ប្រតិកម្ម​ចម្រុះឲ្យ​​ស៊ើប​អង្កេត​ការផ្ទុះ​អាវុធ​ប្រឆាំង​ពលរដ្ឋ​នៅ​ក្រចេះ

នៅចំពោះភាពចម្រូងចម្រាស នៃតុល្យភាពចំនួនជនរងគ្រោះ នៅក្នុងហេតុការណ៍ផ្ទុះអាវុធ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃព្រហស្បត្តិ៍ ទី៨ ខែមីនានេះ ប្រតិកម្មបានធ្លាក់ចុះមកជាបន្តបន្ទាប់ ទាមទារឲ្យបើកការស៊ើបអង្កេត ដោយឯករាជ្យមួយ ដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនដល់ជនរងគ្រោះ។ ប្រតិកម្មទាំងនោះ មានទាំងមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រីអង្គការសង្គមស៊ីវិល គណបក្ស និងចលនសង្គ្រោះជាតិនោះផង។ 
ប្រតិកម្ម​ចម្រុះឲ្យ​​ស៊ើប​អង្កេត​ការផ្ទុះ​អាវុធ​ប្រឆាំង​ពលរដ្ឋ​នៅ​ក្រចេះ
ទិដ្ឋភាពកម្លាំង​ប្រដាប់ដោយអាវុធ ដាក់ពង្រាយដើម្បីបង្ក្រាបការតវ៉ា របស់ពលរដ្ឋក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨។ (រូបថតផ្តិតពីអេក្រង់វីដេអូ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 10, 2018
  • ប្រធានបទ: ជម្លោះដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកស្រី​ រ៉ូណា ស្មីត​ (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ប្រចាំ​កម្ពុជា​ បានសម្តែង​ក្តី​ព្រួយ​បារម្ភក្រៃលែង ជុំវិញ​ព័ត៌មាន ​អំពី​ការ​ផ្ទុះអាវុធ បាញ់​ប្រហារ​ ទៅលើ​ប្រជាពលរដ្ឋ​ អ្នក​តវ៉ា​ជម្លោះដីធ្លី ក្នុងខេត្ត​ក្រចេះ កាលពីថ្ងៃព្រហស្បត្តិ៍ ទី៨ ខែមីនា ឆ្នាំ២០១៨។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់ការិយាល័យរបស់អ្នកស្រី ខណៈអ្នកស្រីផ្ទាល់ កំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់ ពីស្ថានភាពសិទ្ធិមនុស្ស​ របស់ប្រទេសនេះ ដែលរងការរិះគន់ថា មានលក្ខណៈកាន់តែចុះដុនដាបទៅៗ។

សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ មួយថ្ងៃក្រោយពេលកើតហេតុ បានបញ្ជាក់ថា អ្នកស្រី រ៉ូណា ស្មីត កំពុងតាមដាន យ៉ាងជិតដល់ និង​ស្នើ​ឲ្យ​មាន​កា​ស៊ើបអង្កេត ជាបន្ទាន់​មួយ ទៅលើ​ករណីនេះ។ អ្នកស្រីបានក្រើន​រម្លឹកជាថ្មី ទៅកាន់របបដឹកនាំក្រុងភ្នំពេញ ថាការ​គោរព​សិទ្ធិមនុស្ស មិនអាចខ្វះបានឡើយ សម្រាប់ការកសាងសន្តិភាព ស្ថេរភាព និងការ​អភិវឌ្ឍ​សង្គមមួយ ​ប្រកប​ដោយចីរភាពនោះ។

នៅក្នុងការថ្លែង របស់មន្ត្រីអង្គការសង្គមស៊ីវិលជាច្រើន មានទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាល បើកការស៊ើបអង្កេត ប្រកបដោយតម្លាភាពមួយឡើងដែរ។ 

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានទាមទារ ឲ្យមានការស៊ើបអង្កេតមួយ ដែលប្រកបដោយ ភាព«ឯករាជ្យ និងទទួលយកបាន»។ អង្គការអន្តរជាតិ បានបញ្ជាក់បន្ថែមថា ក្រុមនាយទាហាននៅក្នុងតំបន់ គឺអ្នកទទួលខុសត្រូវ ជុំវិញការប្រើប្រាស់កម្លាំង មិនសមស្រប និងហួសប្រមាណ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក​ លោក​ ស៊ឹង សែនករុណា​ បាន​ថ្លែងលើកទឹកចិត្តរដ្ឋាភិបាលកម្ពុជា ឲ្យបើកការស៊ើបអង្កេត ដែលមាន​ការ​ចូលរួម​ ពី​អង្គការ​សង្គម​ស៊ីវិល​ និង​ភាគី​ពាក់​ព័ន្ធ ដើម្បីជម្រះ​ក្តី​មន្ទិល ជុំវិញភាពចម្រូងចម្រាស ពីព័ត៌មានដែលអះអាង ថាមានជនរងគ្រោះដល់ជីវិត។

នៅក្នុងរបាយការណ៍បឋម ដែលផ្ដល់ឲ្យពលរដ្ឋ​ នៅនឹងកន្លែង បានអះអាងថា ក្រុមរបស់ខ្លួន បានរងការបាញ់ប្រហារ ពីសំណាក់កងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីពួកគេ បានធ្វើការបិទផ្លូវជាតិ លេខ ៧៦ ដើម្បីតវ៉ាករណីវិវាទ​ដី​ធ្លី​ របស់​ប្រជា​ពលរដ្ឋ​ ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម​ នៅ​ឃុំ​ពីរ​ធ្នូ​ ស្រុក​ស្នូល ខែត្រ​ក្រចេះ។ ពលរដ្ឋបាននិយាយថា គ្នីគ្នារបស់ផងខ្លួន មានយ៉ាងហោច ចំនួន៦នាក់ បានស្លាប់ និងច្រើនសិបនាក់ បានរងរបួស។

ប៉ុន្តែសេចក្តី​ប្រកាស ​របស់​រដ្ឋបាល​ខេត្ត​ក្រចេះ​ ចុះថ្ងៃ​ទី​៨ ខែ​មីនា​ ឆ្នាំ​២០១៨ បាន​បញ្ជាក់​ថា​ ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ សូម​ធ្វើ​ការ​បដិសេធ​ទាំង​ស្រុង ​ចំពោះ​ព័ត៌មានខាងលើ ដោយហៅសេចក្ដីរាយការណ៍ និងការចុះផ្សាយ របស់សារ​ព័ត៌មានក្នុងស្រុកមួយចំនួននោះ ថាជា​«ព័ត៌មាន​មិន​ពិត»។ សេចក្ដីប្រកាសបានពន្យល់ថា៖ «ក្នុង​ហេតុ​ការណ៍​នេះ​ គឺ​ពុំមាន​មនុស្ស​ស្លាប់​ទេ​ មាន​តែ​អ្នក​របួស​៩​រូប​ ក្នុង​នោះ​ ៧​រូប​ជា​សមត្ថ​កិច្ច»។

នៅថ្ងៃទី៩ ខែមីនា ពលរដ្ឋមួយចំនួន ដែលបានផ្ដល់ព័ត៌មាន ពីការបាញ់ប្រហារ បានប្ដូរការអះអាងរបស់ពួកគេវិញ។ ពលរដ្ឋខ្លះអះអាងថា ពួកគេភ័យខ្លាចអាជ្ញាធរចាប់ខ្លួន បើនៅតែនិយាយ អំពីការស្លាប់របស់គ្នីគ្នាខ្លួន។ ពលរដ្ឋខ្លះបានរត់គេចខ្លួន ខ្លះទៀតបានសំងំ នៅតែក្នុងព្រៃ មិនហ៊ានចេញមកក្នុងស្រុកឡើយ ដោយសារក្រុមអាជ្ញាធរ បានចល័តកម្លាំង តាមឃ្លាំមើល សឹងតែគ្រប់ច្រក។ 

ស្ត្រីជាអ្នកស្រុកម្នាក់ ដែលបានផ្ដល់បទសម្ភាស ទៅឲ្យវិទ្យុអាស៊ីសេរី នៅក្រោយពេលកើតហេតុ ថាមានមនុស្សស្លាប់នោះ ត្រូវបានអាជ្ញាធរហៅទៅសាកសួរ មុននឹងចេញមកប្រកាស ប្រាប់សារព័ត៌មានក្នុងស្រុកជាថ្មី នៅថ្ងៃទី៩ ខែមីនានេះវិញ ថា«គ្មានមនុស្សស្លាប់»ទេ។

យ៉ាងណា ពលរដ្ឋម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ នៅតែអះអាង ថាខ្លួនបានឃើញដោយផ្ទាល់ភ្នែក ថាមានមនុស្សស្លាប់ ដោយគ្រាប់កាំភ្លើង របស់ក្រុមអាជ្ញាធរ។ ស្រង់សំដី ដោយវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ពលរដ្ឋរូបនោះ បានអះអាងថា៖ «ស្លាប់នៅនឹងភ្នែកខ្ញុំ ២នាក់ ហើយរបួសធ្ងន់៣នាក់។ ខ្ញុំហ្នឹង កំពុងរត់គេចគ្រាប់កាំភ្លើងដូចគ្នា គាត់ហ្នឹងដូចថា មករង[គ្រាប់កាំភ្លើងជំនួស]ខ្ញុំ។ គាត់នៅឈរពីមុខខ្ញុំ ដល់គេបាញ់មក ត្រូវគាត់ដួលភីង ហ្នឹងហ្មង។»។

ពលរដ្ឋដដែលបានបន្តទៀថា៖ «ម្នាក់ទៀតហ្នឹង ពេលខ្ញុំរត់ឆ្លងថ្នល់។ ដល់ពេលខ្ញុំរត់ឆ្លងថ្នល់ទៅវិញ ប៉ូលិសឃាត់ មិនឲ្យខ្ញុំឆ្លងថ្នល់ទេ ឲ្យមកវិញ។ ដល់គាត់ម្នាក់ទៀតលោតទៅ គេបាញ់មកចំឆ្អឹងជំនី ក្រោមសាច់ដោះស្តាំ លេចទៅក្រោយ ងាប់មួយរំពេចហ្មង។ ដល់ពេលគាត់ម្នាក់ហ្នឹង ងាប់នៅកន្លែងហ្នឹង ខ្ញុំឃើញគេបីមនុស្សស្រីម្នាក់ ដែលគេបាញ់ត្រូវក្រលៀន លេចទៅក្រោយហ្នឹង គឺគេលីទៅ បានប្រហែលបន្តិចទេ គឺគាត់ដាច់ខ្យល់តែម្តង។»។

ហេតុការណ៍ផ្ទុះអាវុធនេះ ត្រូវបានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ កាលពីខែវិច្ឆិកា ឆ្នាំទៅម៉ិញ ប្រកាសថ្កោលទោស ដោយហៅព្រឹត្តិការណ៍ខាងលើ ថាជាការ«បង្ក្រាបយ៉ាង​ឃោរឃៅ​ព្រៃ​ផ្សៃ​ មក​លើ​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់» និងជា«អំពើឧក្រិដ្ឋ​ មិនអាចអត់ឱនឲ្យបាន»។ សេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំង ដែលចេញផ្សាយ ក្នុងថ្ងៃទី៩ ខែមីនា បានអំពាវនាវឲ្យធ្វើការ​«ស៊ើបអង្កេតជាបន្ទាន់» ដោយមានការចូលរួម ពីអង្គការសង្គមស៊ីវិល«ឯករាជ្យ»។

 

នៅក្នុងវីដេអូមួយ ផ្សាយនៅលើបណ្ដាញសង្គម អតីតប្រធានគណបក្សសង្គ្រោះជាតិ និងសព្វថ្ងៃជាប្រធានចលនាសង្គ្រោះជាតិ លោក ​សម រង្ស៊ី​ បាន​ប្រកាសថ្កោលទោស «យ៉ាងដាច់អហង្ការ» ទៅលើសកម្មភាពបាញ់ប្រហារនេះ និងបានអះអាងថា ជា«ទង្វើដ៏ឃោឃៅ»។ លោក សម រង្ស៊ី បានថ្លែងឡើងថា៖ «សូម​ថ្កោល​ទោស​យ៉ាង​ទម្ងន់​ ចំពោះ​អ្នក​មានអំណាច​សព្វ​ថ្ងៃ​ ក្នុង​នោះ​ មាន​ក្រុម​គ្រួសារ​ និង​បក្ខពួ​ក​លោក ​ហ៊ុន សែន​ ដែល​បាន​លួច​ប្លន់​ដី​ធ្លី​ប្រជា​រាស្ត្រ។»។​

 

ការទាមទារ​ឲ្យមានការស៊ើបអង្កេត ទំនងជាអាចធ្វើទៅបាន ប៉ុន្តែនៅត្រង់ថា ការស៊ើបអង្កេត ផ្ដល់ភាពជឿជាក់ត្រឹមប៉ុណ្ណានោះ ពិបាកនឹងធ្វើឲ្យគេឯងស្មានដឹងណាស់។ នេះ បើតាមការលើកឡើង របស់លោក ប្រ៊េដ អាដាម (Brad Adams)។ នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​រូបនេះ បានអះអាង ផ្ដល់សារសំខាន់ ដល់ការស៊ើបអង្កេត​ជាបន្ទាន់មួយ ដែលត្រូវ​តែ​ធ្វើ​ឡើង​ ដោយ​ក្រុម​ឯករាជ្យ ជាពិសេសមានការ​ចូលរួម​ ពី​ការិយាល័យ​ឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ដែល​ពេលនេះ​ កំពុង​តែមាន​វត្ត​មាន ​របស់​អ្នកស្រី រ៉ូណា ស្មីត ស្រាប់។

លោក ប្រ៊េដ អាដាម បានថ្លែងក្នុងវិទ្យុអាស៊ីសេរីថា៖ «តាមពិតទៅ អាជ្ញាធររបបលោក ហ៊ុន សែន គ្មាន​ប្រវត្តិ​បើកការ​ស៊ើបអង្កេត​ណាមួយ ​ដែល​ឯករាជ្យ និងគួរ​ឲ្យ​ជឿទុកចិត្ត​បាន​នោះទេ។ ដូច្នេះហើយ​ ទើប​ការ​ស៊ើបអង្កេត​នេះ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ។ បើគ្មាន​អន្តរាគមន៍ ពី​អង្គការ​សហប្រជាជាតិទេ កុំ​សង្ឃឹមថា នឹង​មាន​តម្រុយ អំពី​ហេតុការណ៍ពិត​ ដែល​បាន​កើត​ឡើង​នោះឲ្យ​សោះ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...