នៅ​ក្នុង​រដ្ឋ​អ៊ីស្លាម អ្នក​ម្ដាយ​ម្នាក់​បាន​ស៊ី​សាច់​កូន​ខ្លួន​ឯង!

ជនជាតិអង់គ្លេសមួយរូប ទើបនឹងវិលត្រឡប់មកពីប្រទេស អៀរ៉ាក់ បានរៀបរាប់ប្រាប់សារព័ត៌មានអង់គ្លេស ពី​ហេតុការណ៍​ដ៏​ហួស​ហេតុ​មួយ នៃអ្នកម្ដាយមួយរូប ដែលចង់រកកូនរបស់គាត់ ឲ្យ​ត្រឡប់​មកស្រុកវិញ តែភ្ញាក់ខ្លួនក្រញ៉ាង បន្ទាប់ពីដឹងថា កូន​ខ្លួន​បាន​ស្លាប់ ហើយ​ក្រុម​អ៊ីស្លាម​និយម​ជ្រុល បានយកសាច់កូននោះ មកឲ្យគាត់ទទួលទាន។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ០៥ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 05, 2015
  • ប្រធានបទ: ភេវរនិយម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជារឿងប្រឌិត? ឬជារឿងនិទាន? តើការថ្លែងនោះ ជាការពិតឬទេ? យ៉ាងណាក៏ដោយ ក៏ហេតុការណ៍នេះ ត្រូវបាន ទាហាន ជាតិអង់គ្លេសមួយរូប ដែលធ្លាប់ធ្វើជាកងទ័ព នៅក្នុងប្រទេសអ៊ៀរ៉ាក់ ប្រឆាំងនឹងរដ្ឋអ៊ីស្លាម រៀបរាប់ប្រាប់កាសែត​អង់គ្លេស ឈ្មោះ The Sun បង្កឲ្យមានភាពរន្ធត់ យ៉ាងខ្លាំង។ ទាហាររូបនេះ ឈ្មោះ យ៉ាសៀរ អាប់ឌុលឡា (Yasir Abdulla) អាយុ៣៦ឆ្នាំ ទើបនឹងវិលត្រឡប់ពីអៀរ៉ាក់វិញ ហើយបាននិយាយប្រាប់កាសែត ឌឺសាន់ថា ខ្លួនកាន់តែស្អប់​ខ្ពើម​«រដ្ឋ​អ៊ីស្លាម»ខ្លាំងឡើង ដោយសាររឿងដ៏ហួសហេតុមួយ ដែលបានកើតទៅលើ ស្ត្រីវ័យចំណាស់ជនជាតិគៀដមួយរូប។

បើតាមលោក យ៉ាសៀរ ដែលបានក្លាយជាឪពុកមួយរូបដែរនោះ បានរៀបរាប់ថា ស្ត្រីចំណាស់រូបនេះ បានធ្វើដំណើរផ្សង​ព្រេង ពីភូមិស្រុកដើមរបស់គាត់ ដើម្បីទៅកាន់ក្រុង មូសូល (Mossoul ភាគខាងជើងនៃប្រទេសអៀរ៉ាក់) ដើម្បីស្វែងរក និងទទួលយកទៅវិញ នូវកូនប្រុសរបស់គាត់ ដែលត្រូវបានចាប់ខ្លួនដោយ ក្រុមកងស្ម័គ្រប្រយុទ្ធ របស់រដ្ឋអ៊ីស្លាម។ លោក​បានឲ្យដឹងថា៖ «ស្ត្រីចំណាស់ មានបំណង់យ៉ាងមុតមាំ ក្នុងការស្វែងរកកូនរបស់គាត់ឲ្យឃើញ។ គាត់ថែមទាំងបានដើរ​ចូល ទៅក្នុងបន្ទាយយោធា របស់ក្រុមអ៊ីស្លាម និងបានសុំឲ្យគេនិយាយ ជាមួយគាត់ផងទៀត។»

នៅពេលគាត់ បានចូលទៅក្នុងបន្ទាយយោធានោះ ក្រុមកងកម្លាំងស្ម័គ្រប្រយុទ្ធ បាននិយាយឲ្យស្ត្រីចំណាស់ សម្រាក​ឲ្យ​ស្រួលខ្លួន បន្ទាប់ពីដំណើរដ៏វែងឆ្ងាយរបស់គាត់។ ហើយបន្ទាប់មក ពួកនោះ បានរៀបចំចំណីអាហារ ឲ្យស្ត្រីចំណាស់​នោះ​បរិភោគ មុននឹងនាំគាត់ឲ្យទៅជួបកូន។ លោក យ៉ាសៀរ បាននិយាយថា៖ «ក្រុមអ៊ីស្លាម បានលើកតែមកឲ្យគាត់ និងម្ហូប​ចំណី ដែលក្នុងនោះមានសាច់ចំអិនស្រាប់ មានបាយ និងមានសម្ល។ ស្ត្រីវ័យចំណាស់ បានគិតថា ក្រុមអ៊ីស្លាមទាំងនេះ ពិតជាគួរឲ្យស្រឡាញ់ណាស់។»

ប៉ុន្តែ បន្ទាប់ពីគាត់បានទទួលទានរួចរាល់ ស្ត្រីចំណាស់ ចាប់ផ្ដើមសួរពីកូនរបស់គាត់ ស្រាប់តែគាត់ទទួលបាន​ចម្លើយ​ពី​ក្រុមអ៊ីស្លាមមកវិញ នូវសំណើចសើចក្អាកក្អាយ។ ពួកគេឆ្លើយតប ទៅអ្នកម្ដាយនោះវិញថា៖ «យាយឯង ទើបស៊ីវាហើយ» មុននឹងពន្យល់ប្រាប់ ស្ត្រីចំណាស់ទៀតថា ពួកគេបានសម្លាប់កូនរបស់គាត់ ហើយបានកាប់សាច់សាកសព យកមកធ្វើ​ម្ហូប ឲ្យគាត់ទទួលទានមុននេះ។

លោក យ៉ាសៀរ អាប់ឌុលឡា បានស្ម័គ្រចិត្ត ទៅធ្វើទាហានប្រយុទ្ធនៅអៀរ៉ាក់ បន្ទាប់ពីលោក បានដឹងថា ក្រុមអ៊ីស្លាម​និយម​ជ្រុល បានវាយលុក ជិតមកដល់ស្រុកកំណើតរបស់លោក នៅប្រទេស គួឌីស្ដង់ (Kurdistan) លោកបាន​រៀបរាប់​បន្ថែមថា ក្រុមស្ម័គ្រប្រយុទ្ធអ៊ីស្លាម បានគម្រាមចាប់ពង្រត់ និងដុតសម្លាប់ទាំងរស់ នូវអ្នកភូមិណា ដែលពួកគេវាយ​ដណ្ដើម​កាន់កាប់បាន ប្រសិនបើអ្នកភូមិនៅទីនោះ មិនព្រមចុះចូល។ លោក យ៉ាសៀរ បានត្រឡប់មក ប្រទេសអង់គ្លេស​វិញ ក្នុងក្រុង យ៉កសៀរ (Yorkshire) កន្លែងដែលលោករស់នៅ ជាមួយគ្រួសារ។ ប៉ុន្តែលោកនៅតែចិញ្ចឹមចិត្ត ថានឹង​វិល​ទៅ​ប្រយុទ្ធ​ប្រឆាំង ក្រុមភេវរករទាំងនោះទៀត ក្នុងពេលខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...