​លើ​ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ហើយក៏រងការគម្រាមកមហែង តាមរយៈ«ដីកា»តុលាការ មិនចំពោះបុគ្គលណាឡើយ ដែល​ហ៊ានចេញមុខ ជួយធ្វើការស្វែងរកសិទ្ធិ និងសេរីភាពជូនប្រជាពលរដ្ឋ ជាក់ស្តែង ដូចករណីពលរដ្ឋរងគ្រោះ ដោយ​ដីធ្លី​ជាដើម។ ឆ្លៀតក្នុងឱកាសនោះដែរ សម្ព័ន្ធអង្គការសមាគមទាំង១១ បានស្នើឲ្យប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែល​ជាសម្ព័ន្ធមិត្ត រួមគ្នាបញ្ឈប់ ការរំលោភសិទ្ធិ និងសេរីភាពខ្មែរក្រោម ព្រមទាំងបញ្ឈប់ការលាបពណ៌ និងការរើសអើង​មក​លើខ្មែរកម្ពុជាក្រោម។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំរប្រតិកម្ម ពីអ្នកនាំពាក្យ នៃរដ្ឋាភិបាលកម្ពុជាបានទេ នាព្រឹកថ្ងៃទី២១ ខែមេសា​នេះ។ ប៉ុន្តែទស្សនាវដ្ដី នឹងស្វែងរកការបកស្រាយ ពីមជ្ឈដ្ឋាននាន ជុំវិញសេចក្ដីថ្លែងការណ៍ខាងលើ មុននឹងយកមក​ដាក់​ផ្សាយ នៅក្នុងអត្ថបទលើកក្រោយ របស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...