ស្ម័គ្រ​ចិត្ត​ឲ្យ​កាត់​ក្បាល​ខ្លួន យក​ទៅ​ត​ជា​មួយ​ដង​ខ្លួន​មួយ​ទៀត

ដោយមានរោគប្រចាំកាយ ពិបាកព្យាបាលពេក យុវជន វ៉ាឡេរី ស្ពីរីដូណូវ (Valery Spiridonov) បានស្ម័គ្រចិត្ត ជាមនុស្សដំបូងគេ ដែលឲ្យគេកាត់ក្បាល ដោយយកទៅតភ្ជាប់ នឹងដងខ្លួនមួយទៀត។
វីដេអូបង្ហាញពីការសម្រេចចិត្ត របស់យុវជន វ៉ាឡេរី ស្ពីរីដូណូវ ឲ្យគេកាត់ក្បាលខ្លួន ទៅតលើដងខ្លួនមួយទៀត។
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៣ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 14, 2015
  • ប្រធានបទ: វេជ្ជសាស្ត្រ
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

គម្រោងដ៏អស្ចារ្យនេះ បានបង្កើតឡើង ដោយគ្រូពេទ្យជំនាញខាងវះកាត់តរាងកាយ ជាតិអ៊ីតាលីមួយរូប ឈ្មោះ ស៊ែជីហ្សូ កាណាវើរ៉ូ (Sergio Canavero)។ កម្មវត្ថុសំខាន់៖ កាត់ក្បាល ពីមនុស្សម្នាក់ ទៅតភ្ជាប់ជាមួយដងខ្លួន របស់មនុស្សម្នាក់​ទៀត។ ហើយអ្នកដែលចូលមកសាកល្បង ការពិសោធន៍នេះមុនគេ គឺយុវជនជាតិរ៉ូស្សី វ៉ាឡេរី ស្ពីរីដូណូវ អាយុ៣០ឆ្នាំ។ យុវជនម្នាក់នេះ បានថ្លែងឡើងយ៉ាងមុតមាំថា៖ «ការសម្រេចចិត្តរបស់ខ្ញុំ មានភាពច្បាស់លាស់ ហើយខ្ញុំនឹងមិនប្រែ​ក្រឡាស់​ឡើយ»។

រងគ្រោះនឹងជំងឺប្រចាំកាយ ដែលហៅថា (Werdnig-Hoffman) យុវជន ស្ពីរីដូណូវ ដឹងខ្លួនយ៉ាងច្បាស់ ជាមុនហើយថា ជីវិតខ្លួននឹងមិននៅយូរទៀត ប៉ុន្មានឡើយ។ យុវជនបានបន្តទៀតថា៖ «ខ្ញុំមិនមានជំរើសផ្សេងទៀតទេ។ បើសិនជា​ខ្ញុំ​មិន​ឆ្លៀតឱកាស ក្នុងពេលនេះទេ លទ្ធផលចុងក្រោយនៃជីវិតខ្ញុំ នឹងអាក្រក់ជារឿង ដែលខ្ញុំចង់ឲ្យគេកាត់ក្បាលនេះ ទៅ​ទៀត។»

ឆ្លើយនឹងសំនួរ របស់សារព័ត៌មានអង់គ្លេស «Daily Mail» យុវជនជាតិរ៉ូស្សីរូបនេះ បានអះអាងទៀតថា៖ «តើខ្ញុំ​ភ័យឬទេ? បាទ ពិតហើយ ខ្ញុំភ័យ។ តែវាមិនមែន គ្រាន់តែជារឿង គួរឲ្យខ្លាចនោះទេ តែវាដូចជា គួរឲ្យចាប់អារម្មណ៍​ជាង។»


លោកវេជ្ជបណ្ឌិត ស៊ែជីហ្សូ កាណាវើរ៉ូ និងគម្រោងការស្រាវជ្រាវ របស់លោក។

លោកវេជ្ជបណ្ឌិត កាណាវើរ៉ូ ដែលអ្នកផង ហៅលោកថា ជាវេជ្ជបណ្ឌិត Frankenstein នោះ មានឈ្មោះល្បីយ៉ាងខ្លាំង ខាង​ការវះកាត់ កាត់តរាងកាយមនុស្ស ប៉ុន្តែក៏សម្បូររឿង ដ៏ចម្រូងចម្រាស់ណាស់ដែរ។ បើតាមវេជ្ជបណ្ឌិតរូបនេះ ការវះ​កាត់នឹងមានរយៈពេល៣៦ម៉ោង ហើយត្រូវចំណាយថវិកា ១១លានដុល្លា។

លោកវេជ្ជបណ្ឌិត បានពន្យល់ទៀតថា ក្បាលរបស់ វ៉ាឡេរី ស្ពីរីដូណូវ នឹងត្រូវកាត់ យកទៅដាក់លើដងខ្លួនបុរសម្នាក់ ដែល​បានស្ម័គ្រចិត្តប្រគល់ខ្លួន ដូចលោក ស្ពីរីដូណូវដែរ។ ដងខ្លួននោះ នឹងត្រូវដាក់ឲ្យស្ថិត នៅក្នុងសភាពសន្លប់ ឬបាន​ន័យ​ម្យ៉ាងទៀតថា គ្រប់គ្រឿងប្រដាប់ទាំងអស់ ត្រូវផ្អាកដំណើរការ ជាបណ្ដោះអាសន្ន មុននឹងដាក់ភ្ជាប់ជាមួយក្បាលថ្មី។ បន្ទាប់ពីធ្វើការភ្ជាប់រួច ដងខ្លួនទាំងមូល នឹងត្រូវថែរក្សាក្នុងរយៈពេល ១ខែ នៅក្នុងប្រអប់ថែរក្សារាងកាយមួយ ដើម្បីបង្ក​ភាព​រឹងមាំ ទៅឲ្យសាច់ដុំក ដែលត្រូវដុះមកតភ្ជាប់គ្នា។

គម្រោងការនេះ នឹងត្រូវធ្វើ នៅក្នុងឆ្នាំ២០១៦ ឬ២០១៧ខាងមុខ។ យើងនឹងរង់ចាំមើលមើល៍... ហើយថាតើនរណា​ខ្លះ​ទៀត ចង់បានខ្លួនថ្មីដូច្នេះ?


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments