យន្ដហោះ​អ៊ែរប៊ូស​កូរ៉េ បុក​បង្គោល​ពេល​ចុះ​ចត របួស​២៧នាក់

យន្ដហោះអ៊ែរប៊ូស A320 របស់ក្រុមហ៊ុនអេសៀណាអ៊ែរឡាញ (Asiana Airlines) នៃប្រទេសកូរ៉េខាងត្បូង បាន​ជួប​នឹង​គ្រោះ​ឧប្បត្តិហេតុ នៅយប់ថ្ងៃអង្គារទី១៤ ខែមេសា នៅពេលដែលយន្ដហោះ បានចុះចតនៅព្រលានយន្ដហោះ ក្រុង ហីរ៉ូស៊ីម៉ា (Hiroshima) ផ្នែកខាងលិច នៃប្រទេសជប៉ុន។
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 15, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើតាមការអង្កេតជាលើកទីមួយបានឲ្យដឹងថា ដោយសារស្ថានភាពឧត្តុនិយម មិនអំណោយផល យន្ដហោះបាន​ហោះ​ទៅប៉ះ ជាមួយនឹងបង្គោល អង់តែនទាក់ទងមួយ លើកូនភ្នំស្ថិតនៅក្បែរនោះ មុននឹងបាត់បង់លំនឹងរបស់ខ្លួន នៅច្រើន​រយម៉ែត្រក្រោយ ហើយបានវិលត្រឡប់តួយន្ដហោះ ប្រមាណជា៩០ឌឺក្រ។ ហេតុការណ៍ បានកើតឡើង នៅវេលា​ម៉ោង​៨និង៥នាទី ម៉ោងក្នុងស្រុក យប់ថ្ងៃទីទី១៤ ខែមេសា នៅព្រលានយន្ដហោះ នៃក្រុង ហីរ៉ូស៊ីម៉ា ស្ថិតនៅភាគខាងលិច នៃ​ប្រទេសជប៉ុន។ ប្រភពផ្លូវការ ពីប្រទេសជប៉ុនបានឲ្យដឹងថា អ្នកដំណើរ នៅលើយន្ដហោះប្រមាណជា ២៧នាក់ ក្នុង​ចំណោម​៨១​នាក់ ដែលស្ថិតនៅលើយន្ដហោះ បានរងរបួស។

តាមរូបភាពដែលបានផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍ នៃប្រទេសជប៉ុន គេបានឃើញ បង្គោលអង់តែន ដែលមានកំពស់​៦ម៉ែត្រពីដី បានរបើករបាញ ដួលទៅនឹងដី ខណៈស្លាបខាងឆ្វេង របស់យន្ដហោះអ៊ែរប៊ូស ដែលភ្ជាប់ជើងហោះហើរលេខ OZ162 បង្ហាញពីការខូតខាត បណ្ដាលមកពីការប៉ះទង្គិចអ្វីមួយ។ ក្នុងរយៈពេលនោះ ព្រលានយន្ដហោះនៃក្រុង ហីរ៉ូស៊ីម៉ា ត្រូវបានបិទ ហើយជើងហោះហើេរមួយចំនួនធំ ត្រូវបានលប់ចោល។

អ្នកដំណើរទាំងអស់ បានសម្ដែង នូវការភ័យភិតរបស់ពួកគេ នៅក្នុងអំឡុងពេលមានគ្រោះថ្នាក់។ ស្ត្រីម្នាក់ បានថ្លែង​ប្រាប់​អ្នកសារព័ត៌មាន នៅនឹងកន្លែងថា៖ «មានផ្សែងបានហុយចេញមក ហើយប្រដាប់ដកដង្ហើម ជាមួយ​ខ្យល់​អុកស៊ីសែន បានធ្លាក់ចុះ។ បុគ្គលិកបម្រើការលើយន្ដហោះ ក៏គ្នាមានការតក់ស្លុតដែរ។ ខ្ញុំគិតថា យើងនឹងត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ហើយ។»

អ្នកដំណើរ៧៣នាក់ និងបុគ្គលិកបម្រើការ ទាំង៨នាក់ ត្រូវបានជម្លៀសខ្លួនចេញតាមពោងសង្គ្រោះ ដែលបានបំពាក់ នៅ​សងខាងយន្ដហោះ។ មិនមានជនរងគ្រោះដល់ជីវិតទេ ប៉ុន្តែអ្នកដំណើរ២៥នាក់ និងបុគ្គលិក២នាក់ បានរងរបួស។ នេះបើ​តាមការប្រកាស របស់រដ្ឋាភិបាលជប៉ុន។ ចំណែកឯក្រុមហ៊ុនអាកាសចរណ៍ អេសៀណាអ៊ែរឡាញ វិញ បាន​បង្ហាញ​តុល្យភាពរបស់ខ្លួនថា មានអ្នករបួសតែ១៨នាក់ប៉ុណ្ណោះ ក្នុងនោះ ១៤នាក់ ជាជនជាតិជប៉ុន ២នាក់ ជា​ជន​ជាតិ​កូរ៉េ និង២នាក់ទៀត ជាជនជាតិចិន។

បើតាមព័ត៌មានដែលចេញផ្សាយ តាមសារព័ត៌មានក្នុងស្រុកនានា បាននិយាយថា យន្ដហោះបានហោះ នូវកំពស់​មួយ​ទាបពេក នៅពេលជិតមកដល់ព្រលានយន្ដហោះ។ ប៉ុន្តែសេចក្ដីអះអាងនេះ មិនត្រូវបានក្រសួងដឹកជញ្ជូនជប៉ុន ថ្លែង​បញ្ជាក់​នោះទេ ប៉ុន្តែបានសន្យាថា នឹងបើកការស៊ើបអង្កេតមួយច្បាស់លាស់ ដើម្បីបំភ្លឺពីគ្រោះថ្នាក់។ ខាងក្រុមហ៊ុន​អាកាស​ចរណ៍វិញ បានថ្លែងសុំការ«អភ័យទោស» និងបានសន្យា ថានឹងសហការជាមួយអាជ្ញាធរជប៉ុន ដើម្បីរកឲ្យ​ឃើញ​ពីមូលហេតុនៃគ្រោះថ្នាក់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...