AirAsia៖ រក​ឃើញ​ប្រអប់​ខ្មៅ​របស់​យន្ដហោះ ដោយ​ក្រុម​អ្នក​ជ្រមុជ​ទឹក

១៤ថ្ងៃនៃការរុករកកណ្ដាលសមុទ្រ បានកន្លងផុត និងទីបំផុតទៅ អាជ្ញាធរនៃប្រទេសឥណ្ឌូនេស៊ី បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​នេះ ថាបានរកឃើញប្រអប់ខ្មៅ នៃយន្ដហោះអ៊ែរប៊ូស (AirBus) របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ (AirAsia) ហើយ។
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១១ មករា ២០១៥
  • កែប្រែចុងក្រោយ: January 11, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

ក្រុម​អ្នក​ជំនាញ​ខាង​ជ្រមុជ​ទឹក បាន​រក​ឃើញ​ប្រអប់​ខ្មៅ​របស់​យន្ដហោះ​អ៊ែរប៊ូស ដែល​ភ្ជាប់​ជើង​ហោះ​ហើរ QZ8501 របស់​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែរអេសៀ ហើយ​បាន​ធ្លាក់​នៅ​កណ្ដាល​សមុទ្រ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៤ ​ជា​មួយ​នឹង​មនុស្ស​ជិះ​១៦២​នាក់ នោះ​ហើយ។ នេះ​បើ​តាម​ការ​អះអាង របស់​អ្នក​ទទួល​ខុស​ត្រូវ​មួយ​រូប​ នៃ​ក្រសួង​គមនាគមន៍​ឥណ្ឌូនេស៊ី។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​អាច​យក​វា ឡើង​មក​លើ​បាន​នៅ​ឡើយ ដោយ​សារ​តែ​វា​ជាប់​គាំង នៅ​ក្រោម​បំណែក​ធំៗ​របស់​យន្ដហោះ។

ប្រអប់​ខ្មៅ ដែល​តាម​ការ​ពិត​មាន​ពណ៌​ទឹក​ក្រូច​នោះ ជា​ឧបករណ៍​ថត​ទុក​នូវ​គ្រប់​ព្រឹត្តិការណ៍​ទាំង​អស់ មាន​រួម​ទាំង​ការ​ជជែក​គ្នា​រវាង​អ្នក​បើក​បរ​យន្ដហោះ ការ​ជួប​ហេតុ​ភេទ​អ្វី​មួយ និង​លក្ខណៈ​នៃ​ការ​បើក​បរ​យន្ដហោះ​ចុង​ក្រោយ នៅ​ក្នុង​ជើង​ហោះហើរ​នីមួយ។ នៅ​ពេល​ដែល​យន្ដហោះ​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់ ឧបករណ៍​ប្រអប់​ខ្មៅ​គឺ​ជា​សាក្សី​ចាំបាច់​ជាង​គេ ក្នុង​ការ​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​នៃ​គ្រោះ​ថ្នាក់​នោះ។

នៅមុនមួយថ្ងៃ បណែកកន្ទុយយន្ដហោះត្រូវបានស្រង់ឡើងមកលើ។ ពោងបណ្ដែតទឹកធំៗចំនួន២ និង​សន្ទូច​ទាញ ត្រូវបានប្រើប្រាស់ដើម្បីទាញបំណែកនេះ ឡើងមកដាក់នៅលើនាវា។ ក្រុមអ្នករុករក បាននាំ​បំណែក​កន្ទុយយន្ដហោះនោះ មកដល់ដីគោក ប៉ុន្តែមិនមានប្រអប់ខ្មៅនៅក្នុងនោះទេ។ នេះបើតាមអ្នកទទួល​ខុសត្រូវ​មួយរូប បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ក្នុងថ្ងៃដដែល។

រហូតមកដល់ពេលនេះ សាកសពរបស់ជនរងគ្រោះ ដែលស្រង់បានពីក្នុងទឹក ទើបតែមានចំនួន៤៨ប៉ុណ្ណោះ។ សូមរំលឹកដែរថា បន្ទាប់ពីបានងើបខ្លួនចេញពីទីក្រុង ស៊ូរ៉ាបាយ៉ា របស់ប្រទេសឥណ្ឌូនេស៊ី ហោះឆ្ពោះមកកាន់​ប្រទេសសាំងហ្គាពួរនោះ យន្ដហោះ QZ8501 បានជួបនឹងឧបសគ្គ ហើយអ្នកបើកបរបានសុំផ្លាស់ប្ដូរ​កំពស់​ហោះហើរ ដើម្បីគេចចេញពីពពកដ៏ក្រាស់ៗ នៅលើសមុទ្រ ហ្សាវ៉ា។ ប៉ន្តែនៅពេលដែលការិយាល័យត្រួត​ពិនិត្យ​ការ​ហោះហើរ ផ្ដល់ចម្លើយឲ្យវិញ យន្ដហោះបានបាត់ដំណឹងសូន្យឈឹង ពីពេលនោះមក៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments