អង្គរ​ក្លាយ​ជា​កន្លែង​ដ៏​ពេញ​និយម សម្រាប់​ជន​បរទេស​ថត​ស្រាត?

រយៈពេលចុងក្រោយនេះ នៅតំបន់ប្រាសាទអង្គវត្ត អតីតរាជធានីបូរាណខ្មែរដ៏ល្បីល្បាញ ត្រូវបានគេកត់សម្គាល់ថា មាន​ការ​ពេញ​និយម​យ៉ាង​ច្រើន ពីសំណាក់ជនបរទេស មកថតរូបអាក្រាតកាយ បើ​ទោះ​បី​​ជា​អាជ្ញាធរ​អប្សរា កំពុង​ចាត់​វិធានការ​ចំពោះ​រឿង​នេះ​ក៏​ដោយ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី១១ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 15, 2015
  • ប្រធានបទ: អង្គរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្មីនេះៗ មានរូបភាពថតស្រាតរបស់ជនបរទេសជាច្រើន ត្រូវបានយកមកបង្ហោះ ពាសពេញបណ្តាញសង្គម​។ រូបភាពទាំងនោះ បានបង្ហាញឲ្យឃើញថា ជនបរទេស ឬភ្ញៀវទេសចរណ៍ ដែលមកទស្សនាកំសាន្ត ក្នុង​ប្រទេស​កម្ពុជា មាន​ការ​ពេញនិយមយ៉ាងខ្លាំង ក្នុងការយកទិដ្ឋភាពជុំវិញ នៃតំបន់ទេសចរណ៍វប្បធម៌ ដ៏ល្អ​ប្រណិត​របស់ប្រទេសនេះ ដើម្បីសម្រេចសមិទ្ធិផលដ៏ពិសេសរបស់ពួកគេ នោះគឺថតរូបស្រាត។

គ្រាន់តែមួយរយៈពេលនេះ យ៉ាងហោចណាស់ករណីចំនួនពីរ ត្រូវបានអាជ្ញាធរគ្រប់គ្រងតំបន់អង្គរ ហៅកាត់ថា អប្សរា ចាប់បាន។ ករណីទីមួយ បានធ្លាក់ទៅលើបុរសជនជាតិបារាំង ៣នាក់ ដែលទើបតែត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល៦ខែ ដោយព្យួរទោស ហើយបណ្តេញចេញពីស្រុក មិនឱ្យចូលមកកម្ពុជា រយៈ​ពេល​៤ឆ្នាំ បន្ទាប់ពីពួកគេបាននាំគ្នាថតស្រាត នៅក្នុងប្រាសាទបន្ទាយក្ដី ចំណាស់តាំងពីជិត១ពាន់ឆ្នាំ។ ករណី​ក្រោយមកទៀត ធ្លាក់ទៅលើស្រ្តីបរទេស ពីរនាក់ផ្សេងទៀត ដែលត្រូវបានផ្ដន្ទាទោស ដូចគ្នាទៅនឹង​យុវជន​បារាំងទាំងបីនាក់ខាងលើដែរ។

ប៉ុន្តែ នៅមានករណីជាច្រើនទៀត ដែលបានកើតឡើង មុនប្រតិកម្មរបស់អាជ្ញាធរ។ ក្នុងនោះ មានរូបថត​អាក្រាត របស់ស្ត្រីអ្នកបង្ហាញម៉ូតរ៉ូស្ស៊ី និងស្ត្រីអ្នកបង្ហាញម៉ូដចិន ដែលអាជ្ញាធរអះអាងថា កំពុងចាត់​វិធានការ​«ផ្លូវច្បាប់» ប្រឆាំងម្ចាស់រូបថត ឬក្រុមហ៊ុនដែលធ្វើទង្វើ ដែលគ្មានការអនុញ្ញាតទាំងនេះ។ ករណីចុងក្រោយ ដែលទើបនឹងត្រូវបានបង្ហោះ មកក្នុងបណ្ដាញសង្គមទៀតនោះ គឺរូបថតស្រាតននលគោក របស់ស្រ្តីនិងបុរស ដែលជាជនជាតិបរទេសមួយគូ នៅក្នុងបរិវេណប្រាសាទ​បូរាណ​ច្រើនកន្លែង។

រូបថតលើកចុងក្រោយនេះ ត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់អ្នកជំនាញថតរូប និងជាតារាបង្ហាញម៉ូដ ជាតិ​អាល្លឺម៉ង់ លោក ស៊ីម៉ុន ឡូម៉ីយ័រ (Simon Lohmeyer) ដែលមានឯកទេស ខាងថតរូបតាមបែបធម្មជាតិ ដោយ​​ប្រើ​ប្រាស់​តួអង្គនៅក្នុងរូបរបស់ខ្លួន ឲ្យស្រាតទាំងអស់។ រូបថតបីសន្លឹកក្នុងតំបន់អង្គរ ជាមួយតួអង្គ​អាក្រាត ដោយ​ពាក់​មុខ​​ជា​សត្វ​ស្វា​នោះ ត្រូវបានថតនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ និងបន្ទាប់មក ត្រូវ​បាន​បង្ហោះ​នៅ​លើ​​គេហទំព័រ Dirty របស់​លោក ស៊ីម៉ុន។

សម្រាប់ប្រជាជនកម្ពុជាវិញ កុំថាឡើយ យកប្រាង្គប្រាសាទរបស់ពួកគេ មកប្រើប្រាស់ក្នុងរូបថតបែបនេះ បើ​គ្រាន់តែជាការថតរូបអាក្រាតធម្មតាមួយ ក៏ប្រជាជនកម្ពុជា ដែលនៅប្រកាន់នូវប្រពៃណីទំនៀមទម្លាប់​តឹង​មួយ​នេះ មិនអាចទទួលយកបានឡើយ។ ប្រតិកម្មខ្លាំងក្លា និងព្រោងព្រាត បានធ្លាក់មកជាបន្តបន្ទាប់ ស្របជា​មួយ​នឹងការចាត់វិធានការតឹងតែងជាងមុន ពីសំណាក់អាជ្ញាធរអប្សរា និងក្រសួងវប្បធម៌ ក្នុងនោះមានការពង្រឹង​កង​កម្លាំងសន្ដិសុខ ដើម្បីធ្វើការយាមកាមបន្ថែមទៀត នៅតំបន់អង្គរ។ ប៉ុន្តែបើទោះជាវិធានការនេះ ទទួល​បាន​​ការសាទរមួយភាគពីមហាជនក៏ដោយ ក៏ការរិះគន់ដ៏ជូរចត់ទៅលើអាជ្ញាធរ បានកើតមានយ៉ាងសន្ធឹក​សន្ធាប់​ដែរ។ មូលហេតុសំខាន់ គឺដោយសារតែវិធានការនេះ ដូចជាបានដាក់ចុះមកយឺតពេលបន្តិចហើយ ពី​អាជ្ញាធរ​ពាក់ព័ន្ទទាំងនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...