វិចិត្រករ​ហ្វេសប៊ុក​បង្ហាញ​ពី​សង្គម​ខ្មែរ តាម​រយៈ​គំនូរ​​ខ្លួន (pic)

មិនមានច្រើនប៉ុន្មានទេ វិចិត្រករខ្មែរដែលហ៊ានលើកពី ភាពអយុត្តិធម៍ និងការប្រព្រឹត្តទង្វើផ្សេងៗ នៅក្នុងប្រទេសកម្ពុជា មកបង្ហាញ តាមរយៈផ្ទាំងគំនូររបស់ខ្លួននោះ។ ប៉ុន្តែវិចិត្រករដៃឯក លោក ឈុន ចំណាប់ បែរជាយល់ឃើញផ្ទុយ ពីចរន្ដទូទៅនោះទៅវិញ។ គួរឲ្យស្ដាយ ដែលវិចិត្រករម្នាក់នេះ មិនបង្ហាញមុខ ឲ្យប្រិយមិត្តបានស្គាល់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២១ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 22, 2015
  • ប្រធានបទ: គំនូរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គម ប្រហែលជាធ្លាប់បានឃើញស្នាដៃ របស់លោក ឈុន ចំណាប់ ដែល​ច្រើន​តែ​ជា​គំនូរ ដែលគូរឡើងដោយប៊ិច អមដោយអក្សរពន្យល់ ឬចំណងជើងជាមិនខាន។ ផ្ទាំងគំនូរទាំងនោះ មិនមែន​ជា​ផ្ទាំង​គំនូរ​អាជីព ដែលមានលក្ខណៈដើម្បីដាក់លក់ ជាសាធារណៈនោះទេ តែសុទ្ធសឹងជាផ្ទាំងគំនូរ ដែល​បង្ហាញ​ពី​អារម្មណ៍ និងបេះដូងរបស់វិចិត្រករផ្ទាល់ ដែលបើកភ្នែកឡើង ឃើញហេតុការណ៍អ្វីៗ នៅតែនឹងមុខខ្លួននោះ។

រូបភាពជាច្រើនរបស់លោក បានបង្ហាញពីភាពមិនប្រក្រតី នៅក្នុងរឿងនយោបាយ ពីសង្គមនៅក្នុងប្រទេស ដូច​ជា​មានការតវ៉ាពីពលរដ្ឋ និងព្រះសង្ឃ ហើយត្រូវបានតបមកវិញ ដោយការបង្ក្រាបយ៉ាងហឹង្សា ពីសំណាក់​អាជ្ញាធរ​ជា​ដើម។ នៅក្នុងនោះដែរ មានគំនូរមួយផ្ទាំង ដែលបានបង្ហាញពីមនុស្សម្នាក់ នៅក្នុងរនាំងអ្វីមួយ អមដោយសំណេរ​មួយឃ្លាថា៖ «សងផ្ទះខ្ញុំវិញ»។

លោក ឈុន ចំណាប់ ម្ចាស់គំនូរលាក់មុខ បានឆ្លើយតបទៅនឹងការសាកសួរ របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តាមរយៈសាអេឡិត្រូនិកថា លោកមិនមែន ជាអ្នកគូរចំណានអ្វីនោះទេ តែអ្វីដែលសំខាន់ សម្រាប់គំនូរ​របស់​លោក គឺលោកចង់ រៀបរាប់ឲ្យឃើញឡើងវិញ ពីបញ្ហាសង្គមពិតៗ និងពីភាពអយុត្តិធម៌ នៅក្នុងសង្គមខ្មែរ។

នៅក្នុងចំណោមផ្ទាំងគំនូរទាំងនោះ គេឃើញផ្ទាំងគំនូរខ្លះ បានផ្តោតសំខាន់ ទៅលើការកាពារព្រៃឈើផងដែរ ជាពិសេស គឺស្ថាបនិករបស់អង្គការ «មាតាធម្មជាតិ» ដែលកំពុងមានរឿងរ៉ាវ ត្រូវរដ្ឋាភិបាលបណ្តេញចេញ ពី​ប្រទេស​កម្ពុជា។ លោកបានសរសេររៀបរាប់ថា គំនូរនេះចេញពីចិត្តរបស់លោកទាំងស្រុង។ នោះ គឺដោយសារ​តែ​លោក​មិនចង់ ឲ្យបាត់បង់អ្នកការពារព្រៃឈើម្នាក់នេះ នៅតំបន់អារ៉ែង។

ជាងគំនូរលាក់មុខរូបនេះ បានដឹងខ្លួនថា លោកទទួលបានគាំទ្រជាច្រើន នៅតាមបណ្ដាញសង្គម។ លោកបាន​ប្រាប់​ថា លោកជាអ្នកលក់ដូរមួយរូប ដោយសុំមិនបញ្ជាក់ពីទីតាំងឡើយ។ ហើយទាំងនេះ ក៏ជាហេតុផលមួយ ដែល​បង្ខំឲ្យលោកត្រូវតែលាក់មុខ ព្រោះសុវត្ថិភាពនោះដែរ។ យ៉ាងណាក៏ដោយ  លោកគ្រាន់តែចង់ឲ្យ​កូនខ្មែរ​ទាំង​អស់ មើលគំនូររបស់លោកហើយ ពិចារណារក្នុងនាមជាខ្មែរដូចគ្នា ថាតើវាជារឿងត្រិមត្រូវ ឬមួយយ៉ាងណា?

សូមទស្សនារូបភាពមួយចំនួនរបស់លោក ឈុន ចំណាប់៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...