សមាគម​និស្សិត៖ ជា​កិច្ចការ​សង្គម ឬ​ដើម្បី​នយោបាយ?

ការបង្កើតជាសមាគមយុវជន ឬនិស្សិត នៅតាមបណ្តាសាកលវិទ្យាល័យរដ្ឋ និងឯកជននានានៅក្នុងប្រទេសកម្ពុជា វាជាចំណែកមួយ ចូលរួមក្នុងកិច្ចការសង្គម និងជួយជំរុញឲ្យប្រទេសជាតិមានការរីកចំរើន។ ប៉ុន្តែ ការបង្កើតសមាគមនេះ ត្រូវបានអ្នកវិភាគខ្លះមើលឃើញថា បានធ្វើឡើង ដើម្បីបម្រើឲ្យគណបក្សនយោបាយ ឬក៏អ្នកមានលុយកាក់មួយចំនួន។
  • ដោយ: សុខ ចាន់
  • កែប្រែចុងក្រោយ: November 15, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបង្កើតជាសមាគមយុវជន ឬនិស្សិត នៅតាមបណ្តាសាកលវិទ្យាល័យរដ្ឋ និងឯកជននានានៅក្នុងប្រទេសកម្ពុជា វាជា ចំណែកមួយ ចូលរួមក្នុងកិច្ចការសង្គម និងជួយជំរុញឲ្យប្រទេសជាតិមានការរីកចំរើន។ ប៉ុន្តែ ការបង្កើតសមាគមនេះ ត្រូវបាន​អ្នកវិភាគខ្លះមើលឃើញថា បានធ្វើឡើង ដើម្បីបម្រើឲ្យគណបក្សនយោបាយ ឬក៏ក្រុមមនុស្សមួយចំនួន ប្រើប្រាស់​ដើម្បី​មហិច្ឆតារបស់ខ្លួន ហើយចង់​យកយុវជន មកធ្វើជាឈ្នាន់ សម្រាប់ដំណើរទៅមុខរបស់ខ្លួន ឬក្រុមខ្លួន។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១១ ក្រសួង អប់រំយុវជននិងកីឡា បានអនុម័ត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៏​យុវជនកម្ពុជា ដែលមាន១២ចំណុចធំៗ ក្នុងនោះ មានការបង្កើនអោយមានកាន់តែខ្លាំង នូវការចូលរួមរបស់យុវជនក្នុងសង្គម និងការងារស្ម័គ្រចិត្ត។ ត្រង់ចំណុចនេះ លោកកែម ឡី អ្នកវិភាគឯករាជ្យទៅលើបញ្ហាសង្គម បានមើលឃើញថា ការចូលរួម របស់យុវជន នៅក្នុងការសម្រេចចិត្ត និងកិច្ចការងារសង្គម គឺនៅមានកម្រិតនៅឡើយ។ លោកពន្យល់ថា «ការចូលរួមរបស់​យុវជនមានប្រាំដំណាក់កាល។ ទីមួយគឺ ការមិនចួលរួម។ ទីពីរការចូលរួមអសកម្ម មានន័យថាគ្រាន់តែចូលស្តាប់មិន បញ្ចេញយោបល់។ ទីបីការចូលរួមដោយបញ្ចេញសម្លេង សួរឆ្លើយ។ ទីបួន យុវជនមិនទាន់អាចធ្វើជាដៃគូ ដូចជាយក សម្លេង​បោះ​ឆ្នោត។ និងទីប្រាំ ការចូលរួមពេញទំហឹង។»

លោកកែម ឡី បានលើកពី ផលវិជ្ជមាន និងអវិជ្ជមាន ពីការចូលរួមរបស់យុវជន យ៉ាងដូច្នេះថា «ផលវិជ្ជមាននោះ គឺយុវជន​មានបណ្តាញគ្រប់ទីកន្លែង បណ្តុះបណ្តាលយុវជន ក្នុងការអភិវឌ្ឍន៏ឲ្យក្លាយជាអ្នកដឹកនាំ ចូលរួមក្នុងឆាកនយោបាយ និង​មានការស្ម័គ្រចិត្ត ក្នុងការងារសង្គម ដូចជាវាស់វែងដីធ្លី ជួនប្រជាពលរដ្ឋជាដើម។ ប៉ុន្តែចំពោះផលអវិជ្ជមានវិញ យុវជន​ត្រូវ​បានគេក្តោបយក ដើម្បីកេញចំណេញ ផលប្រយោជន៏នយោបាយ និងរិតត្បិតយុវជនក្នុងឆាកនយោបាយ ពីគណបក្ស​ផ្សេងៗ។»

ចំណែកឯការបង្កើតសមាគម នៅតាមបណ្ដាគ្រឹស្ថានសិក្សានានា លោកកែម ឡី យល់ថាជាការល្អមួយ។ តែនៅរាល់ការ​បង្កើត គេត្រូវតែផ្តល់ឪកាស អោយនិស្សិតជាសមាជិក បានចូលរូមជាមួយគ្រឹស្ថានទាំងនោះ ក្នុងការតាមដានគុណភាព​​អប់រំ និងគុណភាពសិក្សារបស់សិស្សជាដើម។ ទាក់ទងនឹងការបើកសមាគម ដើម្បីធ្វើនយោបាយ លោកបានបកស្រាយថា យុវជនកម្ពុជា មិនទាន់អាចឈានដល់ ការធ្វើជាដៃគូរបស់រដ្ឋាភិបាល និងថែមទាំងមិនទាន់ អាចចូលរួមធ្វើកិច្ចការទាំងនោះ អោយបានពេញលេញនៅឡើយ។ ដូច្នេះការបង្កើតសមាគម របស់យុវជនមួយចំនួននោះ មានផលប្រយោជន៏​នយោបាយ​ច្រើនជាង ការចូលធ្វើការងារបម្រើសង្គម។

លោក រឿត សុខុន បានលើកឡើងពីគោលបំណង នៃការបង្កើតសមាគមនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែល​លោកធ្លាប់ធ្វើជាប្រធាននោះ ថាចង់ជួយសម្រួលការងារដល់យុវជន ជាពិសេសជួយដល់និស្សិត ដែលមកពីបណ្តា​ខេត្ត​នានា មកសិក្សានៅសាកលវិទ្យាល័យនេះ។ លោក សុខុន បានលើកឡើងថា «សមាគមនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ បានធ្វើការងារជាមួយកាយរិទ្ធ និងកាកបាតក្រហមកម្ពុជា ដើម្បីស្វះស្វែងរកជំនួយ ជួយដល់និស្សិតក្រីក្រ ដែល​កំពុង​​រៀននៅ​ក្នុង​សាកលវិទ្យាល័យ និងនិស្សិតដែលជួបឧប្បតិ្តវហេតុ គ្រោះថ្នាក់ចរាចរណ៍ជាដើម»។ លោកបានបដិសេធ​យ៉ាងមុតមាំថា សមាគមនិស្សិត ដែលលោកធ្លាប់ធ្វើជាប្រធាននេះ មិនដែលពាក់ព័ន្ធទៅនឹងនយោបាយនោះទេ។ សម្រាប់​រួប​លោកផ្ទាល់ ការបង្កើតសមាគមនេះ មានសារះសំខាន់ណាស់ចំពោះនិស្សិតជាទូទៅ ព្រោះវានឹងជួយនិស្សិតឲ្យយល់ ពី​ដឹណឹងសិក្សា អាហារូបករណ៏ផ្សេងៗ និងជួយសម្របសម្រួលដល់និស្សិត ដែលមានជីវភាពក្រីក្រ។ មិនតែប៉ុណ្ណោះ និស្សិត​នឹងទទួលបាន​បទពិសោធន៏ ទាក់ទងទៅនឹងការទំនាក់ទំនង ទាំងក្នុង និងក្រៅសាលាថែមទៀតផង។

ចំណែកលោក សុខ សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ បានលើកឡើងថា ការបង្កើតសមាគម របស់​និស្សិតនៅតាមសាកលវិទ្យាល័យនានា គឺវាល្អចំពោះពូកគាត់។ លោកបានបន្ថែមថា ការបង្កើតសមាគមនេះ សុទ្ធតែបម្រើ​ផលប្រយោជន៏ របស់ពួកគេរៀងៗខ្លួន។ ប៉ុន្តែបញ្ហាដែលទាក់ទងទៅនឹង ផលប្រយោជន៏នយាបាយ នៃការបង្កើតសមាគម​នេះ លោកមិនបានបញ្ជាក់លម្អិតនោះទេ ដោយគ្រាន់តែបញ្ជាក់ថា «បើសិនជាសមាគម រក្សាអព្យាក្រិតភាព មិនប្រកាន់​​បក្ស​នយោបាយ នោះជាជម្រើសរបស់ពូកគាត់»។

លោក ម៉ៅ ឆាយា ជាសមាជិកមួយរូប នៃសមាគមនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថាការចូល​ជាមួយ​​​សមាគមនេះ គឺជួយឲ្យលោកយល់ដឹងច្រើ់នពីសង្គម ជាពិសេសគឺដឹងពីរបៀបទំនាក់ទំនង ទាំងនៅក្នុង​សាកលវិទ្យាល័យ​​​ដែលលោកសិក្សា និងមនុស្សជាច្រើនផ្សេងទៀត។ លោកឆាយាបន្តថា «ខ្ញុំគិតថាការចូលជាសមាគមនេះ គឺវាមិនទាក់ទង​ទៅនឹងនយោបាយទេ ប៉ុន្តែវាជាកិច្ចការងារសង្គមសុទ្ធសាធ»៕

------------------------------------------------------------
ដោយ៖ សុខ ចាន់ - ភ្នំពេញថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាង ដោយមនោរម្យព័ងអាំងហ្វូ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...